ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា គោលនយោបាយជាតិស្តីពី «ដំឡូងមី» ២០ ២០-២០២៥ មានគោលបំណងធ្វើឲ្យកម្ពុជាក្លាយជាទីតាំងផលិតកែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមី ប្រកបដោ យភាពជឿទុកចិត្ត សម្រាប់ជំរុញការនាំចេញទៅទីផ្សារពិភពលោក។នេះបើ យោងតាមគេហទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។
ក្នុងពិធីសម្ពោធជាផ្លូវការនូវ គោលនយោបាយជាតិស្តីពីដំ ឡូងមី ២០២០-២០២៥ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ បានថ្លែងថា គោលនយោបាយជាតិស្តីពី ដំឡូងមី ២០២០-២០២៥ ត្រូវបានណែនាំឲ្យបង្កើត ឡើង នៅក្នុងឯកសារគម្រោងកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញពីកម្ពុជាដំណាក់កាលទីពីរ ផ្នែកដំឡូងមី (CEDEP II) និងមានចែងនៅក្នុងផែនការសកម្មភាពយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៤-២០១៨។
លោកបញ្ជាក់ថា «គោលនយោបាយជាតិនេះ មានគោលបំណងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាទីតាំងផលិតកែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ប្រកបដោយភាពជឿទុកចិត្តសម្រាប់ជំរុញការនាំចេញទៅទីផ្សារពិភពលោក និងមានគោលដៅសំខាន់ចំនួន៣ គឺ ,ទី១-ការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម ,ទី២-ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានសក្តានុពល និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលពីដំឡូងមី ដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងទី៣- ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូល និងចាប់យកចំណែកទីផ្សារ ដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ»។
ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីពាណិជ្ជកម្ម លើកឡើងថា តាមរយៈការវិភាគ ដំណាំដំឡូងមីត្រូវបានគេរកឃើញថា បានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហេតុនេះដើម្បីទាញយកសក្តានុពលនេះ កម្ពុជាគួរតែធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃរបស់ខ្លួនដោយពង្រឹងសមត្ថភាព ដែលមានស្រាប់និងបង្កើតសមត្ថភាពថ្មី ដើម្បីចាប់យកកាលានុវត្តភាពទីផ្សារ ដែលកំពុងរីកចម្រើនសម្រាប់កំណើនសេដ្ឋកិច្ចរួម និងពង្រីកសេដ្ឋកិច្ចរបស់ខ្លួន ក្នុងការចូលរួមដើម្បីសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០៣០ និង២០៥០ ជាក់ស្ដែងនៅក្នុងឆ្នាំនេះ ការប្រមូលផល និងការផ្គត់ផ្គង់មើមដំឡូងមីស្រស់ ចូលទីផ្សារពិភពលោក មានចំនួនរហូតទៅដល់១២លានតោន ដែលជាពិសេសគឺស្ថិតនៅក្នុងតំបន់អាស៊ីខាងកើត ដែលក្នុងចំណែកនៃការផ្គត់ផ្គង់ទីផ្សារទាំងនេះ កម្ពុជាជាប្រទេសផលិតដំឡូងមីដ៏ធំ ដែលស្ថិតនៅលំដាប់ទី៤ នៅក្នុងតំបន់អាស៊ី និងលំដាប់ទី១០នៅក្នុងពិភពលោក។
លោករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា គោលនយោបាយជាតិនេះគឺជាការចាប់ផ្តើមនៃដំណើរថ្មី មួយសម្រាប់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្ម ដែលនឹងនាំមកនូវកំណើនសេដ្ឋកិច្ចបន្ថែមប្រកបដោយបរិយាបន្នដល់កម្ពុជាក្នុងបរិបទប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងគាំទ្រដល់ផែនការរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅពេលខាងមុខ។
សូមជម្រាបជូនថា ដំឡូងមី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅតាមទីជនបទ និងបង្កើតការងារថ្មី ក៏ដូចជាអភិវឌ្ឍន៍វិជ្ជាជីវៈនៅក្នុងការដាំដុះ ការប្រមូលផល ការកែច្នៃ សម្រាប់ការនាំចេញ ជាពិសេសវាជាដំណាំកសិ-ពាណិជ្ជកម្មសម្រាប់ការនាំចេញ និងមិនមែនជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាឡើយ ប៉ុន្តែវាជាដំណាំសំខាន់បំផុតបន្ទាប់ពីស្រូវ ពោត និងស្រូវសាលី ហើយត្រូវបានដាំដុះដោយប្រជាកសិករនៅតាមទីជនបទ និងបានក្លាយទៅជាដំណាំសក្តានុពល ដោយសារតំបន់ដាំដុះ និងបរិមាណ នៃផលិតផល មានការពង្រីកច្រើនឡើងៗ យ៉ាងឆាប់រហ័ស៕