ក្រសួងអប់រំ ដាក់ចេញយុទ្ធនាការថ្មី ជំរុញឲ្យអនុវត្តឥរិយាបថការពារ សុវត្ថិភាពពីជំងឺកូវីដ១៩ ក្រោមប្រធានបទ «ការពារខ្លួនឥលូវនេះ កុំចាំស្អែក»

0
11

ភ្នំពេញ៖ ស្របពេលដែលឆ្នាំសិក្សាថ្មីបានចាប់ផ្តើម ហើយកូវីដ១៩ នៅតែជាបញ្ហាប្រឈម ក្នុងសកលលោកនៅឡើយនោះ ក្រសួងអប់រំ យុវជន និងកីឡា ជាមួយការគាំទ្រ ពីយូនីសេហ្វ បានប្រកាសចាប់ផ្តើមអនុវត្តយុទ្ធនាការ សម្រាប់ការចូលរៀនវិញនៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឲ្យកុមារកម្ពុជាចូលរៀនវិញ ហើយនៅតែបន្តអនុវត្តឥរិយាបថសុវត្ថិភាព ដើម្បីបង្ការការឆ្លង រាលដាលជំងឺកូវី-១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថា យុទ្ធនាការក៏មានគោលបំណង ផ្សព្វផ្សាយព័ត៌មានដល់គ្រួសារ និងកុមារ ដែលការរៀនសូត្ររបស់ខ្លួន ត្រូវបានរំខានដោយជំងឺឆ្លងនេះ ដោយលើកទឹកចិត្តឱ្យពួកគេ ផ្តល់អាទិភាពដល់ការ រៀនសូត្រ បើទោះជាត្រូវជួបនឹងការ លំបាកយ៉ាងណាក៏ដោយ។

យុទ្ធនាការនេះធ្វើឡើងក្រោមប្រធានបទ “ការពារខ្លួនឥលូវនេះ កុំចាំស្អែក” ដោយពង្រឹងការអនុវត្ត ឥរិយាបថការពារសុវត្ថិភាព ពីជំងឺកូវីដ-១៩ ក៏ដូចជាផ្សព្វផ្សាយសារជាច្រើនដទៃទៀត ដើម្បីឱ្យសាលារៀនមាន បរិស្ថានសុវត្ថិភាព សុខភាពល្អ និងការអភិវឌ្ឍសម្រាប់កុមារ។ សារអប់រំទាំងនេះ នឹងត្រូវបានផលិតជា វីដេអូ ផ្ទាំងរូបភាព ស្តីត់វិទ្យុ និងសារ ជាអក្សរ ជាមួយភាពច្នៃប្រឌិត សម្រាប់ផ្សព្វផ្សាយទៅទូទាំងប្រទេស។ សម្ភារផ្សព្វផ្សាយក៏មានបោះពុម្ពជាខិត្តប័ណ្ណ និងជាប្រភេទល្បែងកម្សាន្តជាដើម សម្រាប់ឱ្យកុមារយកទៅផ្ទះវិញ ដើម្បីឱ្យសារអប់អាចជ្រួតជ្រាបទៅដល់គ្រួសារ និងសហគមន៍។ លើសពីនេះ ក៏មានការផលិតសៀវភៅណែនាំ ជារូបភាពសម្រាប់គ្រូ និងនាយកសាលា អំពីគោលការណ៍ណែនាំស្តីពីសុវត្ថិភាព ព្រមទាំងបញ្ជីត្រួតពិនិត្យ និងដំបូន្មានសំខាន់ៗសម្រាប់ចែកជូនសាលារៀនជាង ១៦.៥០០០សាលា ដើម្បីឱ្យលោកគ្រូ អ្នកគ្រូអាច ចាប់ផ្តើមត្រៀមខ្លួនពេញលេញសម្រាប់ឆ្នាំសិក្សាថ្មី។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា អាទិភាពរបស់យើងក្នុងអំឡុងពេល មានជំងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩ គឺការពារសុវត្ថិភាពកុមារ រួមទាំង ប្រើប្រាស់គ្រប់មធ្យោបាយ ដែលអាចធ្វើបានទាំងអស់ ដើម្បីជួយឱ្យពួកគេនៅតែបន្តទទួលបានការអប់រំ ។ យើងមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាចំនួនករណីឆ្លងជំងឺនេះឱ្យនៅ តិចបំផុត បើធៀបនឹងប្រទេសដទៃទៀតនៅក្នុងពិភពលោក ហើយស្របពេលជាមួយគ្នា ធានាឱ្យមានការរៀនសូត្រពីចម្ងាយ សម្រាប់សិស្សានុសិស្សគ្រប់រូប និងបើកដំណើរការសាលារៀនឡើងវិញ ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើបាន។

លោករដ្ឋមន្ត្រីបញ្ជាក់ថា “ឥលូវនេះ ឆ្នាំសិក្សាថ្មីបានចាប់ផ្តើមហើយយើងចង់ បញ្ជាក់ពីសាររបស់យើងឱ្យបានច្បាស់ថា យើងចង់ឱ្យកុមារវិលត្រឡប់ចូលសាលារៀនវិញ និងចង់ឱ្យពួកគេ ដឹងថា យើងទាំងអស់គ្នាប្រឹងប្រែងធ្វើការងារយ៉ាងច្រើន ដើម្បីការពារពួកគេពីការឆ្លងមេរោគនេះ។ ពួកគេ ក៏ចាំបាច់ត្រូវបំពេញតួនាទីរបស់ខ្លួន ដោយអនុវត្តឱ្យបានត្រឹមត្រូវតាម គោលការណ៍ណែនាំដែលផ្សព្វផ្សាយ ក្នុងយុទ្ធនាការនេះ»។

