ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ នស/រកត/០១២១/០៣០ ស្តីពីការបន្ថូរបន្ថយទោស និងការលើកលែងទោស។
យោងតាមព្រះរាជក្រឹត្យ គឺព្រះរាជក្រឹត្យនេះកំណត់អំពីពិធីបុណ្យ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការបន្ធូរបន្ថយទោស និងការលើកលែងទោសចំពោះទណ្ឌិត ក្នុងគោលបំណងដើម្បីធ្វើសមាហរណកម្មទណ្ឌិតនោះឱ្យចូលទៅ រួមរស់ក្នុងសង្គមវិញ ឬក្នុងគោល បំណងផ្នែកមនុស្សធម៌។
ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងការលើកលែងទោសគឺ ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងការលើកលែងទោសចំពោះទណ្ឌិតត្រូវកំណត់ ៥ (ប្រាំ) ដង ក្នុងមួយឆ្នាំ ដូចតទៅ៖ ១-ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍។ ២-ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ៣-ពិធីបុណ្យវិសាខបូជា។ ៤-ពិធីបុណ្យឯករាជ្យជាតិ។ ៥-ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ការបន្ធូរបន្ថយទោស និងការលើកលែងទោស ក៏អាចធ្វើផងដែរក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ។
ព្រះរាជក្រឹត្យនេះមានវិសាលភាពគ្របដណ្តប់ទៅលើការបន្ធូរបន្ថយទោស និងការលើកលែង ទោសចំពោះទណ្ឌិតទាំងអស់ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារដោយសាលក្រម ឬសាលដីកាស្ថាពរ របស់តុលាការនៃព្រះរាជាណាចក្រកម្ពុជា និងចំពោះទណ្ឌិតដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារដោយ តុលាការនៃរដ្ឋបរទេស ប៉ុន្តែ ត្រូវបានបញ្ជូនមកឱ្យអនុវត្តទោសនៅព្រះរាជាណាចក្រកម្ពុជា ដោយផ្អែក តាមការព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេសនោះ។
ព្រះរាជក្រឹត្យនេះមិនអនុវត្តចំពោះការលើកលែងទោសឱ្យទណ្ឌិត ដូចមានបញ្ញត្តិក្នុងមាត្រា ៧៧នៃច្បាប់ស្តីពីពន្ធនាគារឡើយ។ ការបន្ធូរបន្ថយទោស និងការលើកលែងទោស ក៏អាចធ្វើសម្រាប់ពិធីបុណ្យនីមួយដាច់ដោយឡែកពីគ្នា ឬរួមគ្នា។
លក្ខខណ្ឌដោយឡែកនៃការបន្ធូរបន្ថយទោសគឺទណ្ឌិតដែលបានបំពេញលក្ខខណ្ឌតាមបញ្ញត្តិនៃមាត្រា៥ នៃព្រះរាជក្រឹត្យនេះ អាចទទួលការ បន្ធូរបន្ថយទោសបាន លុះត្រាតែទណ្ឌិតនោះបានទទួលរងទោស ១/៣ (មួយភាគបី) នៃទោសដាក់ ពន្ធនាគារដែលតុលាការបានកំណត់។ ចំពោះទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិតត្រូវទទួលរងទោស ១០ (ដប់) ឆ្នាំជាមុនសិន៕