ភ្នំពេញ៖ អ្នកបុរាណវិទ្យា បង្ហាញពីអាថ៌កំបាំងនូវ ព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងអាថ៌កំបាំងជាមួយផ្ទាំងចម្លាក់ តាមថែវប្រាសាទអង្គរវត្ត។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក អជ្ញាធរជាតិអប្សរា នៅថ្ងៃទី៧ មករានេះ បានឲ្យដឹងថា គេតែងដឹងជាទូទៅនូវព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមាននៅប្រាសាទអង្គរវត្ត នោះគឺវេលាយប់និងថ្ងៃស្មើគ្នា ជាមួយនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំ ប្រាង្គកណ្ដលប្រាសាទអង្គរវត្ត។ ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរសំខាន់ៗទៀត នោះគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។ យ៉ាងណា មានមនុស្សតិចណាស់ដែលបានសង្កេត និងដឹងរឿងរ៉ាវនូវវេលាទាំងនេះ។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវតឹកតាងមួយចំនួន នៃវេលាយប់វែងជាងថ្ងៃ ដែលសាធារណគួរតោងចាប់អារម្មណ៍។ ក្នុងទំនៀមនៃព្រហ្មញ្ញសាសនា វេលាយប់គឺមានន័យថា សភាវៈអាក្រក់មានអំណាច ឬបារមីខ្លាំងជាងសភាវៈល្អ។ តួយ៉ាង ក្នុងវេលាយប់វែងជាងថ្ងៃ ដែលកើតមានចំថ្ងៃទី២១ ខែធ្នូ នោះ គឺពន្លឺនៅពេលព្រឹក បានចាំងលើរូបចម្លាក់ជាសភាវៈអាក្រក់ និងស្រមោលនៃសសរតាមថែវប្រាសាទ បាំងបិទលើចម្លាក់សំខាន់ៗដែលជាតួអង្គនៃសភាវៈល្អឬពពួកទេព។
ជាអ្នកតាមដាន និងយល់ពីសារប្រយោជ៍ នៃព្រឹត្តិការណ៍ខាងលើនេះ លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺកើតមានទាំង នៅថែវខាងកើតនាវេលាថ្ងៃរះ និងថែវខាងលិចនាវេលាពេលថ្ងៃលិច។ ហើយព្រឹត្តិការណ៍នេះ នឹងផ្ទុយមកវិញនាថ្ងៃទី២១ ខែមិថុនា ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលវេលាថ្ងៃវែងជាយប់វិញម្ដង។
អាថ៌កំបាំងដ៏អស្ចារ្យ ដែលសាធារណជនទូទៅ មិនសូវចាប់អារម្មណ៍នេះ គឺជាចំណុចពិសេសមួយទៀតនៃប្រាសាទអង្គរវត្ត ក្រៅពីភាពថ្កុំថ្កើងនៃរចនាបថហើយនោះ។ តាមការយល់ឃើញរបស់លោក អ៊ឹម សុខរិទ្ធី ព្រឹត្តិការណ៍នេះ មិនមែនជារឿងចៃដន្យនោះទេ តែវាជាការគុណគូរដ៏ត្រឹមត្រូវ និងច្បាស់លាស់ពីបុព្វបុរសជំនាន់នោះ ហើយបានរៀបចំត្រឹមត្រូវ មុននឹងឆ្លាក់ចម្លាក់រឿងរ៉ាវនានាតាមទីតាំងនីមួយៗ៕