ភ្នំពេញ៖ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ បានថ្លែងថា រយៈពេលពេញមួយឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា ចំនួន៣១៧៩លើក ហេីយមានការថយចុះផងដែរ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ស ខេង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០ បានបញ្ជាក់ថា«រយៈពេលពេញមួយឆ្នាំ២០២០នេះ ពោលគឺចាប់ពីខែមករា ដល់ខែធ្នូ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានថយចុះគួរឱ្យកត់សំគាល់ បើប្រៀបធៀបនឹងឆ្នាំ២០១៩»។
សម្ដេច បន្ដថា បេីតាមរបាយការណ៍បង្ហាញថា នៅឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍បានថយចុះ ចំនួន៩៤២លើក ស្មើនឹង២៣ភាគរយ ។ ពោលគឺនៅឆ្នាំ២០២០មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣១៧៩លើក ខណៈកាលពីឆ្នាំ២០១៩មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន៤១២១លើក។
សម្ដេច បន្ថែមថា ការថយចុះជាង២០ភាគរយនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២០ បានធ្វើឱ្យចំនួនអ្នកស្លាប់ថយចុះ៣៣៥នាក់ ស្មើ១៧ភាគរយ។ កាលពីឆ្នាំ២០១៩គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់យកអាយុជីវិតអ្នកដំណើរ១៩៨១នាក់ ប៉ុន្តែឆ្នាំ២០២០ចំនួនអ្នកស្លាប់បានថយមកនៅត្រឹមតែ១៦៤៦នាក់ ប៉ុណ្ណោះ។
ចំណែកអត្រាអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ក៏មានការថមថយដូចគ្នាដែរ គឺថយចុះចំនួន១៤៥៥នាក់ ស្មើ២៤ភាគរយ ដ្បិតនៅឆ្នាំ២០២០មានអ្នករងរបួសស៤៦៨៦នាក់ នៅគ្រាដូចគ្នាកាលពីឆ្នាំ២០១៩មានអ្នករបួសចំនួន៦១៤១នាក់។
ផ្អែកលើលទ្ធផលនេះ ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេច ស ខេង សម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
ជាងនេះទៅទៀ ត សម្ដេច ក៏បានអំពាវនាវនគរបាលចរាចរណ៍ទូទាំងប្រទេស សូមបន្តប្រកាន់ខ្ជាប់នូវការអនុវត្តតួនាទីភារកិច្ច ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងសូមបងប្អូនជនរួមជាតិទាំងអស់បន្តចូលរួមគោរពច្បាប់ និងបើកបរប្រកបដោយស្មារតីប្រុងប្រយ័ត្នដើម្បីយើងអាចឈានទៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតកាន់តែទាបជាងនេះ៕