លោកស្រី ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ជំងឺរាតត្បាតកូវីដ-១៩ បាននឹងកំពុងបង្កបញ្ហាប្រឈមចម្បងៗជាច្រើនដល់វិស័យអប់រំ ដោយបង្កើតជា ការបញ្ហាលំបាកធ្ងន់ធ្ងរដល់សិស្ស និងគ្រួសារពួកគេ។ ខណៈដែលការរៀនសូត្រតាមអនឡាញ ត្រូវបានដាក់ឱ្យ អនុវត្តក្រោមកិច្ចដឹកនាំដ៏រឹងមាំរបស់ក្រសួងអប់រំ យុវជន និងកីឡា វានៅតែមិនអាចជំនួសឱ្យការបង្រៀន នៅក្នុងថ្នាក់បានឡើយ ហើយក៏មិនមានសិស្សគ្រប់គ្នាអាចប្រើប្រាស់ វាបានទាំងអស់នោះដែរ។ ដូច្នេះកុមារ គ្រប់រូប គួរត្រូវបានជំរុញឱ្យត្រលប់ចូលរៀនវិញ ជាមួយនឹងអារម្មណ៍មានសុវត្ថិភាព។ ហេតុដូចនេះ ខ្ញុំសូមស្មើ ដល់អ្នកគ្រប់គ្នា ទាំងនាយិកា នាយកសាលា អ្នកគ្រូ លោកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ ឱ្យអនុវត្តវិធីការពារខ្លួនចាំបាច់នានា ដើម្បីធានាថាសាលារៀនមាន បរិស្ថានសុវត្ថិភាពសម្រាប់គ្រប់គ្នា។

លោកស្រី អាលីស អលប្រ៊ៃធ៍ នាយិកាប្រតិបត្តិនៃ ភាពជាដៃគូជាសកលសម្រាប់ការអប់រំ (GPE) បានមានប្រសាសន៍ដែរថា «ជំងឺរាតត្បាតបាននឹងកំពុងបង្កការលំបាក យ៉ាងខ្លាំងដល់កុមារក្នុងការនៅបន្តការ រៀនសូត្រ។ ស្របពេលដែលការសិក្សាពីចម្ងាយ ត្រូវបានផ្តល់ឱ្យសិស្សសម្រាប់បន្តការរៀនសូត្រ វានៅតែមិនមែន ជាមធ្យោបាយជំនួសឱ្យការ ប្រាស្រ័យទាក់ទងគ្នារវាងសិស្ស និងគ្រូនៅក្នុងថ្នាក់រៀនឡើយ ។ ការគាំទ្ររបស់ ភាពជាដៃគូជាសកលសម្រាប់ការអប់រំ (GPE) នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកដំណើរ ការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព ដើម្បីឱ្យកុមារអាចការពារខ្លួន បានពីការឆ្លងជំងឺកូវី៥-១៩នៅ ពេលពួកគេត្រលប់ចូលរៀនវិញនៅសាលា»។

យុទ្ធនាការនេះត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយទៅដល់អ្នកគ្រូ លោកគ្រូ ឪពុកម្តាយ និងអាណាព្យាបាល ក៏ដូចជាកុមារ និងយុវជន។ រាល់សម្ភារផ្សព្វផ្សាយ សុទ្ធតែមានលក្ខណៈបរិយាបន្ន ដោយ មានការបកប្រែជាភាសា ជនជាតិដើមភាគតិចចំនួនបួនភាសា។ ការផ្សព្វផ្សាយ នឹងត្រូវធ្វើឡើងតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាតាមរយៈការផ្ញើសាវឱ្យចំ មនុស្សគោលដៅដូចជាប្រើកម្មវិធី WhatsApp Telegram និង Facebook Messenger ជាដើម។ យូនីសេហ្វ នឹងផ្តល់សម្ភារផ្សព្វផ្សាយទាំងនេះទៅដល់ដៃគូ ដែលកំពុង បំពេញការងារក្នុងវិស័យអប់រំនៅកម្ពុជា ដើម្បីឱ្យដៃគូអាចយកទៅប្រើប្រាស់ និងកែសម្រួលទៅតាមភាព សមស្រប ដើម្បីធានាឱ្យមានការទទួលសម្រេចបាន លទ្ធផលជាអតិបរមានៅទូទាំងប្រទេស។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានថ្លែងថា «កុមារកម្ពុជា ទទួលរងនូវការរំខានធ្ងន់ធ្ងរចំពោះការអប់រំ របស់ពួកគេកាលពីឆ្នាំមុន ហើយពួកគេជាច្រើននាក់បាន ខកខានពុំបានរៀនសូត្រនោះឡើយ។ ខណៈពេលយើងឈានមកដល់ឆ្នាំ២០២១ និងកំពុងគិតគូរជាថ្មីអំពីពិភព លោកក្រោយមានជំងឺរាតត្បាត វាជាការសំខាន់ណាស់ ដែលយើងត្រូវធ្វើការងាររួមគ្នា ដើម្បីឱ្យសាលារៀន មានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន និងត្រូវបញ្ចៀស កុំឱ្យមានវិបត្តិការអប់រំ។ យើងជឿជាក់ថា យុទ្ធនាការ ប្រកបដោយភាពច្នៃប្រឌិតនេះ នឹងភ្ជាប់ទំនាក់ទំនងរវាងកុមារ គ្រួសារ និងគ្រូបង្រៀន ព្រមទាំងបង្កើនទំនុកចិត្ត លើសុវត្ថិភាពនៅក្នុងសាលារៀន និងគូសបញ្ជាក់ជាថ្មីពីគុណតម្លៃនៃការអប់រំ សម្រាប់កុមារកម្ពុជាគ្រប់រូប»៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here