ភ្នំពេញ៖ ក្រុមការពារសម្បុកនៃអង្គការ WCS សហការជាមួយរដ្ឋបាលជលផល បានរកឃើញសម្បុកកន្ធាយក្បាលកង្កែប (ឬល្មិច) លើកដំបូងចំនួនមួយសម្បុកមាន ៣២ពង នៅលើឆ្នេរខ្សាច់តាមបណ្តោយដងទន្លេមេគង្គក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ នៅដើមរដូវពងកូនចុងឆ្នាំ ២០២០នេះ។
យោងតាមអង្គការ WCS បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ កន្ធាយក្បាលកង្កែបចាប់ផ្តើមធ្វើការបន្តពូជចន្លោះពីខែវិច្ឆិកា ដល់ខែ ឧសភា។ បច្ចុប្បន្ន ក្រុមសហគមន៍ការពារសំបុក កំពុងយាមការពារសម្បុកនេះដើម្បីកុំឱ្យជនល្មើសលួចឬបំផ្លាញ។ ក្រុមការងាររំពឹងថានឹងអាចរកឃើញសម្បុកពងកូនរបស់កន្ធាយក្បាលកង្កែបដែលជាប្រភេទជិតផុតពូជបំផុតនេះបន្ថែមទៀតក្នុងរដូវកាលពងកូនចុងឆ្នាំនេះនិងដើមឆ្នាំក្រោយ។
កម្មវិធីការពារសំបុកនេះទទួលបានការគាំទ្រថវិកាពីសហភាពអឺរ៉ុបក្រោមគម្រោង«ភាពជាដៃគូប្រឆាំងបទល្មើសសត្វព្រៃ» Margaret A. Cargill និងគម្រោងព្រៃឡង់បៃតងគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID (USAID-GPL)៕