ភ្នំពេញ៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភ្នំពេញស្រុកវាលវែង បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ក្នុងឃុំអូរសោមទាំងមូល សូមបញ្ឈប់ និងធ្វើការដកខ្លួនជាបន្ទាន់ ជុំវិញការកាប់រាន ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ ឬលក់ឱ្យជនចំណាកស្រុកទាំងឡាយទាំងពួង បើពុំដូច្នោះទេនឹងប្រឈមមុខចំពោះផ្លូវច្បាប់។ នេះបើយោងតាមរដ្ឋបាលខេត្តពោធិ៍សាត់។
ការអំពាវនាវបែបនេះ បានធ្វើឡើងក្នុងឱកាសចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋមកពី៦ភូមិ ក្នុងឃុំអូរសោម សរុបចំនួន៨៩៧នាក់ លើ៤ទីតាំងផ្សេងគ្នានាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។
លោកម៉ៅ ធនិន បានថ្លែងថា ជាការពិតណាស់ថា ព្រឹត្តការណ៍សហគមន៍កម្ពុជា នាថ្ងៃទី២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់ក៏ពិតមែន ក៏ប៉ុន្តែព្រឹត្តិការណ៍សហគមន៍ថៃ នាថ្ងៃទី២០ ធ្នូ នៅតែជាចំណោទបញ្ហា។
លោកបន្ថែមថា ប្រជាពលរដ្ឋ ដែលមានបងប្អូនទើបនឹងវិលត្រឡប់មកពីប្រទេសថៃ ត្រូវណែនាំពួកគាត់ឱ្យចូលរួមធ្វើចត្តាឡីសក្តិទាំងអស់គ្នា ដោយឡែកប្រជាពលរដ្ឋទូទាំងខេត្ត និយាយជារួមនឹងនិយាយដោយឡែកប្រជាពលរដ្ឋក្នុងឃុំអូរសោមនេះផ្ទាល់តែម្តង ត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ជៀសវាងការឆ្លងចូលដល់សហគមន៍។
លោកបានបន្តថា ថ្មីៗនេះ សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ឆ្វៀលដីអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយ ជូនប្រជាពលរដ្ឋក្នុងស្រុកវាលវែងក៏ពិតមែន ក្នុងនាមអាជ្ញាធរខេត្ត បានបង្កើតគណៈកម្មការខេត្ត ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជុំវិញដីទាំងឡាយណា ដែលទើបនឹងកាប់រានថ្មី និងប៉ះពាល់ក្នុងដែនការពារបរិស្ថាន ជៀសវាងកុំឱ្យជនឆ្លៀតឱកាស យករឿងដីធ្លី ធ្វើឱ្យមានការដាក់ទោសទណ្ឌមកលើបងប្អូនយើង។
លោកអភិបាលខេត្តឲ្យដឹងទៀតថា ការចង់បានត្រូវមានកម្រិត តែបើការចង់បាននោះជាអំពើខុសនឹងច្បាប់ យើងនឹងទទួលទោសតាមអ្វីដែលយើងធ្វើ។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្តបានស្នើដល់អាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវពិនិត្យជាក់ស្តែង ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលស៊ីឈ្នួលជាកម្មករគេ មានដីធ្វើផ្ទះ តែគ្មានដីអាស្រ័យផល អ្នកទាំងនោះអាចនឹងត្រូវផ្តល់លទ្ធភាពមុនគេ៕