ការចុះផ្សាយថាបុរសជនជាតិវៀតណាម ឆ្លងចូលវៀតណាមខុសច្បាប់ ពីកម្ពុជាមានវីរុសកូរ៉ូណាថ្មី គឺមិនត្រឹមត្រូវឡេីយ

0
20

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាសូមច្រានចោលទាំងស្រុងនូវការចុះផ្សាយមិនត្រឹមត្រូវរបស់សារព័ត៌មានវៀតណាមឈ្មោះ VN Express International ដែលបានសរសេរដោយឈ្មោះ Cuu Long – Phuoc Tuan និងចុះផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៥:៣០ pm (GMT +7) ដែលមានចំណងជេីងថា បុរសម្នាក់ចូលវៀតណាមខុសច្បាប់ពីកម្ពុជា តេស្តវិជ្ជមានកូរ៉ូណាថ្មី (Man illegally entering Vietnam from Cambodia tests positive for novel coronavirus)។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានពន្យល់ថាការច្រានចោលខាងលើនេះ
ដោយហេតុផលដូចតទៅ៖
1. តាមការឆែកនៅគ្រប់ច្រកចូលពីប្រទេសថៃ ដែលកម្ពុជាកំពុងតែគ្រប់គ្រងពលករខ្មែរនិងអ្នកដំណេីរចូលកម្ពុជាដោយហ្មត់ចត់នៅតាមបណ្តាខេត្តដែលមានច្រកតាមព្រំដែនថៃ គឺមិនមានបុរសជនជាតិវៀតណាមឈ្មោះនេះដែលឆ្លងចូលមកកម្ពុជានៅថ្ងៃទី២៣ និង២៤ ខែធ្នូ រួមទាំងច្រកបាវិតនៅខេត្តស្វាយរៀងផងដែរក៏មិនមានករណីបុរសជនជាតិវៀតណាមនេះឆ្លងចេញពីកម្ពុជាដែរ។

2. បុរសនេះជាជនជាតិវៀតណាម តែបែរជាដាក់ថា ចូលវៀតណាមខុសច្បាប់ទៅវិញ។ តេីនេះជាបែប វៀតណាមចូលស្រុកខ្លួនវិញខុសច្បាប់ដែរមែនទេ?

3. បុរសជនជាតិវៀតណាមរូបនេះ មានឪពុកម្តាយនៅ ខេត្តវិញឡុង ដែលពួកគាត់ រួមជាមួយប៉ូលីសម្នាក់និងបុគ្គលិកសុខាភិបាល ៤នាក់ទៀត ត្រូវបានដាក់ឲ្យធ្វេីចត្តាឡីស័កនៅ មជ្ឈមណ្ឌលវេជ្ជសាស្ត ស្រុកម៉ាងធីត (The Mang Thit District Medical Center)។

4. នៅក្នុងអត្ថបទនេះ បានបញ្ជាក់រួចហេីយថា បុរសឈ្មោះ Le Thuc Tri អាយុ ៣២ឆ្នាំ ដែលតេស្តវិជ្ជមាន ដោយវិទ្យាស្ថានប៉ាស្ទ័រទីក្រុងហូជីមិញ មិនទាន់មានការបញ្ជាក់ពីក្រសួងសុខាភិបាលវៀតណាមថាមានវីរុសកូវីដ-១៩ នោះទេ។
5. បុរសជនជាតិវៀតណាមរូបនេះ បានធ្វេីដំណេីរមកពីប្រទេសភូមា មកប្រទេសថៃតាមឡានដឹកទំនិញ (Truck) នៅថ្ងៃទី១៥ ខែធ្នូ ហេីយស្នាក់នៅប្រទេសថៃរហូតដល់ថ្ងៃទី២២។ បន្ទាប់មក បុរសនេះរួមដំណេីរជាមួយបុគ្គល ៦នាក់ផ្សេងទៀតជិះឡានដឹកទំនិញមកកម្ពុជានៅថ្ងៃទី២៣ ហេីយបានឆ្លងកាត់ច្រកព្រំដែនចូលខេត្តតៃនិញនៅថ្ងៃទី២៤ និងបន្តទៅទីក្រុងហូជីមិញតាមរថយន្តក្រុង ទៅវិញឡុង ទៅផ្ទះម្តាយគាត់នៅទីនោះ ដែលម្តាយគាត់រាយការណ៌ទៅអាជ្ញាធរនិងដាក់បុរសនេះធ្វេីចត្តាឡីស័កនៅថ្ងៃទី២៤។

6. ដូច្នេះ ការចុះផ្សាយរបស់សារព័ត៌មានវៀតណាមខាងលេី ដែលថាបុរសជនជាតិវៀតណាមឆ្លងចូលវៀតណាមខុសច្បាប់ពីកម្ពុជាមានវីរុសកូរ៉ូណាថ្មី នោះ គឺមិនត្រឹមត្រូវឡេីយ ហេីយក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុងនូវព័ត៌មានចុះផ្សាយមិនត្រឹមត្រូវរបស់សារព័ត៌មានវៀតណាមឈ្មោះ VN Express International ដែលបានចុះផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៥:៣០ pm (GMT +7) នេះ។ ក្រសួង ស្នេីសុំឲ្យភាគីវៀតណាមគោរពក្រមសីលធ៌មវិជ្ជាជីវ:ឲ្យបានត្រឹមត្រូវ និងឲ្យមានការសហការគ្នាល្អក្នុងការផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវ មុននឹងមានការចុះផ្សាយជាសាធារណ: ដេីម្បីរក្សានូវសេចក្តីថ្លៃថ្នូរ កិច្ចសហប្រតិបត្តិការល្អ និងមានភាពត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here