ពលរដ្ឋខ្មែរ ផ្លាស់ប្តូរផ្នត់គំនិតស្រឡាញ់បរិស្ថានច្រើនជាងមុន

0
10

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថាមួយរយៈកន្លងទៅពលរដ្ឋខ្មែរបានផ្លាស់ប្តូរផ្នត់គំនិតស្រឡាញ់បរិស្ថានច្រើនជាងមុន តាមរយៈការធ្វើដំណើរកម្សាន្តនៅតាមតំបន់ការពារធម្មជាតិកាន់តែច្រើន។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងក្នុងការជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ បង្កើនកិច្ចសហការជាមួយគ្នា ក្នុងគោលបំណងគ្រប់គ្រងទេសចរណ៍ធម្មជាតិឱ្យកាន់តែប្រល្អប្រសើររីកចម្រើនទេសចរណ៍ធម្មជាតិ ជានិនាការថ្មីរបស់សង្គមកម្ពុជានិងជួយកសាងសេដ្ឋកិច្ចមូលដ្ឋាននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ថា កន្លងទៅប្រជាជនកម្ពុជាបានផ្លាស់ប្តូរផ្នត់គំនិតស្រឡាញ់បរិស្ថានច្រើនជាងមុន តាមរយៈការធ្វើដំណើរកម្សាន្តនៅតាមតំបន់ការពារធម្មជាតិកាន់តែច្រើន។

លោករដ្ឋមន្រ្តីបន្ថែមទៀតថា ការធ្វើដំណើរកម្សាន្តនៅតាមតំបន់ធម្មជាតិទាំងអស់នេះ បានជួយលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍ ឱ្យបង្កើនការយកចិត្តទុកដាក់លើការការពារ និងអភិរក្សធធានធម្មជាតិ និងចូលរួមចំណែកសំខាន់ដល់ការបង្កើនសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលដ្ឋនៅតាមសហគមន៍។

ក្នុងនោះផងដែរ សមាគម និងក្រុមមគ្គុទ្ទេសក៍ ក៏បានសំនូមពរថា រាល់កិច្ចការត្រូវស្វែងយល់ផងដែរអំពីតំបន់មួយចំនួននៅតាមតំបន់ការពារធម្មជាតិ ដែលមានតម្លៃខ្ពស់សម្រាប់ការអភិរក្សជីវៈចម្រុះ និងមួយចំនួនមិនទាន់មានសុវត្ថិភាពគ្រប់គ្រាន់នៅឡើយ ដែលត្រូវការសហការគ្នារៀបដំណើរទេសចរណ៍ឱ្យបានល្អទាំងសុវត្ថិភាព សុខភាព និងអនាម័យបរិស្ថាន។

ក្រោយពីបានស្តាប់នូវសំណូមពរដែលបានលើកឡើង ពីសំណាក់សមាគម និងក្រុមមគ្គុទ្ទេសក៍ ដើម្បីស្វែងយល់ពីតម្រូវការ និងភាពចាំបាច់ សំដៅរួមគ្នារៀបចំទេសចរណ៍ធម្មជាតិឱ្យបានល្អប្រសើរ។

ក្រសួងបរិស្ថានឆ្លើយតបថា នឹងយកចិត្តទុកដាក់បន្ថែមសុខសុវត្ថិភាព សុខភាព ការសង្រ្គោះបន្ទាន់ ការគ្រប់គ្រងអនាម័យ និងសំអាតបរិស្ថានឱ្យបានល្អនៅតាមតំបន់ការពារធម្មជាតិ ដើម្បីជាប្រយោជន៍យូរអង្វែងដល់កូនចៅតជំនាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here