ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះយើងសង្កេតឃើញថា មានករណីបន្លំលួចគ្រប់គ្រងគណនីបណ្តាញទំនាក់ទំនងសង្គម តួយ៉ាងកម្មវិធី WhatsApp Telegram ឬកម្មវិធី Facebook ជាដើម។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២១ បានបញ្ជាក់ថា ដើម្បីធ្វើការលួចគ្រប់គ្រងលើគណនីបណ្តាញទំនាក់ទំនងសង្គម តួយ៉ាងកម្មវិធី WhatsApp Telegram ឬកម្មវិធី Facebook ឧក្រិដ្ឋជនបច្ចេកវិទ្យា បានប្រើប្រាស់វិធីសាស្ត្រ ដូចខាងក្រោម៖
– ឧក្រិដ្ឋជនធ្វើការ Login ចូលកម្មវិធី WhatsApp ឬកម្មវិធី Telegram ដោយប្រើប្រាស់លេខទូរស័ព្ទជនរងគ្រោះ (ចំពោះកម្មវិធី Facebook ប្រើប្រាស់តួនាទី Reset Password ជាមួយលេខទូរស័ព្ទ ឬឈ្មោះ Username ជនរងគ្រោះ)
– ក្រុមហ៊ុន WhatsApp Telegram ឬ Facebook នឹងធ្វើការបញ្ជូនលេខកូដ PIN តាមរយៈសារ SMS ទៅកាន់លេខទូរស័ព្ទរបស់ជនរងគ្រោះ
– ឧក្រិដ្ឋជនធ្វើការទាក់ទងទៅកាន់ជនរងគ្រោះ តាមរយៈសារអេឡិចត្រូនិក ដោយប្រើប្រាស់បច្ចេកទេសវិស្វកម្មបណ្តាញសង្គម (Social Engineering) ដើម្បីលួងលោមជនរងគ្រោះផ្តល់លេខកូដ PIN (ឧទាហរណ៍៖ ប្រាប់ជនរងគ្រោះថាខ្លួនច្រឡំផ្ញើលេខកូដ និងអង្វរជនរងគ្រោះផ្ញើជូនខ្លួនវិញ ព្រោះលេខកូដនេះត្រូវការបន្ទាន់បំផុត)
– បន្ទាប់ពីទទួលបានលេខកូដ PIN ឧក្រិដ្ឋជននឹងធ្វើការផ្ទៀងផ្ទាត់ និងដំណើការចូលគណនីកម្មវិធី WhatsApp Telegram ឬកម្មវិធី Facebook ជាស្ថាពរ
– ដើម្បីទទួលបានការគ្រប់គ្រងកាន់តែរឹងមាំ ឧក្រិដ្ឋជននឹងធ្វើការផ្លាស់ប្តូរតួនាទីមួយចំនួន ដូចជា៖ បន្ថែមលេខកូដ Step Two Verification ឬផ្លាស់ប្តូរព័ត៌មានផ្ទៀងផ្ទាត់របស់គណនីជនរងគ្រោះ ដាក់ព័ត៌មានរបស់ខ្លួនជាដើម។
(សេចក្តីបញ្ជាក់បន្ថែម៖ មានករណីមួយចំនួន ឧក្រិដ្ឋជនធ្វើការបន្លំលួចលេខសម្ងាត់តែម្តង ដោយប្រើប្រាស់បច្ចេកទេសវិស្វកម្មបណ្តាញសង្គម Phishing)
នាយកដ្ឋានព័ត៌មានវិទ្យា ក្រើនរំលឹកបងប្អូនពលរដ្ឋទាំងអស់ ដែលប្រើប្រាស់កម្មវិធី ឬមានគណនីអ៊ីនធឺណេត សូមអនុវត្តវិធានការការពារ ដូចខាងក្រោម៖
– ត្រូវជ្រើសរើសលេខសម្ងាត់ដែលពិបាកទាយ (ហាមប្រើប្រាស់លេខសម្ងាត់ជា៖ លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត ឬឈ្មោះខ្លួន។ល។)
– ត្រូវរក្សាលេខសម្ងាត់គណនីឲ្យមានសុវត្ថិភាព និងមិនត្រូវធ្វើការចែករំលែកលេខសម្ងាត់ជាដាច់ខាត ទោះបីជននោះអះអាងថាជាតំណាងក្រុមហ៊ុនផ្គត់ផ្គង់សេវាក៏ដោយ
– ត្រូវរក្សាការពារលេខកូដ PIN (បិទមិនឲ្យបង្ហាញលើអេក្រង់ទូរស័ព្ទ។ល។) និងមិនត្រូវចែករំលែកលេខកូដ PIN ជាដាច់ខាត
– ត្រូវដំឡើងតួនាទី Step Two Verification លើគណនីកម្មវិធីអ៊ីនធឺណេត។ល៕