អភិបាលខេត្ដបាត់ដំបង ជំរុញអាជ្ញាធរនៅតាមបន្ទាត់ព្រំដែន ពង្រឹងការត្រួតពិនិត្យ កុំឱ្យពលករធ្លាយទៅដល់មូលដ្ឋាន

0
8

បាត់ដំបង៖ លោក ងួន រតនៈ អភិបាល ខេត្ត បាត់ដំបង ជំរុញដល់អាជ្ញាធរតាមបន្ទាត់ព្រំដែនបន្ថែមកម្លាំងយាមកាមឱ្យបានច្បាស់លាស់នៅបន្ទាត់ព្រំដែន កុំមានការថ្លោះធ្លោយ និងបន្តដាក់កម្លាំងឆែករថយន្តតាក់ស៊ី នៅតាមដងផ្លូវបន្ថែម ជៀសវាងកុំឱ្យពលករធ្លាយទៅដល់មូលដ្ឋានផ្សេងៗផងដែរ។

លោក ងួន រតនៈ អភិបាលខេត្ដបាត់ដំបង បានណែនាំដល់រដ្ឋបាលស្រុក នៅក្នុងកិច្ចប្រជុំបន្ទាន់ស្តីពីការគ្រប់គ្រងពលករវិលត្រឡប់មកពីប្រទេសថៃ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ត្រូវរៀបចំបន្ទប់ទឹកបន្ថែម និងរៀបចំផ្លូវឱ្យពួកគាត់សម្រាប់ប្រើប្រាស់ ដើម្បីជៀសវាងការប្រើប្រាស់ជាមួយពលករផ្សេងទៀត។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានឱ្យដឹងថា តាមរយៈទាហានទំនាក់ទំនងកម្ពុជា-ថៃ និងការផ្តល់ព័ត៌មានពីភាគីថៃ គឺថាមានករណីសង្ស័យពលករមួយចំនួន ដែលវិលត្រឡប់ពីប្រទេសថៃមានផ្ទុកជំងឺកូវិដ ១៩ ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំពួកគាត់ឱ្យរស់នៅដាច់ដោយឡែកពីពលករផ្សេងៗ។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ស្នងការ ស្នងការរងនគរបាលខេត្ត លោកអភិបាល អភិបាលរង ស្រុកទាំង ៣ ដែលស្ថិតនៅតាមបន្ទាត់ព្រំដែនខេត្ដបាត់ដំបង កម្លាំងវរៈការពារព្រំដែន កម្លាំងយោធភូមិភាគទី៥ និងកម្លាំងចម្រុះពាក់ព័ន្ធនានាជាច្រើនទៀត។

គួរបញ្ជាក់ថា លំហូរចូលពលករខ្មែរនៅតាមបន្ទាត់ព្រំដែននៅតែបន្តមានជាហូរហែរពីមួយថ្ងៃទៅមួយថ្ងៃប្រមាណជាង ៥០ ទៅ ១០០ នាក់ និងមានការកើនឡើងការផ្ទុះជំងឺកូវីដ ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here