ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បានអោយដឹងថា ក្រសួងបានរកឃើញពលករខ្មែរ ចំនួន២នាក់ថែមទៀត ដែលទើបធ្វើដំណើរមកពីប្រទេសថៃ ឆ្លងជំងឺកូវីដ១៩ ខណៈមិនមានករណីជាសះស្បើយអ្នកជំងឺកូវីដ១៩នេះទេ។
តាមសេចក្ដីប្រកាសព័ត៌មានក្រសួងបញ្ជាក់ថា ពលករខ្មែរដែលឆ្លងកូវីដ១៩ថ្មីនេះ រួមមាន៖
១៖ បុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ ស្នាក់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃមកដល់កម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
២៖ បុរសជនជាតិខ្មែរ អាយុ២៥ឆ្នាំ ស្នាក់នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៨៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ៣៦២នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ២៣នាក់ (គ្មានអ្នកស្លាប់)៕