សហភាពសហព័ន្ធយុវជនកម្ពុជា បង្ហាញសុទិដ្ឋិនិយមថាឆ្នាំសិក្សាថ្មីនេះ នឹងប្រព្រឹត្តទៅដោយជោគជ័យ និងសុវត្ថិភាព

0
11

ភ្នំពេញ៖ ក្នុងថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២១ -២០២២នេះសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)បានចូលរួមអបអរសាទរនិងបង្ហាញសុទិដ្ឋិនិយមថាឆ្នាំសិក្សានេះនឹងប្រព្រឹត្តទៅបានរលូនប្រកបដោយជោគជ័យ និងសុវត្ថិភាព។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះសហភាពសហព័ន្ធយុវជនកម្ពុជាសូមចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា អបអរសាទរ ថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២១ ២០២២ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ។

ស.ស.យ.ក.ឲ្យដឹងបន្ថែមថា កាលពីឆ្នាំ២០២០កន្លងទៅ ការរាតត្បាតនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលអាក្រក់ដល់ការរៀនសូត្ររបស់សិស្សានុសិស្សគ្រប់ភូមិសិក្សា។ ទោះជាយ៉ាងណាក្តី ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួង និងស្ថាប័នពាក់ព័ន្ធ បានអនុញ្ញាតឱ្យការអប់រំអាចបន្តទៅបានតាមរយៈការដាក់ឱ្យរៀនតាមប្រព័ន្ធអនឡាញ និងទូរទស្សន៍ជាដើម។ ទន្ទឹមគ្នានេះ ការពង្រឹងវិធានសុខាភិបាល នៅតាមបណ្តាគ្រឹះស្ថានអប់រំ ក៏ជាកត្តាចាំបាច់សម្រាប់ធានាថា ការបើកសាលាឡើងវិញ នឹងមិនក្លាយជាកន្លែងចម្លងជំងឺកូវីដ ១៩ ដែលត្រូវបានអនុវត្តប្រកបដោយភាពយកចិត្តទុកដាក់បំផុត។

សហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់ថា «រយៈកាលកន្លងមកនេះ ស.ស.យ.ក. បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រវិធានការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងកូវីដ ១៩ និយាយជារួម និងក្នុងវិស័យអប់រំ និយាយដោយឡែក តាមរយៈការផ្សព្វផ្សាយ និងកិច្ចសហការនានាក្នុងការជួយសម្របសម្រួលដល់ការរៀនសូត្រតាមប្រព័ន្ធអនឡាញជាដើម។

យើងមានសុទិដ្ឋិនិយមថា ឆ្នាំសិក្សានេះនឹងប្រព្រឹត្តទៅបានរលូន សុវត្ថិភាពប្រកបដោយជោគជ័យ។ សូមគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សចូលរួមទាំងអស់គ្នា បន្តអនុវត្តវិធានសុខាភិបាលឱ្យបានម៉ឺងម៉ាត់ រស់នៅតាមបែបបទគន្លងថ្មី ដើម្បីចៀសផុតពីការយាយីទាំងឡាយពីជំងឺកូវីដ ១៩»៕

LEAVE A REPLY

Please enter your comment!
Please enter your name here