សម្ដេចតេជោ ដាក់ចេញវិធានការ ១២ចំណុច សម្រាប់ដំណើរការ ឆ្នាំសិក្សាថ្មី ២០២០-២០២១

0
11

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ វិធានការ១២ ចំណុច ដើម្បីឲ្យដំណើរការឆ្នាំសិក្សាថ្មី ២០២០-២០២១ ទទួលបានលទ្ធផលល្អប្រសើរ។

យោងតាមសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ ដែលនឹង ធ្វើឡើងនៅថ្ងៃទី១១ មករា ២០២១ ដើមសប្តាហ៍ខាងមុខនេះបានលើកឡើង ១២ ចំណុចដើម្បីឲ្យដំណើរការឆ្នាំសិក្សាថ្មី ២០២០-២០២១ ទទួលបានលទ្ធផលល្អប្រសើរ ដែលក្នុងនោះរួមមាន៖

ទី១.រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់អាទិភាពទី១លើវិស័យអប់រំនិងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួលផលពីដំណក់ប្រេងដំបូងស្របពេលនៃខួបលើកទី២២ឆ្នាំ នៃនយោបាយ ឈ្នះ-ឈ្នះរបស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពពេញលេញនិងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រជូនប្រជាជាតិទាំងមូល នៅក្នុងរយៈពេល២២ឆ្នាំ មកនេះ។

ទី២.សូមបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តតាមអភិក្រម“៣ការពារ៣កុំ” ជាពិសេសការចូលរួមទប់ស្កាត់ការឆ្លងកូវីដ-១៩ក្ នុងគ្រឹះស្ថានសិក្សា ការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សា ការរក្សាគម្លាត១.៥ម៉ែត្រនិងសុវត្ថិភាពចំណីអាហារ។

ទី៣.ក្រសួងអប់រំយុវជននិងកីឡាត្រូវបន្តដឹកនាំនិងអនុវត្តនូវទស្សនាទានថ្មី “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” ដោយគិតគូរអំពីជម្រើសឲ្យបានច្រើន ក្នុងការផ្តល់សេវអប់រំជាពិសេសដំណើរការបង្រៀននិងរៀន ដែលមានភាពទន់ភ្លន់និងធ្វើវិមជ្ឈការនៃសេវាអប់រំអាស្រ័យទៅតាមទីតាំងភូមិសាស្ត្រស្ថានភាពនៃហានិភ័យឆ្លងរីករាលដាលកូវីដ-១៩និងស្ថាន ភាពអប់រំ។ ក្រសួងអប់រំយុវជននិងកីឡាត្រូវបន្តជំរុញ “ការអប់រំឌីជីថល” ឲ្យទាន់សភាពការណ៍ជាតិតំបន់និងសកលលោក។

ទី៤.ក្រសួងអប់រំយុវជននិងកីឡា ត្រូវរៀបចំនិងអនុវត្តកម្មវិធីសិក្សាបំព្រួញដោយកំណត់ជាមុខវិជ្ជាកាតព្វកិច្ចនិងមុខវិជ្ជាជម្រើសមេរៀនសិក្សា ក្នុងថ្នាក់រៀននិងមេរៀនស្វ័យសិក្សា ដើម្បីធានាថា ការរៀនសូត្ររបស់សិស្សានុសិស្ស បានពេញលេញផ្តោតលើចំណុចសំខាន់ៗនិងស៊ីជម្រៅជាពិសេសមេរៀន សម្រាប់ថ្នាក់ទី៩និងទី១២និងការកំណត់មេរៀន សម្រាប់ការប្រឡងសញ្ញាប័ត្រ។

ទី៥.ក្រសួងអប់រំយុវជននិងកីឡា ត្រូវធ្វើការពិនិត្យឡើងវិញ ឲ្យស្របនឹងបរិបទថ្មីៗដែលតម្រូវឲ្យមានភាពរស់រវើកនិងកាន់តែធានាបាននូវភាពស័ក្ដិសិទ្ធិនៃការដឹកនាំ និង គ្រប់គ្រងរបស់បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់ រួមបញ្ចូលទាំងការគ្រប់គ្រងគ្រូបង្រៀន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងវិស័យអប់រំនិងហិរញ្ញប្បទានសហប្រតិបត្តិការការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាព និងវិជ្ជាជីវៈជាប្រចាំដល់អ្នកគ្រប់គ្រងនាយកសាលានិងគ្រូបង្រៀន។

ទី៦.ក្រសួងអប់រំយុវជននិងកីឡា ត្រូវផ្តោតលើការឆ្លើយតបទៅនឹងទីផ្សារការងារ ដោយអនុវត្តវិធីសាស្ត្របង្រៀន តាមបែបការរិះរកនិងអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗ ក្នុងសតវត្សទី ២១ ដែលជាវិធីសាស្ត្រតាមបែបចម្រុះ ដោយសិស្សត្រូវអនុវត្តក្នុងថ្នាក់រៀននិងការធ្វើស្វ័យសិក្សានិងការផ្តោតលើការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្មនិងគណិតវិទ្យា ដែលជាជំនាញចាំបាច់ក្នុងយុគសម័យឌីជីថល និង សេដ្ឋកិច្ចឌីជីថល ជាពិសេសសិស្សមានបំណិនសតវត្សទី២១ ។ ក្រសួងអប់រំយុវជននិងកីឡា ត្រូវរៀបចំប្រព័ន្ធអភិវឌ្ឍ វិជ្ជាជីវៈជាប្រចាំរួមទាំងវគ្គវិក្រឹតិកាលតាមគ្រប់រូបភាព ដើម្បីលើកកម្ពស់គុណវុឌ្ឍិនិងសមត្ថភាពរបស់គ្រូបង្រៀនគ្រប់កម្រិតជាពិសេសការបង្រៀននិងរៀនតាមបែបបច្ចេកវិទ្យា ទំនើប។ ក្រសួងត្រូវបន្ត កែលម្អនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗដល់សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ និង បន្ទប់សាស្ត្រាចារ្យទៅតាមលទ្ធភាពនិងស្ថាន ភាពជាក់ស្តែងរបស់សាលារៀនសម្រាប់បម្រើដល់ការបង្រៀននិងរៀនបែបថ្មីដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងបរិបទកូវីដ-១៩។

