ខេត្ដបាត់ដំបង៖ អាជ្ញាធរមូលដ្ឋាន ក្នុងស្រុកកម្រៀងស្នើឲ្យថ្នាក់ដឹកនាំខេត្ត ជួយដោះស្រាយបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់ ព្រោះនៅក្នុងស្រុកកម្រៀងមិនទាន់មានស្ថានីយទឹកស្អាត ប្រើប្រាស់នៅឡើយ ដោយរៀងរាល់ឆ្នាំតែងតែជួបបញ្ហាខ្វះទឹកស្អាតជាប្រចាំ។
លោក កឿន សត្យា អភិបាលរងស្រុកកម្រៀង តំណាងឱ្យឃុំទាំង ៦ នៃស្រុកកម្រៀងបានថ្លែង ក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី ២៣ ធ្នូ ឆ្នាំ ២០២០ ស្ថិតនៅវត្តអូរដា ស្រុកកម្រៀង ថា ស្រុកកម្រៀងតែងតែមានបញ្ហាប្រឈមការខ្វះខាតទឹកស្អាត ប្រើប្រាស់ ព្រោះនៅក្នុងស្រុកមិនទាន់មានស្ថានីយ៍ទឹកស្អាតនៅឡើយ ដោយរាងរាល់ឆ្នាំតែងតែជួបបញ្ហាខ្វះទឹកស្អាតជាប្រចាំ។
លោកបានស្នើឱ្យ ថ្នាក់ដឹកនាំខេត្ត ជួយដោះស្រាយ និងសាងសង់ ឱ្យមានការស្ថានីយ៍ទឹកស្អាត ដើម្បីជួយដោះស្រាយ បញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ដល់ពលរដ្ឋក្នុងស្រុកកម្រៀងផងដែរ។
លោក សុខ គង់ សមាជិកក្រុមប្រឹក្សាខេត្ត ដែលដឹកនាំវេទិការ ពិគ្រោះយោបល់នេះ មានប្រសាសន៍ឆ្លើយតបទទួលស្គាល់ថា មិនត្រឹមតែបញ្ហាប្រឈមខ្វះទឹកស្អាតប្រើប្រាស់នោះទឹ សូម្បីតែប្រភពទឹកផ្សេងៗ ក៏ខ្វះខាតដែរ។
លោកបន្តថា ថ្នាក់ដឹកនាំខេត្ត បានគិតគូរបញ្ហានេះ ដែលគ្រោងសាងទំនុបស្ទាក់ទឹកមួយ នៅចុងឆ្នាំ ២០២០ នេះ ប៉ុន្តែដោយសារកូវិដ១៩ ក៏ត្រូវលើកពេលវិញ។
លោកបន្ថែមទៀតថា ទោះយ៉ាងណាបញ្ហាប្រឈមខ្វះខាតទឹកនេះ និងលើកយកទៅពិភាក្សាជាមួយអភិបាលខេត្ត ដើម្បីធ្វើការដោះស្រាយ បញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់ ជូនពលរដ្ឋពលរដ្ឋ នាពេលខាងមុខ។
គួឲ្យដឹងថា វេទិកាសាធារណ ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ក៏មានការចូលរួម ពីមន្ត្រីស្ថាប័ន អង្គភាពជំនាញជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានឃុំទាំង ៦ ផងដែរ ។ ដោយក្នុងនោះអាជ្ញាធរឃុំ បានលើកឡើងបញ្ហាផ្សេងៗទៀត ដូចជា ទំនាស់ធីធ្លី ប្រពន្ធ័លូ បរិស្ថាន អគ្គិសនី ប្រើប្រាស់ ជាដើម៕