រដ្ឋមន្រ្តីក្រសួងរ៉ែ៖​ កម្ពុជាក្លាយជាប្រទេសផលិតប្រេងក្នុងចំណោមប្រទេសលើពិភពលោក ​ដែលកូនខ្មែរសម័យតេជោ គួរមានមោទកភាព

0
27

ភ្នំពេញ៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែនបានប្រកាសពី សមិទ្ធផលប្រវត្តិសាស្ត្រីថ្មី នៃនយោបាយឈ្នះឈ្នះ គឺការទទួលបានដំណក់ប្រេងលើកដំបូង រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានលើកឡើងថា កម្ពុជាបានក្លាយជាប្រទេសផលិតប្រេងមួយ ក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោក ហើយការក្លាយខ្លួន ជាប្រទេសផលិតប្រេងនេះ គឺកូនខ្មែរសម័យតេជោ គួរមានមោទកភាព។

តាមរយ:លិខិតអបអរសាទរ ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោក ស៊ុយ សែម បានលើកឡើងថា “ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានថ្ងៃនេះ ជាលទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃជោគជ័យ របស់ជាតិកម្ពុជាទាំងមូល ដែលយើងខ្ញុំព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស បានទន្ទឹមរង់ចាំជាច្រើនជំនាន់មកហើយ។ ថ្ងៃនេះកម្ពុជាបានក្លាយជាប្រទេសផលិតប្រេងមួយដែរ ក្នុងចំណោមប្រទេសមួយចំនួនតូច ក្នុងពិភពលោកដែលកូនខ្មែរសម័យតេជោ គួរមានមោទនភាព”។

លោកបានបន្តថា ក្ដីស្រមៃជាយូរមកហើយបានក្លាយជាការពិត ក៏អាស្រ័យដោយ សន្តិភាពយូរអង្វែង ដែលសម្ដេចតេជោបានកសាង និងថែរក្សាដោយយកជីវិតជាដើមទុន លើសពីនេះទៅទៀតការដឹកនាំដ៏ភ្លឺស្វាងបានផ្តល់នូវទំនុកចិត្ត សម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការដាក់ទុនដ៏សន្ធឹកសន្ធាប់ និងជាបន្តបន្ទាប់ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកលើកឡើងទៀតថា ទោះជាវិស័យប្រេងកាត ដែលត្រូវការវិនិយោគខ្ពស់ហើយ ត្រូវប្រឈមហានិភ័យខ្ពស់ដូចគ្នា ក៏តួអង្គទាំងឡាយនៅក្នុងជោគជ័យថ្ងៃនេះ នៅតែជម្នះបានដោយក្ដីជឿជាក់ក្នុងចិត្ត និងក្នុងការដឹកនាំរបស់សម្ដេចតេជោ។

ដំណក់ប្រេងដំបូងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោក ដ៏លំបាកគំរាមកំហែង ដោយមេរោគរាតត្បាត កូវីដ-១៩ គឺជាសក្ខីភាពនៃការខំប្រឹងប្រែងអំណត់ព្យាយាម និងពុះពារលុះត្រាសម្រេចបានរបស់រាជរដ្ឋាភិបាល និងវិនិយោគិន ដែលគួរឲ្យកោតស្ញប់ស្ញែងបំផុត។

សូមរំលឹកថា ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗ និងសំខាន់ៗ ដែលបានសាងសង់ តម្លើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុក A សម្រាប់ដំណើរការផលិតកម្មជារួមមាន៖
-ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាង នៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០។

-កប៉ាល់ផលិតកម្មប្រេងបានតម្លើង ជួសជុល និងបំពាក់សម្ភារ: បរិក្ខារួចរាល់នៅខែកញ្ញា ២០២០ នៅប្រទេសសឹង្ហបុរី និងបានដឹកមកដល់និងតម្លើងរួចរាល់នៅប្លុក A នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី ៩ ខែវិច្ឆិកា ២០២០។

អណ្តូងប្រេងទីមួយបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូងនៅថ្ងៃទី២៩ ខែធ្នូ២០២០ នេះ។ ក្រៅពីនេះមានអណ្តូងប្រេងចំនួនពីរទៀត ក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here