ឆ្នាំ២០២០សំណុំរឿងជាង៦០០ ករណីពាក់ព័ន្ធបទល្មើសធនធានធម្មជាតិ ត្រូវបានបញ្ជូនទៅកាន់តុលាការ

0
12

ភ្នំពេញ៖ រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រាបានថ្លែងថា នៅឆ្នាំ ២០២០ កន្លងទៅ សំណុំរឿងបទល្មើសធនធានធម្មជាតិដែលត្រូវ បានបញ្ជូនទៅកាន់តុលាការមានចំនួន ៦០៥ ករណី និងមានការផាកពិន័យអន្តរការណ៍លើជនប្រព្រឹត្តល្មើសចំនួន ៨៥៧ ករណី និងបទល្មើសដែលត្រូវធ្វើការអប់រំនិងធ្វើកិច្ចសន្យាមានចំនួន ២៩៤៦ ករណី។

យោងតាម លទ្ធផលនៃការអនុវត្តច្បាប់របស់ក្រសួងបរិស្ថានក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ ឆ្នាំ២០២០ របស់ក្រសួងបរិស្ថានបានឲ្យដឹងថា ការអនុវត្តច្បាប់ទប់ស្កាត់និង បង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបទល្មើសដែលបង្ក្រាប បាននៅឆ្នាំ២០២០ មានកំណើនចំនួន ៣៤៤២ករណី ឬកើនឡើងប្រមាណ ៣០%។

បើតាមលោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅពេញមួយឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សទាំង ១២០០ នាក់នៃក្រសួងបរិស្ថានបាន ចុះល្បាតសរុបចំនួន ២៧.៥៨៨ លើក ខណៈនៅការចុះល្បាតនៅឆ្នាំ ២០១៩ មានចំនួន ២៤.០៤៨ លើក ពោលគឺមានការចុះល្បាតមានការកើនឡើងចំនួន ៣.៥៤០ លើក។ ក្នុងការចុះល្បាតនេះ មន្ត្រី ឧទ្យានុរក្សដែលជាមន្ត្រីនគរបាល យុត្តិធម៌បាមបង្ក្រាបបទល្មើសបានចំនួន ៨.៩១៧ ករណី ខណៈឆ្នាំ ២០១៩ បង្ក្រាបបានបទល្មើសធនធានធម្មជាតិចំនួន ៥.៤៧៥ ករណីគឺមានការកើនឡើងចំនួន ៣.៤៤២ ករណី។

តាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងបរិស្ថានបទល្មើសដែលបង្ក្រាបបានភាគច្រើនជាបទល្មើសលួចកាប់ឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វ។

លោកថាការបង្ក្រាបនិងទប់ស្កាត់បទល្មើសមានការកើនឡើងបានបង្ហាញពីការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព និងបង្ហាញពីការខិតខំរបស់មន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ការពារធម្មជាតិនិងអ្នកពាក់ព័ន្ធដោយមិនខ្លាចនឿយហត់ក្នុងការចុះល្បាតការពារព្រៃឈើនិងជីវៈចម្រុះ។

លោកបន្ថែមថា ក្នុងប្រតិបត្តិការចុះល្បាតនិងបង្ក្រាបបទល្មើស នៅឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានរឹបអូសរណាយន្តបានចំនួន ៤.០០៤ គ្រឿង គឺមានការកើនឡើងប្រមាណ ៥០០ គ្រឿង ខណៈនៅឆ្នាំ ២០១៩ រណាយន្តដែលត្រូវបានរឹបអូសមានចំនួន ៣.៤៩៤ គ្រឿង។ នៅឆ្នាំ២០២០កន្លងទៅ រថយន្តចំនួន ២១៥ គ្រឿងដែលប្រព្រឹត្តបទល្មើសត្រូវបានរឹបអូស និងគោយន្តចំនួន ៦១១ គ្រឿង ព្រមទាំងម៉ូតូចំនួន ៥៩០ គ្រឿងត្រូវបានដកហូតផងដែរ ។ មន្ត្រីឧទ្យានុរក្សក៏បានដកហូត កាំភ្លើងកែច្នៃដែលប្រើសម្រាប់បរបាញ់សត្វបានចំនួន ៧៣៧ ដើម និងដកហូតឈើបានចំនួន ២៧១៨ម៉ែត្រគូប។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ជាមួយប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ បទល្មើសព្រៃឈើខ្នាតធំលែងមានទៀតហើយ គឺនៅមានបទល្មើលព្រៃឈើខ្នាតតូច ដែលមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងបន្តសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូបន្តអប់រំផ្សព្វផ្សាយច្បាប់ និងអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសបន្តទៀតដើម្បីថែរក្សានិងការពារធនធានធម្មជាតិដែលកម្ពុជានៅមាននេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here