ភ្នំពេញ៖ ក្រោយពីបាត់ដំណឹង អស់រយៈពេល ៣ឆ្នាំ ពេលនេះ សត្វចាបព្រៃវែង ឬចាបទ្រូងលឿង ដែលជាបក្សីជិតផុតពូជបំផុត នៅលើពិភពលោក និងនៅកម្ពុជា បានបង្ហាញខ្លួនជាថ្មីម្តងទៀត នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ អង្គការជីវិតសត្វស្លាបអន្តរជាតិ ប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា លោក លី សម្ភស៍ មន្រ្តីសម្របសម្រួលអង្គការ BirdLife និងលោក ឈឿន សុជាតិ ប្រធាន ក្រុមឧទ្យានុរក្ស បានកត់ត្រាវត្តមាន សត្វចាបព្រៃ ប្រមាណជា ២០ក្បាល នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ ការទន្រ្ទានដី កង្វះទឹកនារដូវប្រាំង និងការបំពុលបណ្តាលមកពីការប្រើប្រាស់ថ្នាំ និងជីកសិកម្មហួសកំរិត គឺជាកត្តាគំរាមកំហែង ដែលកំពុងកើតមាននៅតំបន់ ការពារទេសភាពបឹងព្រែកល្ពៅនេះ។
ការបង្ហាញខ្លួននេះបញ្ជាក់ថា ទីជម្រកដែលមាននៅតំបន់ដីសើមនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការរស់នៅ និងពងកូនរបស់សត្វស្លាបទឹកជាច្រើនប្រភេទ និងសត្វស្លាបទេសន្តរប្រវេសន៍ ដូចជា សត្វក្រៀល និងសត្វចាបព្រៃវែង ជាដើម។
សូមជំរាបជូនថា សត្វចាបព្រៃវែង គឺជាប្រភេទសត្វស្លាប ទេសន្តរប្រវេសន៍ជិតផុតពូជបំផុត ដែលកំណត់ក្នុងបញ្ជីក្រហម IUCN អាស្រ័យដោយចំនួនរបស់វានៅលើពិភពលោកបានថយចុះជាង៨០% នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ បក្សីប្រភេទនេះបង្កកំណើតនៅអ៊ឺរ៉ុប និងអាស៊ីខាងជើងបន្ទាប់មកបំលាស់ទីមកកាន់តំបន់អាស៊ី ដូចជា ឥណ្ឌា ចិនភាគខាងត្បូង កម្ពុជា វៀតណាម ឡាវ ថៃ ភូមា រហូតដល់រដូវត្រជាក់ ពួកវា ត្រទ្បប់ទៅប៉ែកអ៊ឺរ៉ុបវិញ។
ជាងនេះទៅទៀត កាលមុនឆ្នាំ២០០០ នៅកម្ពុជាគេឃើញវត្តមាន ពួកវាជាហ្វូងធំរហូតដល់ ជាង១០០០ក្បាល ប៉ុន្តែនាពេលបច្ចុប្បន្នវត្តមានរបស់វា មានជាក្រុមតូចពេលខ្លះមានតែ ២ក្បាលក៍មាន។ ដូច្នេះត្រូវរួបរួមគ្នាការពារតំបន់ ការពារទេសភាពបឹងព្រែកល្ពៅ គឺចូលរួមការពារសត្វស្លាបជិតផុតពូជ៕