ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ បន្តរស់នៅក្នុងប្រទេសថៃបន្តទៀត ចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះថាតាំងពីថ្ងៃទី២០ ខែធ្នូ រហូតមកដល់ពេលនេះ មិនទាន់មានពលករខ្មែរ ដែលនាំជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើង នៅប្រទេសថៃ ចូលមកកម្ពុជានោះទេ។
សម្តេចតេជោ ហ៊ុន សែន សម្តែងការកោតសរសើរក្រសួងសុខាភិបាល មន្រ្តីពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលចូលរួមទប់ស្កាត់កូវីដ១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងអំណរគុណដល់ដៃគូ អង្គការសុខភាពពិភពលោក ដែលចូលរួមចំណែកក្នុងការទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
សម្តេចតេជោ បន្តថា ឆ្លងកាត់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា យើងបានកំពុងប្រយុទ្ធនឹងសមរភូមិ៣ រួមមានទី១៖ គឺការនាំចូល, ទី២៖ គឺការឆ្លងក្នុងសហគមន៍ដែលទើបនឹងឆ្លងកាលពីថ្ងៃទី២៨វិច្ឆិកា និង ទី៣៖ គឺការព្យាបាលឱ្យជាសះស្បើយ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកថា កាលមុនកម្ពុជាជាប់លេខ១នៅអាស៊ី និងលេខ៣ នៅលើពិភពលោក ក្នុងការទប់ស្កាត់កូវីដ១៩ ប៉ុន្តែពេលនេះកម្ពុជាជាប់លេខ១លើពិភពលោក ក្នុងការទប់ស្កាត់កូវីដ១៩។ ទោះជាទទួលបានចំណាត់ថ្នាក់ល្អ ប៉ុន្តែយើងមិនត្រូវត្រេកអរទេ ដោយសារតែបញ្ហាកូវីដ១៩ នៅលើពិភពលោក មិនទាន់បិទបញ្ចប់ទេ។
ទាក់ទងទៅនឹងវិស័យអប់រំ សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើកបវេសនកាល ហើយសាលារៀនឯកជនអាចចាប់ផ្ដើមពីពេលនេះតទៅបានហើយ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការជួបជុំណាមួយដែលមិនចាំបាច់ មិនបាច់ជួបជុំទេ ដូចជាការប្រជុំរបស់រដ្ឋ អាចបន្តធ្វើតាមអនឡាញបាន។
សម្តេចតេជោ ជំរុញឱ្យម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងមណ្ឌលសេវាកម្មទេសចរណ៍ រៀបចំវិធានការដើម្បីទប់ស្កាត់កូវីដ១៩ ហើយផ្តល់សិទ្ធិឱ្យអាជ្ញាធរចុះបិទតែម្តង បើសិនមិនអនុវត្តវិធានការសុវត្ថិភាព។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការឆ្លងជាសហគមន៍ជាថ្មីម្តងទៀតក្រោយបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។
សូមរំលឹកថាគិតមកត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៦៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦០នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន៤នាក់។ សម្រាប់អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វិញ រកឃើញវិជ្ជមានចំនួន ៤១នាក់ ក្នុងនោះបានជាសះស្បើយ៣៨នាក់ និង៣នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ៕