អំពី «ព្រះមហាមាលា»

0
7

ភ្នំពេញ: ព្រះមហាមាលា គឺជាគ្រឿងប្រដាប់ព្រះសិរដ៏សំខាន់មួយរបស់ ព្រះករុណា ព្រះមហាក្សត្រកម្ពុជាយើង ស្ថិតក្នុងចំណោមគ្រឿងប្រដាប់ព្រះសិរសំខាន់ៗដ៏ទៃទៀតមានដូចជា ព្រះមហាមកុដរាជ្យ ព្រះមហាជដាបញ្ចកុដ និងព្រះមាលាទ្រង់ប្រពាសជាដើម។ នៅដើមសម័យអាណានិគម ដោយកាលណោះនៅតំបន់អ៊ឺរ៉ុបជាសម័យដែលគេនិយមប្រើប្រាស់មួកជាទីបំផុតដើម្បីសម្គាល់ជាភាពថ្លៃថ្នូរ និងជារបៀបសង្គមរបស់អរិយប្រទេស ចំណែកឯកម្ពុជាយើងដែលជាប្រទេសក្នុងអាណានិគមនាសម័យនោះក៏បានចាប់ផ្តើមប្រើប្រាស់មួកតាមការនិយមនោះតរៀងមក។ ឯព្រះមហាមាលា ដែលអង្គព្រះមហាក្សត្រ ទ្រង់ប្រើប្រាស់នោះ តែថាបើប្រើឬជាវមួកធម្មតាក៏ហាក់នឹងមិនសមព្រះកិត្តិយស ហេតុនេះហើយទើបបានជាគេរចនាព្រះមហាមាលា ដែលមានលក្ខណៈវិចិត្រខុសពីមួកដ៏ទៃទៀតនៅជំនាន់នោះសម្រាប់អង្គព្រះមហាក្សត្រទ្រង់ក្នុងរាជកិច្ចផ្សេងៗ និងសម្រាប់ប្រើក្នុងព្រះរាជពិធីបរមរាជាភិសេកផងដែរ។

ព្រះមហាមាលា ដែលរចនាយ៉ាងពិសេសនេះមានសណ្ឋានរាងមូលហើយមានកំពូលស្រួច ដែលយើងក្រលេកមើលទៅហាក់ស្រដៀងនឹងមួកចំបាំងសម័យបុរាណ ទាស់តែថាព្រះមហាមាលានេះមានស្លាបមួកយ៉ាងធំ ឯតួមួកមានរាងមូលមិនមានរាងកោងស្រួច ហើយរឹងដូចមួកបុរាណនោះទេ។ ព្រះមហាមាលា ត្រូវបានពាសដោយក្រណាត់ពណ៌ខ្មៅ គែមស្លាបមួកពាសដោយសំពត់ពណ៌មាស និងមានខ្សែចងពណ៌មាសដូចគ្នាដែរ ឯតួមួករាងមូលនោះ មានបន្ទះក្បាច់ធ្វើអំពីមាសព័ទ្ធជុំវិញស្រដៀងនឹងក្បាំងព្រះមហាមកុដដែរ។ នៅលើតួព្រះមហាមាលា មានចុងកំពូលស្រួចធ្វើអំពីមាស ឆ្លាក់ក្បាច់ ដាំត្បូងយ៉ាងល្អវិចិត្រ ដែលឃើញថាមានការរចនាស្រដៀងនឹងកំពូលព្រះកៀវ ឬកំពូលព្រះមកុដ។ រីឯនៅខាងឆ្វេងតួព្រះមហាមាលាមានក្បាច់សន្លឹកធ្វើអំពីមាសប្រដាប់ដោយត្បូង និងពេជ្រយ៉ាងប្រណិត ហើយនៅខាងលើក្បាច់សន្លឹកនេះមានប្រដាប់នូវ ស្លាបកន្ទុយបក្សាពណ៌សយ៉ាងធំមួយ ដោយតាមរយៈរូបភាពយើងសន្និដ្ឋានថាអាចជាស្លាបកន្ទុយរបស់សត្វអំបូរ “បក្សីសួគ៌” (birds of paradise ស.ហៅ សត្វករវិក ដែលស្លាបរបស់សត្វនេះត្រូវបានគេចាត់ទុកថាជាស្លាបសត្វមានតម្លៃបំផុតក្នុងជំនាន់អាណានិគម នាសតវត្សទី២០ នៅតំបន់អ៊ឺរ៉ុបពួកអភិជន រាជវង្សជាដើម និយមប្រើប្រាស់ស្លាបសត្វប្រភេទនេះលម្អរលើមួក និងគ្រឿងប្រដាប់ផ្សេងៗរបស់ខ្លួនណាស់ ។ ដោយហេតុសេចក្តីខាងលើនេះហើយទើបយើងសន្និដ្ឋាន ថាស្លាបសត្វលើព្រះមហាមាលានេះ គឺជាស្លាបតែមួយនឹងស្លាបសត្វដែលគេនិយមប្រើនៅសម័យនោះឯង។)។

ព្រះមហាមាលានេះត្រូវបានប្រើប្រាស់ក្នុងព្រះរាជពិធីសំខាន់ៗរបស់ព្រះមហាក្សត្រដូចជា ក្នុងពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីរាជាភិសេកគ្រងរាជ្យសម្បត្តិជាដើម។ តាមទំនៀមក្នុងក្បួនប្រទក្សិណព្រះនគរ បន្ទាប់ពីអង្គព្រះមហាក្សត្រយាងចុះពីព្រះទីនាំងរាជរថទឹមអស្សតរ៦ រួចហើយនោះ ព្រះករុណាទ្រង់នឹងផ្លាស់ព្រះមហាជដាបញ្ចកុដចេញ ហើយប្តូរមកគ្រងព្រះមហាមាលាវិញដោយយាងឡើងគង់លើ ព្រះទីនាំងអស្សតរដើម្បីបន្តព្រះរាជដំណើរ មុននឹងផ្លាស់ចេញម្តងទៀតពេលស្តេចប្តូរមកគង់ព្រះទីនាំងគជេន្ទ្រវិញ។ លើសពីនេះតាមរយៈរូបភាពចាស់ៗកន្លងមក យើងសង្កេតឃើញថា ព្រះករុណា ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ ទ្រង់សព្វព្រះរាជហឫទ័យប្រើព្រះមហាមាលានេះណាស់ ជាពិសេសនៅពេលស្តេចយាងទៅប្រពាសប្រទេសបារាំងកាលដើមរជ្ជកាលរបស់ព្រះអង្គ។

អត្ថបទ ៖ បុរាណាចារ្យ

LEAVE A REPLY

Please enter your comment!
Please enter your name here