ស្វាកាចៗនៅប្រាសាទបាយ័ន នឹងត្រូវយកចេញទៅព្រលែង ក្នុងព្រៃក្រៅឧទ្យានអង្គរ តែត្រូវធ្វើចត្តាឡីស័កសិន មុនព្រលែង

0
9

ភ្នំពេញ៖ ហ្វូងសត្វស្វាកាចៗមួយចំនួន ដែលមានភាពសាំទៅនឹងមនុស្ស និងការផ្តល់នំចំណីដោយមនុស្ស បានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម។ តាមរយៈនេះ សត្វស្វាទាំងនោះបានចេញចូល រកចំណីក្នុងតំបន់ប្រាសាទផងដែរ។ ក្នុងការស្វែងរកចំណីនោះ សត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់ដល់ភ្ញៀវទេសចរ ដោយផ្ទាល់តែម្តង។ លើសពីនេះ សត្វស្វាក៏បានបង្កហានិភ័យ ដល់ប្រាង្គប្រាសាទដូចជា រុញឲ្យជ្រុះនូវថ្មប្រាសាទ និងធ្វើឲ្យខូចខាតនូវផ្ទាំងបដា ព័ត៌មានផ្សេងៗទៀតផង។ ប្រការនេះចាំបាច់ត្រូវយកចេញ ដើម្បីបញ្ជៀសបញ្ហាផ្សេងៗនាពេលអនាគត។ នេះបើតាមហ្វេសប៊ុក អជ្ញាធរជាតិអប្សារា។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការចាប់យកសត្វស្វាកាចៗទាំងនោះ ចេញពីតំបន់អង្គរទៅធ្វើចត្តាឡីស័ក មុននឹងព្រលែងចូលព្រៃធម្មជាតិ ផ្សេងទៀតក្រៅពីឧទ្យានអង្គរ។ តាមគម្រោង ការងារនេះនឹងចាប់ផ្តើមពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នាប្រាសាទបាយ័ន។

លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ប្រាប់ថា លោកមិនទាន់ដឹងពីចំនួនពិតប្រាកដ នៃចំនួនសត្វស្វាដែលត្រូវនាំចេញនៅឡើយទេ។ លោកបន្ថែមថា ការងារនេះមានកិច្ចសហការ ជាមួយរដ្ឋបាលព្រៃឈើ ដែលមានមន្រ្តីជំនាញក្នុងការធានាថា ការចាប់សត្វស្វាចេញពី តំបន់អង្គរមានសុវត្ថិភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here