ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ក្រសួងរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីម្នាក់ទៀត ដែលជាករណីនាំចូលពីអាមេរិក ខណៈពុំមានអ្នកសះស្បើយ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២ មករានេះ អ្នកឆ្លងថ្មីនេះ គឺជាស្ត្រីជនជាតិខ្មែរ-អាមេរិកាំង អាយុ៣៦ឆ្នាំ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជា នៅថ្ងៃទី០១ ខែមករា ឆ្នាំ ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីខាងលើ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺកំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកម្ចាត់មេរោគរបេង និងហង់សិន។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២ មករានេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៧៩នាក់ ក្នុងនោះជាសះស្បើយចំនួន ៣៦២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៧នាក់៕