ប្រធានមន្ទីរធនធានទឹកខេត្ដបាត់ដំបងអះអាងថា នឹងខិតខំនាំទឹកពីប្រភពទំនប់អាងបាសាក់ មកជួយសង្គ្រោះស្រូវពលរដ្ឋក្រោមអាងរាមគន់

0
53

បាត់ដំបង៖ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឲ្យដឹងថា សម្រាប់ស្រូវនៅចំណុចភូមិដូនទ្រី និងភូមិអង្គ្រងនេះ គឺជាស្រូវក្រៅផែនការរបស់ខេត្ត ក្នុងការស្ដារការដាំដុះឡើងវិញ នាពេលក្រោយពីទឹកជំនន់ស្រកទៅនេះ ប៉ុន្តែខាងមន្ទីរនឹងខិតខំនាំទឹកពីប្រភពទំនប់អាងបាសាក់ ស្ថិតក្នុងស្រុករុក្ខគិរី មកជួយសង្គ្រោះស្រូវរបស់ពលរដ្ឋ នៅក្នុងភូមិទាំងពីរនេះ ឲ្យអស់ពីលទ្ធភាព និងឲ្យបានទាន់ពេលវេលា តាមការចង់បានរបស់ពលរដ្ឋ ដើម្បីជួយស្ដារជីវភាពរបស់ពួកគាត់ឡើងវិញ។

ពលរដ្ឋម្នាក់តំណាងឲ្យពលរដ្ឋដែលរស់នៅក្នុងភូមិអង្រ្គង និងភូមិដូនទ្រីបានថ្លែងថា ស្រូវរបស់ពួកគាត់ដែលកំពុងខ្វះទឹកនេះ គឺប្រភេទស្រូវសែនក្រអូប ស្រូវអូអឹម និងស្រូវណាំបុងជាដើម ដោយស្រូវខ្លះមានអាយុកាលលើស១ខែ ខ្លះមូលដើម និងខ្លះទៀតកំពុងផើម ខណ:ស្រូវខ្លះក៏បានបែកចេញផ្កាផងដែរ។

ពលរដ្ឋបន្តថា ស្រូវទាំងអស់នោះខ្លះមានទឹកនៅតិចៗ និងខ្លះទៀតគោកដីបែកក្រហែង តែមិនទាន់ក្រៀមស្វិតនោះទេ ដែលបញ្ហានេះធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ ខ្លាចស្រូវស្វិតកាន់តែធ្វើឲ្យជីវភាពមានការលំបាក ខណ:ស្រូវកាលពីធ្វើនៅដើមរដូវវស្សា ឆ្នាំ២០២០ ក៏ត្រូវទឹកជំនន់លិចរងការខូចខាតអស់ ដូច្នេះពួកគាត់សូមស្នើសុំអាជ្ញាធរខេត្ត ក៏ដូចជាមន្ត្រីជំនាញធនធានទឹក ជួយអន្តរាគមន៍នាំទឹកមកសង្គ្រោះជាបន្ទាន់ផង។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានលើកឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ក្នុងការចុះពិនិត្យស្ថានភាពស្រូវ ស្រាល ឬស្រូវប្រាំង កំពុងខ្វះខាតទឹកស្រោចស្រព នៅតំបន់ក្រោមអាងរាមគន់ ចំណុចភូមិអង្គ្រង និងភូមិដូនទ្រី ស្ថិតក្នុងឃុំជ្រៃ ស្រុកមោងឫស្សី ថា សម្រាប់ស្រូវនៅចំណុចភូមិដូនទ្រី និងភូមិអង្គ្រងនេះ គឺជាស្រូវក្រៅផែនការរបស់ខេត្ត ក្នុងការស្ដារការដាំដុះឡើងវិញ នាពេលក្រោយពីទឹកជំនន់ស្រកទៅនេះ ខណ:ស្រូវក្នុងផែនការ ត្រូវស្ដារឡើងវិញមានប្រមាណ ២ម៉ឺនហិកតា កំពុងមានទឹកដាក់គ្រប់គ្រាន់។

លោកបានបន្ថែមថា ប៉ុន្តែក្រោមការចង្អុលបង្ហាញរបស់លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រាប់ឲ្យមន្ទីរតាមខេត្ត ក៏ត្រូវតែគិតគូរខ្វល់ខ្វាយផងដែរ ក្នុងការជួយអន្តរាគមន៍ នូវស្រូវក្រៅផែនការនេះ ដោយត្រូវនាំទឹកពីប្រភពនានា ដើម្បីយកមកស្រោចស្រពតាមសំណូមពររបស់ពលរដ្ឋទៅតាមលទ្ធភាព។

លោកបញ្ជាក់ថា មន្ទីរនឹងខិតខំនាំទឹកពីប្រភពទំនប់អាងបាសាក់ ស្ថិតក្នុងស្រុករុក្ខគិរី មកជួយសង្គ្រោះស្រូវរបស់ពលរដ្ឋ នៅក្នុងភូមិទាំងពីរនេះ ឲ្យអស់ពីលទ្ធភាព និងឲ្យបានទាន់ពេលវេលា តាមការចង់បានរបស់ពលរដ្ឋ ដើម្បីជួយស្ដារជីវភាពរបស់ពួកគាត់ឡើងវិញ បន្ទាប់ពីបានរងការប៉ះពាល់ដោយទឹកជំនន់ កាលពីឆ្នាំ២០២០នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here