ទី៧. គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួនទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងសេវាបង្រៀននិងរៀន ដើម្បីឲ្យសាលារៀនរបស់យើងក្លាយ ទៅជាសាលាកុមារមេត្រី កម្រិតអភិវឌ្ឍន៍ជាសាលារៀនជំនាន់ថ្មី និង ជាសាលារៀន ដែលមានប្រសិទ្ធភាព។ គ្រឹះស្ថានសិក្សាត្រូវបន្តកសាងបរិស្ថានសាលារៀនស្អាតសាលា រៀនបៃតង មានទឹកស្អាត មានបង្គន់អនាម័យ កន្លែងលាងនិងសួនធម្មជាតិ។ ល ។ ឲ្យស័ក្ដិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្តុះគំនិតស្អាតស្អំ ឥរិយាបថល្អនិងគ្មាន ការញាំញីផ្លូវចិត្ត ផ្លូវកាយ។ ជាមួយគ្នានេះ គ្រឹះស្ថានសិក្សាត្រូវត្រៀមលក្ខណៈតាមគ្រប់រូបភាព ដើម្បីឆ្លើយតបឲ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលាករណីមានប្រធានស័ក្ដិ កើតឡើង ដូចជាអាកាសធាតុក្តៅហួតហែង ទឹកជំនន់ ខ្យល់កន្ត្រាក់និងការរាតត្បាតនៃជំងឺនានា។

ទី៨. លោកគ្រូអ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខជាឪពុកម្តាយទី២ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ព្រមទាំងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀនរួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗគរុកោសល្យថ្មីៗមកបង្ហាត់បង្រៀនដល់សិស្ស និស្សិតឲ្យមានចំណេះដឹងទូលំទូលាយនិងអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកលនិងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត ។

ទី៩.ក្មួយៗសិស្សានុសិស្ស និស្សិត យុវជន យុវនារីទាំងអស់សូមបន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួននិងចូលរួមឲ្យបានសស្រាក់សស្រាំក្នុង “អំពើល្អ” ដើម្បីការ រីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គមនិងប្រទេសជាតិយើងទាំងមូល។ ជាមួយគ្នានេះដែរ សូមក្មួយៗចងចាំជានិច្ចថាបើយើងស្រឡាញ់ខ្លួនស្រឡាញ់ឪពុកម្តាយនិងសង្គមជាតិយើង គឺត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន។

ទី១០.មាតាបិតាអ្នកអាណាព្យាបាលគ្រប់រូប សូមនាំកូននាំចៅមកចុះឈ្មោះចូលរៀននិងបន្តផ្តល់គាំទ្រការលើកទឹកចិត្ត និងការបង្រៀនបន្ថែមដល់កូនដល់ចៅតាមគ្រប់រូបភាព។

ទី១១.ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវយកចិត្តទុកដាក់ និងចូលរួមគាំទ្រឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការអភិវឌ្ឍសាលារៀន ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងការគាំទ្រផ្សេងទៀត តាមគ្រប់លទ្ធភាព ជាពិសេសការចូលរួមសហការរបស់ក្រសួងសុខាភិបាល ក្នុងការធានានូវសុវត្ថិភាព សុខភាព ការអប់រំអំពីអនាម័យនិងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានម៉ឺងម៉ាត់ធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យមានឆ្លងជំងឺកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សា។

ទី១២.គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋនិងឯកជននិងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត សូមបន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជាពិសេសការផលិតកម្មវិធីអប់រំនិងវីដេអូបង្រៀន ដើម្បីឲ្យសេវាអប់រំកាន់តែបានឈានទៅដល់គ្រប់ទីកន្លែងគ្រប់ពេលវេលា ស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត ។

សម្ដេចបន្តថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុ ត្រូវចូលសាលារៀននិងជាថ្ងៃត្រឡប់មកកាន់សាលា រៀនវិញក្នុងឆ្នាំសិក្សាថ្មី របស់ក្មួយៗ ជាសិស្សានុសិស្ស និស្សិតនិងជាកុលបុត្រ កុលធីតាជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា បន្ទាប់ពីបានឆ្លងកាត់និងទទួលនូវបទពិសោធន៍ នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ កន្លងមកនេះទោះបីក្នុងរូបភាពខុសៗគ្នាយ៉ាងណាក៏ដោយ ។

ក្រសួងអប់រំយុវជននិងកីឡា ក៏បានអនុវត្តវិធានការផ្អាកដំណើរការ គ្រឹះស្ថានសិក្សា ជាបណ្តោះអាសន្ន នៅកន្លែងណា ដែលមានហានិភ័យ នៃការឆ្លងកូវីដ១៩និងអនុញ្ញាតឲ្យបើកឡើងវិញជាដំណាក់កាលៗ ដែលប្រការនេះ អាចធានា បានទាំងសុវត្ថិភាពសុខភាព របស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងធានាបាននូវការ រៀនសូត្ររបស់សិស្សានុសិស្ស និស្សិត រហូតដល់ឆ្នាំសិក្សា២០១៩-២០២០ ត្រូវបានប្រកាសបិទបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here