ព័ត៌មានសំខាន់ៗទាំង១០ ស្តីអំពីទំនាក់ទំនង ចិន និងកម្ពុជា ប្រចាំឆ្នាំ ២០២០

0
11

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី១ ខែ មករា ឆ្នាំ ២០២១នេះបានរំលឹកឡើងវិញនូវព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ ២០២០ដែលមានជាបន្តបន្ទាប់ដូចខាងក្រោម៖

  សម្តេចតេជោ បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុង"ដំណើរបញ្ច្រាសទិស"

នាថ្ងៃទី ៥ ខែកុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ហើយសម្តេចក៏បានក្លាយជាថ្នាក់ដឹកនាំបរទេសដំបូងគេដែលបានបំពេញទស្សនកិច្ចក្នុងប្រទេសចិនក្រោយពេលដែលកំពុងតែមានការផ្ទុះឡើងនៃជំងឺវីរុសកូវីដ-១៩។ ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ច សម្តេចបានអញ្ជើញជួបពិភាក្សាជាមួយឯកឧត្តម ប្រធានាធិបតី Xi Jinping និងឯកឧត្តម នាយករដ្ឋមន្រ្តី Li Keqiang ។ ដំណើរទស្សនកិច្ចនេះ ទទួលបានការឆ្លើយតបយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ មិត្តក្នុងបណ្ដាញអ៊ីនធើណេតចិនជាច្រើនបាននិយាយថា សម្ដេចជា "បុរសសង្ហាដើរបញ្ច្រាសទិស" ព្រមទាំងយល់ថាដំណើរទស្សនកិច្ចនេះបានយកសកម្មភាពជាក់ស្តែងមកបង្ហាញពីអត្ថន័យស្នូលចម្បងនៃសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជាដែលរួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ។

លំហាត់សមយុទ្ធ"នាគមាស២០២០"ត្រូវបានរៀបចំឡើងដោយកងទ័ពចិននិងកម្ពុជា

នាថ្ងៃទី ១៥ ដល់ ៣០ ខែមីនា លំហាត់សមយុទ្ធ"នាគមាស២០២០"រវាងចិននិងកម្ពុជាត្រូវបានរៀបចំឡើងយ៉ាងជោគជ័យក្នុងទឹកដីនៃខេត្តកំពតប្រទេសកម្ពុជា។ ទាហានជើងគោកនៃកងទ័ពរំដោះប្រជាជនចិនចំនួន ២៦៥ រូប និងគ្រឿងសព្វាវុធជាច្រើនមុខសរុបជាង ២៥០ ប្រភេទ (ឈុត) មានវត្តមានក្នុងពិធីខាងលើ ហើយចំនួនសរុបនៃការចូលរួមរបស់កងទ័ពទាំងពីរលើសពី ៨០០ នាក់។ នេះជាលំហាត់បាញ់គ្រាប់ពិតនិងមានវត្តមានចូលរួមពីកងទ័ពតែមួយគត់ដែលកងទ័ពចិនបានដឹកនាំរួមគ្នាជាមួយកងទ័ពបរទេសខណៈពេលដែលកំពុងតែមានការផ្ទុះឡើងនៃជំងឺវីរុសកូវីដ-១៩ទាំងការធ្វើលំហាត់និងការការពារជំងឺវីរុស។ នេះបង្ហាញពីកម្រិតខ្ពស់នៃកិច្ចសហប្រតិបត្តិការរវាងយោធាទាំងពីរប្រទេស។

រដ្ឋាភិបាលនិងយោធាចិន បានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្ត មកកាន់ប្រទេសកម្ពុជា សម្រាប់កិច្ចទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩​

នាថ្ងៃទី ២៣ ខែមីនា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តដែលបញ្ជូនដោយភាគីចិនមកកាន់កម្ពុជាសម្រាប់កិច្ចទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ បានមកដល់រាជធានីភ្នំពេញតាមជើងហោះហើរពិសេស ពួកគេបានបំពេញកិច្ចការងារទប់ស្កាត់នឹងជំងឺវីរុសក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ២ សប្ដាហ៍។ នេះជាក្រុមអ្នកជំនាញទប់ស្កាត់នឹងជំងឺវីរុសទី ១ ដែលរដ្ឋាភិបាលចិនបានចាត់បញ្ជូនមកកាន់ប្រទេសជិតខាងចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសមួយនេះមក។ អំឡុងពេលនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា ពួកគេបានចុះពិនិត្យកន្លែងសំខាន់ៗដែលមានទីតាំងក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាដើម បានជួយស្ថាបនានិងកែលម្អប្រព័ន្ធទប់ស្កាត់លើជំងឺវីរុសជូនដល់ក្រសួងសុខាភិបាលកម្ពុជា ក៏ទទួលបានការវាយតម្លៃខ្ពស់ពីរាជរដ្ឋាភិបាលនិងគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា។ នាថ្ងៃទី ២៤ ខែមីនា ក្រុមអ្នកជំនាញយោធាចិនក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសបានមកដល់កម្ពុជា នេះជាក្រុមជំនាញយោធាចិនដំបូងគេបង្អស់លើកិច្ចទប់ស្កាត់នឹងជំងឺវីរុសដែលត្រូវបានចាត់បញ្ជូនមកកាន់ប្រទេសជិតខាងលើសកលលោក ក៏បានបង្ហាញពីមនោសញ្ចេតនានៃកងទ័ពទាំងពីរប្រៀបដូចបងប្អូនដែលរួមសុខទុក្ខលើក្បូនតែមួយ និងជួយគ្នាទៅវិញទៅមក។

កិច្ចសហប្រតិបត្តិការរវាង ចិន និងកម្ពុជា រួមគ្នាពុះពាររាល់ការលំបាក

ក្រោយពីមានការផ្ទុះឡើងនូវជំងឺវីរុសមក រដ្ឋាភិបាលនិងប្រជាជនចិននិងកម្ពុជាបានជួយគ្នាទៅវិញទៅមក ពុះពាររាល់ឧបសគ្គទាំងឡាយ បង្កើតបានជាគំរូសម្រាប់សហគមន៍អន្តរជាតិលើកិច្ចសហប្រតិបត្តិការទប់ស្កាត់នឹងជំងឺមួយនេះ។ ក្រោយពីមានការផ្ទុះឡើងនៃជំងឺវីរុសក្នុងប្រទេសចិនមក ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យនិងសម្ភារៈជាច្រើនអនេកជូនដល់ភាគីចិន។ ប្រជាជនកម្ពុជាដែលជាប់សែស្រឡាយចិន និងគ្រប់មជ្ឈដ្ឋានទាំងឡាយបានផ្តល់ជំនួយជាច្រើនមកកាន់ប្រទេសចិន ហើយសម្ភារៈទប់ស្កាត់នឹងជំងឺវីរុសដែលបានបញ្ជូនទៅដល់ទីក្រុង Wuhan ប្រទេសចិនមុខគេបង្អស់គឺមកពីប្រទេសកម្ពុជា។ សិស្សនិស្សិតកម្ពុជាបានពោលព្រមៗគ្នាថា ខ្លួននឹងបន្តស្នាក់អាស្រ័យក្នុងទីក្រុង Wuhan និងរួមគ្នាពុះពាររាល់ការលំបាកជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតចិន។ ក្រោយពីកម្ពុជាមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ភាគីចិនបានផ្តល់ជំនួយជាច្រើនសន្ធឹកសន្ធាប់ជូនដល់កម្ពុជា។ ដើម្បីជួយសម្រួលដល់បញ្ហាកង្វះខាតនៃវត្ថុធាតុដើមក្នុងវិស័យវាយនភណ្ឌកាត់ដេរក្នុងប្រទេសកម្ពុជា ភាគីចិនបានធានាផ្គត់ផ្គង់ជូនកម្ពុជាខណៈពេលដែលខ្លួនកំពុងតែពុះពារនូវការលំបាក។ រដ្ឋាភិបាលនិងយោធាចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តមកកាន់ប្រទេសកម្ពុជាសម្រាប់កិច្ចទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ចំនួន ២ ក្រុម ក៏បានដឹកជញ្ជូនសម្ភារៈទប់ស្កាត់នឹងជំងឺវីរុសជូនដល់ភាគីកម្ពុជាតាមរយៈយន្តហោះពិសេសចំនួន ៦ គ្រឿង សម្ភារៈទាំងនោះរួមមានឧបករណ៍ការពារនឹងជំងឺវីរុស និងNucleic acid detection reagent ជាដើម ដែលមានតម្លៃសរុបជាង ដប់លានដុល្លារសហរដ្ឋអាមេរិក។ ប្រឈមមុខជាមួយនឹងជំងឺវីរុស ចិននិងកម្ពុជាបានយកសកម្មភាពជាក់ស្តែងមកបង្ហាញពីអត្ថន័យស្នូលសំខាន់នៃសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរ។

