ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ទីរពាក់ព័ន្ធដូចជាមន្ទីរធនធានទឹក មន្ទីរសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខណ្ឌរួមគ្នា ដើម្បីអញ្ជើញប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយនឹងប្រឡាយទូលពង្រ១មកប្រជុំធ្វើការដោះស្រាយ ធ្វើយ៉ាងណាជំរុញការងារនេះឱ្យបានលឿន និងទាន់ពេលវេលា។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងកាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅក្នុងអង្គប្រជុំពិភាក្សាមួយដើម្បីស្ដារប្រឡាយមេធំមួយ នៅប្រឡាយទួលពង្រ ១ ខណៈតំបន់នេះ បានទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ ប្រឡាយទួលពង្រ១ ដែលគ្រោងស្តារឡើងវិញនេះទំហំប្រឡាយ មានលក្ខណៈរួមតូច មានគេចាក់ដីបិទមុខទឹកហូរ ដែលតម្រូវឱ្យធ្វើការស្ដារប្រឡាយនេះជា បន្ទាន់ ហើយការសាងសង់ប្រឡាយនេះ ត្រូវសាងសង់ឡើងជាប្រឡាយបេតុងឱ្យបានទទឹង ៨ម៉ែត្រ និងបណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រ គុណនឹង ២,៦៥ម៉ែត្រ មានចំនួន៣ជួរ ប្រវែង ៤៤៥ម៉ែត្រ ចាប់ពីបុរីជីបម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិ លេខ៣ទំហំ ៦ម៉ែត្រគុណ នឹង២ម៉ែត្រប្រវែង ១២២០ម៉ែត្រ ចាប់ពីបូរី GreenVill ដល់ដើមប្រឡាយ ទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន ៧កន្លែងផងដែរ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅក្នុងកិច្ចប្រជុំថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាគ្នារកដំណោះស្រាយដើម្បីស្តារប្រឡាយមេមួយនេះឱ្យ បានធំ ក្រោយពីទឹកជំនន់បានជន់លិចនាពេលកន្លងមក។
លោកអភិបាលបន្តថា បើកិច្ចប្រជុំលើកនេះ មិនមានដំណោះស្រាយ ឱ្យបានល្អនៅឡើយទេ រដ្ឋបាលរាជធានីភ្នំពេញ និងលើកជាអង្គប្រជុំនៅសប្តាហ៍ក្រោយទៀត ដើម្បីធ្វើយ៉ាងណា អនុវត្តន៍ការ ស្ដារប្រឡាយនេះឱ្យបានជោគជ័យ បញ្ចៀសនូវការលិចលង់ លំនៅឋានរបស់ប្រជាពលរដ្ឋ។
លោកក៏បានជំរុញឱ្យ មន្ទីរពាក់ព័ន្ធដូចជាមន្ទីរធនធានទឹក មន្ទីរសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខណ្ឌរួមគ្នា ដើម្បីអញ្ជើញប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយនឹងប្រឡាយនេះ មកប្រជុំធ្វើការដោះស្រាយ ធ្វើយ៉ាងណាជំរុញការងារនេះឱ្យបានលឿន និងទាន់ពេលវេលាផងដែរ៕