នោះ! គេហទំព័រហ្គេម Neopets នៅតែបន្តបែកធ្លាយទិន្នន័យ របស់អ្នកប្រើប្រាស់

0
10

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា គេហទំព័រហ្គេម Neopets គឺជាហ្គេមដែលពេញនិយមមួយស ម្រាប់ក្មេងៗតាំងពីឆ្នាំ១៩៩៩ ដែលអាចឱ្យពួកគេថែទាំនិងចិញ្ចឹមសត្វ និងអាចទិញរបស់របរសម្រាប់ ការចិញ្ចឹមនោះដោយប្រើប្រាស់ពិន្ទុ ដែលពួកគេទទួលបានពីការលេងហ្គេម (Neopoints) ឬអាចទិញដោយប្រើលុយមែនទែនក៏បាន។ ប៉ុន្តែនាពេលថ្មីៗនេះអ្នកស្រាវជ្រាវ John Jackson បានរកឃើញថា ទិន្នន័យរបស់អ្នកប្រើប្រាស់ជាច្រើន រាប់បញ្ចូលទាំងអាសយដ្ឋានសម្គាល់ឧបករណ៍ (IP addresses) ត្រូវបានបែកធ្លាយ។

លោក Jackson បានចាប់ផ្ដើមធ្វើការស្រាវជ្រាវ ទៅលើគេហទំព័រនេះ បន្ទាប់ពីគាត់បានឃើញទិន្នន័យ របស់អ្នកប្រើប្រាស់ត្រូវបានដាក់លក់ នៅក្នុងគេហទំព័រពិភាក្សាមួយចំនួន។ បន្ទាប់ពីលោកបានប្រើឧបករណ៍ កោសល្យវិច្ច័យដើម្បីស្កែនគេហទំព័រនេះ លោកអាចទាញយកទិន្នន័យជាច្រើនដូចជា អ៊ីមែលរបស់បុគ្គលិក និង IP addresses របស់អ្នកប្រើប្រាស់ជាដើម ហើយជាងនេះទៅទៀត លោកក៏អាចមើលឃើញនូវ IP addresses ផ្ទៃក្នុងរបស់កម្មវិធីនេះបានទៀតផង។

ទោះបីជាលោក Jackson គិតថាភាពចន្លោះប្រហោងនេះ គឺជាបញ្ហាដ៏ធំមួយដែលអាចនាំឱ្យ មានការវាយប្រហារទាញ យកទិន្នន័យដ៏ធំមួយក្ដី ក៏ក្រុមហ៊ុនបានឆ្លើយតបវិញថា ភាពចន្លោះប្រហោងនេះគឺជាបញ្ហាតូចតាច ហើយមានតែទិន្នន័យបន្តិចបន្តួច ដែលអាចទាញយកបាន ម្យ៉ាងវិញទៀតក្រុមហ៊ុន ក៏បានបញ្ជាក់ផងដែរថា អ៊ីមែលរបស់បុគ្គលិក ដែលពួកគេទាញបាននោះ គឺជាអ៊ីមែលក្លែងក្លាយចាស់ៗ ដែលគេបង្កើតឡើងសម្រាប់ ធ្វើការសាកល្បងតែប៉ុណ្ណោះ។

សូមបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនបានទទួលស្គាល់ថា បានធ្វើឱ្យបែកធ្លាយទិន្នន័យ របស់អ្នកប្រើប្រាស់ចំនួនប្រមាណ ២៧លាននាក់ មានដូចជា ឈ្មោះសម្គាល់សម្រាប់ចូលទៅក្នុងគេហទំព័រ (Username), លេខសម្ងាត់ (Password), IP addresses និងទិន្នន័យឯកជនភាពជាច្រើនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here