ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់ការនាំចូលត្រីខុសច្បាប់ពីប្រទេសជិតខាង ហើយអំពាវនាវដល់អ្នកនាំចូលត្រីងាកមកប្រមូលទិញត្រីរបស់វារីប្បករវិញ ដើម្បីបំពេញតម្រូវការក្នុងស្រុក។
ក្នុងឱកាសអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន ២កន្លែង ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រី ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូល។ បើទោះបីក្នុងរយៈពេលកន្លងមក តម្រូវការទីផ្សារ តម្លៃមានការធ្លាក់ចុះបន្តិចក្តី ប៉ុន្តែបច្ចុប្បន្នតម្លៃបាន និងកំពុងកើតឡើងបន្តិចវិញ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យវារីវប្បករត្រូវបន្តរក្សាមុខរបរនេះ ព្រោះថានេះគឺជាអាជីពយ៉ាងរឹងមាំនិងបានចូលរួមយ៉ាងមានប្រសិទ្ធភាពជាមួយរាជរដ្ឋាភិបាលក្នុងការធានាសន្តិសុខស្បៀងសម្រាប់ប្រជាជន និងសេដ្ឋកិច្ចជាតិ។
ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងសមាគមវារីវប្បករកម្ពុជា ជួយរកទីផ្សារ ដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម និងបញ្ចូលបច្ចេកទេសថ្មីៗបន្ថែមទៀតទាំងការផលិតកូន ផ្តល់ចំណី និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញខ្សែច្រវាក់ផលិតកម្ម រួមទាំងខ្សែច្រវាក់តម្លៃបន្ថែម សំដៅដល់ការកែច្នៃ។
ទន្ទឹមនឹងនេះ ចំពោះអ្នកបរិភោគ និងអ្នកប្រើប្រាស់ កែច្នៃផលិតផលត្រី សូមបន្តជួយគាំទ្រផលិតផលក្នុងស្រុកដើម្បីជួយជំរុញកំណើនផលិតកម្មវារីវប្បកម្មក្នុងស្រុកឱ្យកាន់តែកើនឡើងទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេសលោកសុំឱ្យវិនិយោគិនក្នុងស្រុកបង្កើនការវិនិយោគក្នុងវិស័យវារីវប្បកម្ម ដើម្បីចូលរួមបង្កើនផលិតកម្មស្បៀងផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុកក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវិដ-១៩។
សូមជម្រាបជូនថា សកម្មភាពនៃការអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីនាព្រឹកនេះ គឺជាផ្នែកមួយនៃការជួយជំរុញ និងលើកទឹកចិត្តដល់ផលិតកម្មចិញ្ចឹមត្រីក្នុងស្រុក តាមរយ:ការនាំយកតួអង្គពីរសំខាន់មកជួបគ្នា គឺរដ្ឋបាលជលផល និងសមាគមវារីវប្បករកម្ពុជា ដើម្បីសហការ សម្របសម្រួលទាំងផ្នែកទីផ្សារ និងការអនុវត្តបច្ចេកទេសឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពលើផលិតកម្មចិញ្ចឹមក្នុងគោលដៅរួមមួយគឺអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មស្បៀងតាមរយ:ការបង្កើនផលិតកម្មចិញ្ចឹមត្រីដូចជាត្រីអណ្តែង ត្រីប្រា ត្រីឆ្តោ ត្រីពោ និងកង្កែប៕