ភ្នំពេញ៖ លោក ឈូក ប៊ុនថន អនុប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានឱ្យដឹងថា ក្នុងរយៈពេល ១ឆ្នាំ ២០២០ កន្លងមក មានភ្ញៀវមកទស្សនាកម្សាន្ត នៅក្នុងរមណីយដ្ឋាន ប្រវត្តិសាស្ត្រ ប្រាសាទភ្នំដា ប្រមាណជាង ១ម៉ឺន ៥ ពាន់នាក់ ក្នុងនោះ ភ្ញៀវទេសចរ ជាតិជាង ១៥.០០០នាក់ និង ភ្ញៀវទេសចរអន្តរជាតិ ចំនួន ៤៣៣នាក់។
លោក ឈូក ប៊ុនថន អនុប្រធានមន្ទីរទេសចរណ៍ ខេត្តតាកែវ បានឱ្យដឹងនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ នេះថា ក្នុងរយៈពេល ១ឆ្នាំ ២០២០ កន្លងមកមានភ្ញៀវមកទស្សនាកម្សាន្ត នៅក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទភ្នំដា ប្រមាណជាង ១ម៉ឺន ៥ពាន់នាក់ ក្នុងនោះភ្ញៀវទេសចរ ជាតិជាង ១៥.០០០នាក់ និង ភ្ញៀវទេសចរ អន្តរជាតិ ចំនួន ៤៣៣នាក់។
លោកបានបន្តថារហូតមកដល់ ពេលនេះក៏នៅតែមាន ភ្ញៀវទេសចរមកលេងកម្សាន្តជាហូរហែផងដែរ ដោយសារតែទីនេះមានទេសភាពស្រស់ស្អាត ជាមួយវាលស្រែដាច់កន្ទុយភ្នែក ដែលមានទេសភាពពណ៌មាសនៃ ស្រូវ ទុំលាយឡំជាមួយនឹង ទេសភាពវាលស្រែពណ៌បៃតង។
លោក បន្ថែមថាភ្ញៀវទេសចរ ដែលពួកគាត់ចូលចិត្តមកកម្សាន្តនៅទីនេះដោយសារតែ ពួកគាត់មាន គោលបំណងឈ្វេងយល់ ចង់ចេះ ចង់ដឹង ព្រមទាំងបានពុះពារមិនខ្លាចនឿយហត់ ចូលទៅទស្សនាយ៉ាងហូរហែ អំពីសក្តានុពល វប្បធម៌នា សម័យកោះ គោកធ្លក ដើម្បីធ្វើការ ស្រាវជ្រាវ អំពីស្នាដៃ ដែលជាកេរដំណែលដ៏ល្បីល្បាញនៃបុព្វបុរសខ្មែរយើងពីជំនាន់ដើម ព្រមទាំងអាចស្រូបយក ខ្យល់អាកាសបរិសុទ្ធផងដែរ។ ប្រាសាទភ្នំដាបើ និយាយបុរាណដ្ឋានស្រុកខ្មែរគេចាត់ទុកថាប្រាសាទភ្នំដាគឺជា ប្រាសាទដែលកសាងមុនគេបង្អស់ដើម្បីគេ ស្រាវជ្រាវ ប្រាសាទបុរាណ នៅស្រុកខ្មែរ គឺចាប់ផ្ដើមពីប្រាសាទភ្នំដាទៅមុន។
យោងតាម ឯកសារប្រាសាទភ្នំដា កសាងពីថ្មបាយក្រៀម ទំហំវាប្រហែល ៨ម៉ែត្របួនជ្រុង។ ភ្នំនេះច្រើនមានអ្នកមកពីតំបន់អឺរ៉ុប គឺជនជាតិអាម៉េរិក គេជាអ្នកមកធ្វើការស្រាវជ្រាវ។
កញ្ញា មាស សុជាតា ជាភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត នៅប្រាសាទភ្នំដា ក៏បានឱ្យដឹងដែរថានៅទីនោះ ពិតជាមានទេសភាព ស្រស់ស្អាតណាស់ ជាពិសេស គឺវាលស្រែ ដ៏ខៀវស្រងាត់ មានខ្យល់បរិសុទ្ធជាកន្លែង ស័ក្ដិសិទ្ធិ ក្នុងការបន់ស្រន់ ព្រមទាំងមានរូបចម្លាក់ក្បូរក្បាច់រចនានៅលើប្រាសាទ គួរជាទីគយគន់រំសាយអស់ ទុក្ខកង្វល់ ពេលបានទៅទស្សនាកម្សាន្តនៅទីនោះ។
គួបញ្ជាក់ថា ប្រាសាទភ្នំដា ជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយ មានវ័យចំណាស់ជាងគេ ក្នុងចំណោមរមណីយដ្ឋាន ទេសចរណ៍ទូទាំងព្រះរាជាណាចក្រ កម្ពុជា ជាដែនដីចំណាស់នៃនគរ គោកធ្លក ស្ថិតនៅឃុំគោកធ្លក ស្រុកអង្គរ បូរី ខេត្តតាកែវ មានចម្ងាយ ១០២ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
គួឲ្យដឹងផងដែរថា រមណីយដ្ឋានតំបន់ទេសចរណ៍ ភ្នំដានារដូវនេះទេសភាព ពិតជាអស្ចារ្យណាស់និង បានឃើញ សម្រស់វាលស្រែខៀវស្រងាត់ ដាច់កន្ទុយភ្នែក អមជាមួយនឹង ខ្យល់អាកាស បរិសុទ្ធដែល អាចរំសាយ អស់ទុក្ខ កង្វល់ បន្ទាប់ពីបំពេញការងារ៕