ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជូនដំណើរ ប្រជាពលករត្រឡប់មកពីប្រទេសថៃ ដែលបញ្ជប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កកម្រិត១ នៃវិទ្យាល័យព្រះមុនីវង្ស ឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ជួបជុំបងប្អូន និងបន្តប្រកបអាជីវកម្មទៀត ។ នេះបើយោងតាមរដ្ឋបាលខេត្តបាត់ដំបង។
គួរបញ្ជាក់ថា បើយោងតាមការលើកឡើង របស់តំណាងមន្ទីរ សុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តបាត់ដំបង បានលើកឡើងថា ពលករដែលបានមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កម្រិត១វិទ្យាល័យព្រះមុនីវង្សនេះ ត្រូវបានបញ្ជូនមកពីច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ សរុបទាំងអស់មានចំនួន២៧៣នាក់ ក្នុងនោះស្ត្រីចំនួន១០៨នាក់ ហើយកន្លងមកបានបញ្ជូនពួកគាត់ ទៅកាន់ផ្ទះសំបែងវិញ ចំនួន១៦២នាក់ មកហើយ សរុបទាំង២លើកចំនួន២៥១នាក់ នៅសល់ចំនួន២២នាក់ទៀត កំពុងធ្វើចត្តាឡីស័កបន្តទៀត ហើយនៅក្នុងការធ្វើចត្តាឡីស័កនេះ ក្រុមគ្រូពេទ្យជំនាញជារៀងរាល់ថ្ងៃបានធ្វើការអប់រំបញ្ហាសុខភាពប្រចាំថ្ងៃ ការពិនិត្យសុខភាពមានបាញ់អាល់កុលសំអាតដៃ ការពិនិត្យកំដៅ បើមានបញ្ហាសុខភាពតិចតួចនឹងពិគ្រោះជំងឺជូនគាត់ ការចែកម៉ាស និងការយកសំណាកក្នុងម្នាក់យក២លើកដើម្បីស្វែងរកជំងឺកូវីដ១៩ ហើយបើមានការសង្ស័យ នឹងយកសំណាក ពីគាត់លើសពី២ដង ក្នុងនោះក៏មានការផ្តល់អាហារ ដល់ពួកគាត់ក្នុង១ថ្ងៃ៣ពេល ក្រោមការឧបត្ថម្ភពីរដ្ឋបាលខេត្តបាត់ដំបង ទន្ទឹមនឹងនោះសម្តេចតេជោ ហ៊ុន សែន ក៏បានជួយឧបត្ថម្ភជាឃីត ក្នុងម្នាក់មួយឈុតទៀត សម្រាប់សម្រួលដល់ការរស់នៅប្រចាំថ្ងៃផងដែរ។
លោកបានបញ្ជាក់ថា ក្រោយពេលបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ រដ្ឋបាលក្រុងបាត់ដំបងមានចេញលិខិត បញ្ជាក់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ ជូនពួកគាត់ ដើម្បីបញ្ជាក់ថា ពួកគាត់បានចូលរួមអនុវត្ត តាមវិធានអនាម័យ និងការណែនាំ របស់ក្រសួងសុខាភិបាល ហើយក្នុងអំឡុងពេលស្នាក់នៅនេះ ក្រុមគ្រូពេទ្យបានអប់រំណែនាំអំពីកូរីដ-១៩និង ថែទាំពិនិត្យតាមដានសុខភាព យ៉ាងយកចិត្តទុកដាក់ ហើយបញ្ជាក់ថាលទ្ធផលតេស្ត អវិជ្ជមានទាំង២លើក និងគ្មានរោគសញ្ញាណាមួយជាករណីសង្ស័យទាក់ទងនឹងជំងឺកូវីដ១៩-នោះទេ។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកទឹកចិត្តដល់ពលករទាំងអស់ថា បើទោះបីជាពលករទាំងអស់ បានបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃក៏ដោយ តែការអនុវត្តតាមវិធានអនាម័យ និងការណែនាំរបស់ក្រសួងសុខាភិបាលនៅតែបន្តធ្វើដដែល មានន័យថាត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះលោក ក៏បានក្រើនរំលឹកថា ក្នុងករណីមានលេចចេញនូវរោគសញ្ញា ណាមួយ ដូចជា ក្តៅខ្លួន លើសពី៣៧,៥អង្សារ ក្អក ឈឺបំពង់ក ហៀរសំបោរ ត្រូវឆាប់រាយការណ៍មកអង្គភាពសុខាភិបាល រួចប្រញាប់មកកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតជាបន្ទាន់ ដើម្បីរួមគ្នាទប់សា្កត់កុំឲ្យមានការឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍៕