រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាឲ្យស្នងការគ្រប់រាជធានី-ខេត្ត លុបបំបាត់យានយន្ដកែច្នៃបំពង់ស៊ីម៉ាំង បង្កសំឡេងរំខានដល់ពលរដ្ឋ

0
11

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ពិសេស ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការបន្ទាន់ដើម្បីចុះត្រួតពិនិត្យ និងលុបបំបាត់យានយន្ដកែច្នៃបំពង់ស៊ីម៉ាំង បង្កសំឡេងរំខានដល់ការ រស់នៅរបស់ប្រជាពលរដ្ឋ។

តាមរយៈសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ សម្ដេច ស ខេង បានបញ្ជាក់ ថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានស្នងការដ្ឋាននរបាលរាជធានី-ខេត្ត អធិការ ដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ ជាសេនាធិការ ត្រូវចុះត្រួតពិនិត្យ និងធ្វើការអប់រំណែនាំដល់ម្ចាស់ទីតាំងកែច្នៃយានយ ន្ដឲ្យបញ្ឈប់រាល់កែច្នៃយានយន្ដខុសបច្ចេកទេស ។ ក្នុងករណីបន្ដលបលួចកែច្នៃ ត្រូវចាត់វិធានការដ្ឋបាល និងវិធានការ ច្បាប់ឲ្យបានម៉ឺងម៉ាត់។

សម្ដេច ស ខេង ថ្លែងថា «កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ ពិសេស ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការបន្ទាន់ ណែនាំដល់កម្លាំងដែល មានសមត្ថកិច្ចក្រោមឱវាទទាំងអស់ ធ្វើការត្រួតពិនិត្យ និងលុបបំ បាត់ឲ្យបានរាល់ការប្រើប្រាស់យានយន្ដកែច្នៃបំពងស៊ីម៉ាំង ឬដោះបំពង់ស៊ីម៉ាំង និងណែនាំដល់អ្នកបញ្ជាយានយន្ដបង្ក សម្លេងរំខានដល់ប្រជាពលរដ្ឋ»។

ជាមួយគ្នានោះសម្ដេចក្រឡាហោម ក៏បានបញ្ជាទៅដល់ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវណែនាំកម្លាំងមានសមត្ថកិច្ច ត្រូវបំពេញតាមតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងគ្មានការលើកលែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here