ពលរដ្ឋរីករាយចំពោះ ការប្រកាសផ្អាកនាំចូលត្រីបណ្តោះ អាសន្នពីប្រទេសជិតខាង

0
14

បាត់ដំបង៖ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងដែលមានទំហំ១៥ហិកតា ស្ថិតនៅភូមិ ព្រៃកូនសេក សង្កាត់អូរចា ក្រុងបាត់ដំបងប្រាប់ថា លោករីករាយនូវការប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ចំពោះការផ្អាកការនាំចូលបណ្តោះ អាសន្ននូវត្រីមួយចំនួនពីប្រទេសជិតខាង។

លោក អ៊ឹង គឹមលី ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងដែលមានទំហំ១៥ហិកតា ស្ថិតនៅភូមិ ព្រៃកូនសេក សង្កាត់អូរចា ក្រុងបាត់ដំបងថ្លែងថា កន្លងមកទីផ្សារត្រីចិញ្ចឹមក្នុងស្រុកមាន ការលំបាក ពេលចិញ្ចឹមត្រីបានដល់ពេលប្រមូលផល គឺមិនមានទីផ្សារគ្រប់គ្រាន់ ធ្វើឱ្យអូសបន្លាយពេលវេលានៃការចាប់លក់ នាំឱ្យចំណាយថវិកាច្រើនលើចំណីនិង ធ្វើឱ្យត្រីស្គមជាដើម។

លោកបន្ថែមទៀតថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមត្រីរបស់លោកមានប្រភេទត្រីប្រា ត្រីការហែ ត្រីអណ្តែង ត្រីទីឡាបយ៉ា និងត្រីជាច្រើនប្រភេទទៀត ដែលមានរាប់សែនក្បាល ក្នុងផ្ទៃដីចំនួន ១៥ហិកតា។

លោកសង្ឃឹមថា នៅពេលលោកប្រមូលផលត្រីរាប់រយតោននាពេលអស់ត្រីស្រែខាងមុខនេះ នឹងមានទី ផ្សារល្អ សម្រាប់អ្នកចិញ្ចឹមក្នុងខេត្ត ក្រោយពីក្រសួងបានប្រកាសបិទការនាំចូលត្រីមួយចំនួននោះ។

លោក ជួង សុភា ប្រធានខណ្ឌរដ្ឋបាលជលផលខេត្ត បាត់ដំបងថ្លែងប្រាប់ឲ្យដឹងផងដែរថា ក្រោយពីក្រសួងប្រកាសបិទការនាំចូលត្រីមួយចំនួននោះ អ្នកចិញ្ចឹមត្រីក្នុងខេត្តបាត់ដំ បង បានសម្តែងក្ដីរីករាយ ដោយពួកគាត់សង្ឃឹមថា ទីផ្សារត្រីនឹងមានភាពល្អប្រសើរឡើងវិញ។

លោកបញ្ជាក់ថា បច្ចុប្បន្នខេត្តបាត់ដំបងបានបិទការនាំ ចូលត្រីមួយចំនួនពីប្រទេស ជិតខាង ដូចជាត្រី ក្រាញ់ ត្រីឆ្ពិន ត្រីរ៉ស់ ត្រីប្រា ជាដើម ប៉ុន្តែនៅមានការលួចនាំចូលខ្លះមកកាន់ទីផ្សារ។

គួបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបាន ប្រកាសព័ត៌មានដោយអនុវត្តន៍តាមប្រសាសន៍របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្អាក បណ្តោះអាសន្នក្នុងការនាំចូលត្រីប្រា ត្រីពោ ត្រីអណ្តែង និង ត្រីឆ្តោរនិងត្រីមួយចំនួនទៀតដែលអាចចិញ្ចឹមផ្គត់ផ្គង់ក្នុងស្រុកបាន ដើម្បីរួមចំណែកការផលិតក្នុងស្រុកឱ្យបានខ្លាំងក្លានិង ឈានទៅដល់ការនាំចេញនាពេលខាងមុខនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here