ចិន និងកម្ពុជា បានចុះហត្ថលេខាលើពិធីសារស្តីអំពីការ នាំចេញផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន

នាថ្ងៃទី៩ ខែមិថុនា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្តម វេង សាខុន  រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃកម្ពុជាបានចុះហត្ថលេខាលើពិធីសារស្តីអំពីលក្ខខណ្ឌតម្រូវ ភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន នេះបានបង្ហាញពីទីផ្សារចិនបានបើចំហ  ថែមមួយកម្រិតទៀតជូនដល់ផលិតផលកសិកម្មកម្ពុជា ផ្លែស្វាយនឹងក្លាយជាផ្លែឈើត្រូពិកកម្ពុជាទីពីរដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនបន្តពីផ្លែចេក។

ចិន និងកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលលើកទី ៥

នាថ្ងៃទី ១៦ ខែមិថុនា ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីនៃក្រសួងការបរទេសចិន និងឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងចិននិងកម្ពុជាលើកទី ៥ រួមគ្នា ហើយកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយតាមរយៈVideo Conference ។ នេះជាកិច្ចប្រជុំយន្តការថ្នាក់ឧបនាយករដ្ឋមន្រ្តីរបស់ប្រទេសចិនដែលរៀបចំឡើងជាមួយប្រទេសជាមិត្តក្រោយពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩។ ភាគីទាំងពីរបានបូកសរុបសមិទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមាននៅក្រោយកិច្ចប្រជុំលើកទី ៤ បានរៀបចំយ៉ាងគ្រប់ជ្រុងជ្រោយសម្រាប់ការអភិវឌ្ឍន៍ដំណាក់កាលបន្ទាប់សម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីអំពីការលើកកម្រិតភារកិច្ចរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងចិននិងកម្ពុជាដែលស្ថិតក្នុងស្ថានភាពថ្មី។

ការវិនិយោគរបស់ចិន មកកាន់កម្ពុជា មានកំណើនកើនឡើងទោះបីជាស្ថិតក្នុងស្ថានភាព នៃជំងឺវីរុសកូវីដ-១៩ក៏ដោយ​

ចាប់ពីខែ មករា ដល់ ខែវិច្ឆិកា ឆ្នាំ ២០២០ ការវិនិយោគដោយផ្ទាល់របស់ចិនក្នុងប្រទេសកម្ពុជាមានចំនួន ៨៦០ លានដុល្លារសហរដ្ឋអាមេរិក បើធៀបជាមួយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ មានកំណើន ៧០%។ គម្រោង វិនិយោគសំខាន់ៗនៅកម្ពុជាបានពុះពាររាល់ផលប៉ះពាល់នៃជំងឺវីរុសកូវីដ-១៩ និងបានដំណើរការទៅមុខយ៉ាងរលូន ហើយស្ថានីយ៍អគ្គិសនី Huadian ខេត្តព្រះសីហនុដែលដើរដោយថាមពលកម្តៅបានបញ្ចប់ការតម្លើងគ្រោងដែកនៃរោងចក្រ។ ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុបានបញ្ចប់ ៣៩% នៃសំណង់វិស្វកម្មសរុប។ ចំនួនសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុមានចំនួនកើនឡើងជាបន្តបន្ទាប់ ហើយបរិមាណនៃការនាំចូលនិងនាំចេញបានឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្ត។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី(AIAI)បានចាប់ផ្តើមសាងសង់អគារ Terminal និងទីតំបន់សម្រាប់ការហោះហើរ។ ក្រុមហ៊ុន Sinomach Heavy Equipment Group CO.,Ltd បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងវិនិយោគ BOT នៃស្ថានីយ៍វារីអគ្គិសនីស្ទឹងតាតៃលើ។

ឯកឧត្តម ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តី នៃក្រសួងការបរទេសចិនបាន អញ្ជើញបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា

