សម្ដេចតេជោ ហ៊ុន សែន រំលឹកដល់អ្នកសារព័ត៌មានថា «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»

0
12

ភ្នំពេញ៖ តាមរយៈសារលិខិតផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួប រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥ នៅថ្ងៃទី១៣ មករា នេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អ្នកសារព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវការអនុវត្តឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន និងគោរពតាមគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។

សម្តេចតេជោ ហ៊ុន សែន បានព្រមានថា «ខ្ញុំក៏សូមរំលឹកផងដែរថា នៅក្នុងជំនួបលើកទី៤ រវាងរាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មានកាលពីឆ្នាំកន្លងទៅរាជរដ្ឋាភិបាលបានផ្តល់មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដើម្បីការពារអ្នកសារព័ត៌មានតាមការស្នើសុំរបស់ស្ថាប័នសារព័ត៌មាន ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូន។ ប៉ុន្តែរាជរដ្ឋាភិបាលនឹងមិនអត់ឱនដល់អ្នកសារព័ត៌មានដែលបំពានច្បាប់មិនគោរពវិជ្ជាជីវៈហើយប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោមស្លាកសារព័ត៌មានបំរើផលប្រយោជន៍ផ្ទាល់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសង្គមឡើយ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមាននឹងមិនអត់ឱនដល់អ្នកសារព័ត៌មានដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ ហើយប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោមស្លាកសារព័ត៌មានបំរើផលប្រយោជន៍ផ្ទាល់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសង្គមឡើយ។

ការព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ មានអ្នកសារព័ត៌មាននិងជនឱកាសនិយមមួយចំនួនតូចបាននិងកំពុងប្រើប្រាស់ស្ថាប័នព័ត៌មានធ្វើសកម្មភាពទុច្ចរិតជំរិតទារប្រាក់ជាថ្នូរនឹងការមិនចុះផ្សាយ ឬលុបព័ត៌មានដែលបានចុះផ្សាយ ការដើរតួនាទីជាចៅក្រមកាត់សេចក្ដីនូវរឿងទំនាស់បញ្ហាដីធ្លី ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្នែការពិត បំប៉ោងសភាពការណ៍ ជេរប្រមាថ ញុះញង់ និងបំពុលបរិយាកាសសង្គមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែលប្រាសចាកពីវិជ្ជាជីវៈសារព័ត៌មានដែលធ្វើឱ្យខូចតម្លៃកិត្តិយស សេចក្តីថ្លៃថ្នូរនិងកិត្យានុភាពរបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានដែលអនុវត្តបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ។

សម្តេចបន្ថែមថា «កន្លងមក ខ្ញុំបានលើកឡើងហើយថា ជំងឺកូវីដ-១៩ ជាជំងឺឆ្លងដ៏កាចសាហាវ ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានបំពុលសង្គមគឺវាកាចសាហាវឆ្លងលឿនជាងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ទៅទៀត ដែលទាមទារឱ្យរាជរដ្ឋាភិបាលចាត់វិធានការចាំបាច់ ដើម្បីការពារសេចក្តីសុខសាន្តរបស់ប្រជាជននិងការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍនៅកម្ពុជា»។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ស្នើសូមឱ្យស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ដោយធ្វើការផ្សព្វផ្សាយនូវព័ត៌មានអប់រំនិងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់ និងចូលរួមប្រឆាំងទប់ស្កាត់ លុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចឆ្លងក្នុងសហគមន៍។ជាមួយគ្នានេះដែរក៏សូមចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាប និងបំផ្លាញចោលព័ត៌មានក្លែងក្លាយដែលបំពុលបរិយាកាសសង្គម និងពង្រឹងសមត្ថភាពខាងវិជ្ជាជីវៈនិងការប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មីព្រមទាំងចេះបន្សំខ្លួនក្នុងការរស់នៅនិងការបំពេញការងារតាមគន្លងថ្មីដើម្បីការពារនិងទប់ស្កាត់ជំងឺរាតត្បាតផ្សេងទៀតដែលអាចកើតមាននៅពេលអនាគត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here