ដំណឹងល្អ ! អូស្រ្តាលីនឹងទិញវ៉ាក់សាំងកូវីដ-១៩ ជួយដល់កម្ពុជា

0
14

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា លោក Pablo Chiho Kang បានថ្លែងថា រដ្ឋាភិបាលអូស្រ្តាលី ត្រៀមថវិកា៣០០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជួយដល់ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ។

លោកបានថ្លែងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

លោក Pablo Chiho Kang បានឲ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលី សន្យានឹងជួយឧបត្ថម្ភគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង និងកម្មវិធីនានា ដែលកំពុងប្រតិបត្តិការនៅកម្ពុជាបន្តទៀត សំដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល, វិស័យកសិកម្ម, ការផ្គត់ផ្គង់ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងគាំទ្ររាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយគាំពារ សង្គម និងធានាសមភាពក្នុងការទទួលបាននូវសេវាសង្គមដល់ជនពិការ និងស្រ្តីងាយរងគ្រោះ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋាភិបាលអូស្រ្តាលី នឹងចូលរួមគាំទ្រហិរញ្ញប្បទានមានទឹកប្រាក់ ៣០០លានដុល្លារអូស្រ្តាលី ដល់ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសកម្ពុជាផងដែរ ក្រោមកញ្ចប់ជំនួយ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងន័យបង្ហាញពីគោលជំហររបស់រដ្ឋាភិបាលអូស្រ្តាលី ដើម្បី ឆ្លើយតបទៅនឹងការបញ្ឍប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ ដល់កម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍»។

លោករៀបរាប់ថា កម្មវិធីនេះ នឹងផ្តោតលើសមាសភាព៣ សំខាន់ៗ រួមមាន៖ ការធ្វើ កិច្ចលទ្ធកម្ម, ការផ្តល់ប្រឹក្សាបច្ចេកទេស (ការដឹកជញ្ជូន និងការរក្សាទុកនូវវ៉ាក់សាំង) និង ការផ្តល់ការបណ្តុះ បណ្តាលដល់ក្រុមការងារសុខាភិបាល។

ជាការឆ្លើយតបលោក អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះគំនិតផ្តួចផ្តើមនេះ និងបានជម្រាប ទៅលោកអគ្គរដ្ឋទូតផងដែរថា, ផ្អែកតាមអនុសាសន៍ ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី, បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំកិច្ចប្រជុំ ជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ទាំងពហុភាគី និងទាំងទ្វេភាគី ជាពិសេស អង្គការសុខភាពពិភពលោក (WHO) ដើម្បីពិភាក្សាអំពីគម្រោង លទ្ធកម្មទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងកម្មវិធី ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងគោលបំណងទទួលបាននូវព័ត៌មាន គ្រប់ជ្រុង ជ្រោយ, ស័ក្តសិទ្ធិភាព នៃផែនការ និងសកម្មភាពជាយុទ្ធសាស្ត្រ ក្នុងការចាត់ចែង បញ្ជាទិញ ដើម្បីធានាបាននូវការគ្រប់គ្រងសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព នៃការប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ផ្តល់ជូនប្រជាជនកម្ពុជា ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

លោកគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងឡាយណា ដែលមានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (WHO) តែប៉ុណ្ណោះ។

ឆ្លៀតឱកាសនោះ ឯកអគ្គរដ្ឋទូតអូស្រ្តាលី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងភាពជាម្ចាស់ ប្រកបដោយបុរេសកម្មលើកិច្ចការ ប្រយុទ្ធប្រឆាំងនឺងជំងឺរាតត្បាត ជាសកលនេះ និងបានបង្ហាញជំហរច្បាស់លាស់ ក្នុងការត្រៀមខ្លួនជាស្រេច ក្នុងបន្តសកម្មចូលរួមជាមួយ រាជរដ្ឋាភិបាលថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here