ក្រសួងកសិកម្ម ប្រកាសលែងឲ្យនាំចូលត្រី ពីប្រទេសជិតខាង ដើម្បីលើកស្ទួយការចិញ្ចឹមត្រីក្នុងស្រុក

0
18

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចឲ្យផ្អាកការ នាំចូលត្រីពីប្រទេសជិតខាង ​​      ដើម្បីលើកស្ទួយការ ចិញ្ចឹមត្រីក្នុងស្រុក។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសង្កេតឃើញថា មានក្រុមអាជីវករនាំចេញ នាំចូលផលផលិតផលជលផលមួយចំនួន មានការមិនពេញចិត្តចំពោះចំណាត់ការ នៃការផ្អាកជាបណ្តោះអាសន្ន នូវការនាំចូលផលិតផលជលផល ដែលអាចផលិតបានក្នុងស្រុកនាពេលកន្លងមក។ ដូចនេះ ដើម្បីដោះស្រាយបញ្ហាខាងលើ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយ ភាគីពាក់ព័ន្ធរួមមានសមាគមវារីវប្បករនៅកម្ពុជា និងតំណាងអាជីវករនាំចេញ នាំចូលផល ផលិតផល ជលផល និងបានព្រមព្រៀងគ្នាអនុវត្តនូវវិធានការបន្ទាន់ មួយចំនួនដូចខាងក្រោម៖

១.សមាគមវារីវប្បករនៅកម្ពុជា ត្រូវរៀបចំផ្តល់ជូននូវព័ត៌មានដែល ទាក់ទងទៅនឹងប្រភេទ បរិមាណផល ផលិតផលវារីវប្បកម្មដែល ត្រូវដល់ពេលប្រមូលផលនៅ តាមខែនីមួយៗ ដល់អាជីករប្រមូលទិញ នាំចេញ          នាំចូលផល ផលិតផលជលផល ដើម្បីចុះប្រមូលទិញផល ផលិតផលជលផលដែលផលិត បានក្នុងស្រុកទាំងនោះសម្រាប់ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

២.តំណាងអាជីករនាំចេញ នាំចូលផល ផលិតផលជលផល បានយល់ព្រមផ្អាកនូវការស្នើសុំ នាំចូលប្រភេទត្រី    ដែល វារីវប្បករផលិតបានច្រើនដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និង ត្រីឆ្តោ ព្រមទាំង ប្រភេទត្រីមួយចំនួនទៀត ដែលអាចចិញ្ចឹមបានក្នុងស្រុក តាមការជូនដំណឹង របស់សមាគមវារីវប្បករនៅកម្ពុជា។

៣.តំណាងអាជីករនាំចេញ នាំចូលផល ផលិតផលជលផល បានឯកភាពក្នុងការបង្កើតនូវសមាគម            និងបណ្តុំអ្នកប្រមូលទិញផល ផលិតផលជលនៅតាមតំបន់ ដើម្បីប្រមូលទិញផល ផលិតផលជលផលដែល      ផលិតបានក្នុងស្រុក។

៤.ចំពោះការនាំឆ្លងកាត់ផល ផលិតផលជលផល តំណាងអាជីករនាំចេញ នាំចូលផល ផលិតផលជលផល ធានាថានឹងមានការចុះបញ្ជីទទួលស្គាល់ នៅដើមទីនិងចុងទីពីមន្រ្តីជលផលមានសមត្ថកិច្ច និងធានាថាមិនមានការទម្លាក់ចែកចាយផល ផលិតផលជលផលឆ្លងកាត់នេះ ចូលទៅក្នុងទីផ្សារក្នុងស្រុកឡើយ។

ជាមួយគ្នានោះដែរ ក្រសួងកសិកម្ម សង្ឃឹមយ៉ាងមុតមាំថា វារីវប្បករ អាជីវករនាំចេញ នាំចូលផល ផលិតផលជលផលទាំងអស់សាធារណជន ក៏ដូចជាបណ្តាញសារព័ត៌មាននានា មេត្តាជ្រាប ព្រមទាំងផ្តល់កិច្ចសហការ  ជាមួយ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបំពេញភារកិច្ចនេះឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍ក្នុងការ ចូលរួមដល់ការអភិវឌ្ឍវារីវប្បកម្មនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here