សហគមន៍កសិករក្នុងស្រុកបរិបូរណ៍ ទទួលឧបករណ៍ដាំគ្រាប់ស្រូវជាជួរ ចំនួន១០គ្រឿងពីរដ្ឋាភិបាលអូស្រ្តាលី

0
7

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំងបានអញ្ជើញចុះចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ ចំនួន១០គ្រឿងរបស់រដ្ឋាភិបាលអូស្រ្តាលី ដល់សហគមន៍កសិករ ក្នុងស្រុកបរិបូរណ៌ ខេត្ដកំពង់ឆ្នាំង។

កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ហៅកាត់ថា CAVAC (Cambodia-Australia Agriculture Value Chain Program) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំពិធីចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Seeder) ចំនួន ១០គ្រឿងជូនដល់សហគមន៍កសិកម្ម ដែលជាអំណោយរបស់រដ្ឋាភិបាលអូស្រ្តាលី។

ក្នុងឱកាសនេះលោកស្រី ប៊ុន សុភី អភិបាលរងខេត្ត បានរាយការណ៍ពីវិស័យកសិកម្ម ទូទៅក្នុងខេត្ត និងជាពិសេសដំណាំស្រូវ និងគ្រោះធម្មជាតិទឹកជំនន់កន្លងមក ដែលទទួលបានការជួយឧបត្ថម្ភជាគ្រាប់ពូជស្រូវពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បងប្អូនប្រជាកសិករបាន យកគ្រាប់ពូជស្រូវទៅស្តារដំណាំស្រូវដែលរងផលប៉ះពាល់សម្រេចបានចំនួន១ ៧៩២ហិចតា ស្នើនឹង ១០០%។

តបទៅនឹងជំនួយដ៏ថ្លៃថ្លានេះ តាមរយ:លោកឯកអគ្គរដ្ឋទូត លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម តាមរយ:គម្រោងកម្មវិធី ការស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យមួយនេះឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់។

លោករដ្ឋមន្ត្រី វេង សាខុន និងលោកឯកអគ្គរដ្ឋទូត បានអញ្ជើញចូលរួមប្រមូលផលស្រូវជាមួយបងប្អូនប្រជាកសិករ និងពិនិត្យមើលការលូតលាស់ដំណាំស្រូវដែលបានស្តារឡើងវិញរបស់បងប្អូនប្រជាកសិករនៅជាប់ទីតាំងប្រារព្វពិធី បន្ទាប់ពីកម្មវិធីចប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here