នាថ្ងៃទី១១ និង១២ ខែតុលា ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនបានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការក្នុងប្រទេសកម្ពុជា។ អំឡុងពេលនៃការបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា ឯកឧត្តម Wang Yi បានជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ព្រមទាំងបានចូលរួមជាសក្ខីភាពក្នុងការពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការនៃទាំងពីរប្រទេសរួមមាន "កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា" "កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសរវាងចិននិងកម្ពុជា""លិខិតប្តូរឯកសារស្តីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ"និង"លិខិតប្តូរសារស្តីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូនិងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ"ជាដើម។ ឯកឧត្តមក៏បានអញ្ជើញចូលរួមក្នុងពិធីប្រគល់និងទទួលសម្ភារៈទប់ស្កាត់នឹងជំងឺវីរុសដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា។

ចិន និងកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី

នៅថ្ងៃទី ១២ ខែតុលា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារបស់ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេសចិន ឯកឧត្តម Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃចិន និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃកម្ពុជា បានតំណាងរដ្ឋាភិបាលទាំងពីរប្រទេសចុះហត្ថលេខាលើ"កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា"តាមរយៈVideo Conference ។ នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីលើកដំបូងរបស់ប្រទេសកម្ពុជា ដែលមានកម្រិតបើកចំហខ្ពស់ មានវិសាលភាពទូលំទូលាយ និងមានសារៈសំខាន់ខ្លាំងក្នុងការជំរុញកិច្ចកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងប្រទេសកម្ពុជា។ កិច្ចចរចារព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាត្រូវបានចាប់ផ្តើមកាលពីចុងឆ្នាំ ២០១៩ ដំណើរការតែកន្លះឆ្នាំក៏ទទួលបានការឯកភាពរួមគ្នា បានបង្ហាញពីកម្រិតខ្ពស់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ឯកឧត្តម ប្រធានាធិបតីចិន បានថ្វាយគ្រឿងឥស្សរិយយស មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិនដល់សម្ដេចព្រះមហាក្សត្រី

នាថ្ងៃទី ៦ ខែវិច្ឆិកា ឯកឧត្តម ប្រធានាធិបតីចិន Xi Jinping បានរៀបចំពិធីថ្វាយគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិនដល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល យ៉ាងអធឹកអធមក្នុងមហាវិមានប្រជាជនចិន។ ឯកឧត្តមមានប្រសាសន៍ថា សម្តេចព្រះមហាក្សត្រី គឺជាសក្ខីភាពដ៏សំខាន់និងជាអ្នកជំរុញចំណងមិត្តភាពរវាងចិននិងកម្ពុជា។ គ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិនមួយនេះ បានតំណាងឱ្យមនោសញ្ចេតនានៃការគោរពយ៉ាងខ្លាំងរបស់ប្រជាជនចិនថ្វាយចំពោះសម្តេចព្រះមហាក្សត្រី និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតជូនដល់ប្រជាជនកម្ពុជា ក៏ជានិមិត្តរូបនៃចំណងមិត្តភាពដ៏ជិតស្និទ្ធបំផុតរវាងចិននិងកម្ពុជាផងដែរ។ សម្តេចព្រះមហាក្សត្រីមានព្រះរាជបន្ទូលថា ឯកឧត្តមបានថ្វាយគ្រឿងឥស្សរិយយសដល់ព្រះអង្គផ្ទាល់ នេះបានបង្ហាញពីមនោសញ្ចេតនាមិត្តភាពប្រៀបដូចបងប្អូននៃប្រទេសចិននិងប្រជាជនចិនថ្វាយចំពោះព្រះអង្គក៏ដូចជាជូនចំពោះប្រជាជនកម្ពុជា។ ព្រះអង្គពិតជាមានក្តីសោមនស្សរីករាយជាខ្លាំង និងថ្លែងអំណរគុណដោយស្មោះផងដែរ។ មុនសម្តេចព្រះមហាក្សត្រីទទួលបានគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន ក៏មានមិត្តបរទេសចំនួន ៨ រូបផ្សេងទៀត ក្នុងនោះរួមទាំងលោកប្រធានាធិបតីរុស្ស៊ីពូទីនក៏ធ្លាប់ទទួលបាននូវគ្រឿងឥស្សរិយយសមួយនេះដែលមានកម្រិតខ្ពស់បំផុតរបស់ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here