ភ្នំពេញ៖ សហភាពអឺរ៉ុប អាល្លឺម៉ង់ និង បារាំង រួមគ្នាវិនិយោគ ទឹកប្រាក់សរុប ១១៥លានដុល្លាអាមេរិក សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ ក្នុងប្រទេសកម្ពុជា។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់សហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី៣១ ធ្នូនេះ បានឲ្យដឹងថា តំណាងរាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និង សហភាពអឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសម្រាប់គម្រោង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា (RID4CAM) ដែលគម្រោងនេះមានគោលដៅ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនបទ ទំនាបកណ្តាលនៃប្រទេសកម្ពុជា។
RID4CAM មានគោលដៅផុ្តល់ហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍបណ្តាញផ្លូវថ្នល់ក្នុងខេត្តមួយចំនួន នៅតំបន់ទំនាបកណ្តាលនៃប្រទេស ដែលមានចំនួនប្រជាជនច្រើន និងងាយរងគ្រោះបំផុតដោយសារ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការកសាងបន្ថែមនូវ ហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យទឹកស្អាត និងអនាម័យ កសិកម្ម សុខាភិបាល និងអប់រំ។ គម្រោងនេះក៏នឹងពង្រឹងសមត្ថភាព របស់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែរ។
លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំជឿថា គម្រោងក្រុមអឺរ៉ុបថ្មីមួយនេះ ដែលរួមគ្នារវាងអាល្លឺម៉ង់ បារាំង និងសហភាពអឺរ៉ុប នឹងផ្តល់ផលជាវិជ្ជមានដល់ជីវិត ប្រជាជនកម្ពុជានៅទីជនបទរាប់ម៉ឺនគ្រួសារ។ ការតភ្ជាប់ដ៏ប្រសើរជាងមុនទៅកាន់ទីផ្សារ និងទទួលបានសេវាកម្មផ្សេងៗ គឺជាគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ និងភាពមិនស្មើគ្នាក្នុងសេដ្ឋកិច្ច ហើយក៏នឹងបង្កើតឱកាសការងារថ្មីៗ តាមបណ្តាលខេត្តផ្សេងៗផងដែរ។ វាពិតជាសំខាន់ណាស់ក្នុងការ ជួយស្តារឡើងវិញពីវិបត្តិកូវីដ១៩។ លើសពីការស្តារផ្លូវជនបទ យើងនឹងផ្តោតសំខាន់លើដំណើរការ ប្រព័ន្ធសមស្របដើម្បីថែទាំផ្លូវ ជនបទទាំងនោះយ៉ាងទៀងទាត់”។
RID4CAM គឺជាហិរញ្ញប្បទានរួមគ្នារវាង ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)តំណាងឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប។ ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ផ្តល់ជាកម្ចី និងជំនួយសរុប ៣៧,១ លានអឺរ៉ូ កម្ចីរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ៥០លានអឺរ៉ូ និង ជំនួយរបស់សហភាពអឺរ៉ុបចំនួន ៨,៧៣លានអឺរ៉ូ៕