អតីតយុទ្ធជនជាង៦០០គ្រួសារក្នុងខេត្ដពោធិ៍សាត់ នឹងទទួលបានដីសម្បទានសង្គមកិច្ចឆាប់ៗនេះ

0
6

ភ្នំពេញ៖ ប្រធានមន្ទីររៀបចំដែនដីខេត្ដពោធិ៍សាត់បានឲ្យដឹងថា ដីសម្បទាសង្គមកិច្ចស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ គ្រោងនឹងចាប់ឆ្នោតប្រគល់ជូនគ្រួសារអតីតយុទ្ធជន ចំនួន៦២៨គ្រួសារ ដោយចែកចេញជា២ដំណាក់កាលនាពេលឆាប់ៗខាងមុខនេះ ។

លោក ឱន សុទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងកាលពីថ្ងៃទី១៦ ខែមករា ឆ្នៃ២០២១ក្នុងការអមដំណើរលោកអភិបាលខេត្ដចុះពិនិត្យទីតាំង ដីសម្បទានសង្គមកិច្ច ទាំងដីលំនៅដ្ឋាន និងដីកសិកម្ម ដែលគ្រោងនឹងចាប់ឆ្នោតប្រគល់ជូនគ្រួសារអតីតយុទ្ធជនក្នុងខេត្ត ចំនួន៦២៨គ្រួសារថា ដីសម្បទាសង្គមកិច្ចខាងលើនេះ គ្រោងនឹងចាប់ឆ្នោតប្រគល់ជូនគ្រួសារអតីតយុទ្ធជនចំនួន៦២៨គ្រួសារ ដោយចែកចេញជា២ ដំណាក់កាលគឺ៖ ដំណាក់កាលទី១ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅបរិវេណសាលាខេត្ត ស្ថិតក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ចំនួន៣៦៦គ្រួសារ និងដំណាក់កាលទី២ ចំនួន២៦២គ្រួសារ នាពេលឆាប់ៗខាងមុខ ។លោកបន្ថែមថា ក្នុងមួយគ្រួសារៗនឹងទទួលបាន ផ្ទៃដីលំនៅដ្ឋាន និងដីកសិកម្ម ទំហំ៧០x១៥០ម៉ែត្រ ស្មើនឹង១ហិកតា ៥អា។

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត បានថ្លែងផងដែរថា ការផ្តល់ជូនដីសម្បទាសង្គមកិច្ចខាងលើនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខគ្រួសារ និងអតីតយុទ្ធជន ដែលបានខិតខំបំពេញបេសកកម្មការពារជាតិមាតុភូមិ រហូតទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃ។ ដោយមើលឃើញពីពលីកម្មដ៏ធំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចរដ្ឋបាលខេត្ត បានរៀបចំដីលំនៅដ្ឋាន និងដីកសិកម្ម ជាការរំលឹកដឹងគុណ ចំពោះអតីតយុទ្ធជនយើង។

លោកអភិបាលខេត្ដរំពឹងទុកថា ក្រោយពីទទួលបានដីសម្បទានសង្គមកិច្ចនេះ បងប្អូនគ្រួសារ និងអតីតយុទ្ធជនទាំងអស់ នឹងយកទៅគ្រប់គ្រង និងធ្វើការដាំដុះ បង្កបង្កើនផល ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។

លោកអភិបាលខេត្ដក៏បានបានបន្តចុះពិនិត្យមើល ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ តភ្ជាប់ពីទីប្រជុំជន ឃុំឈើតុំ ស្រុកក្រគរ ឆ្ពោះទៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដែលមានប្រវែង១៤គីឡូម៉ែត្រ ប្រើប្រាស់ថវិការបស់ខេត្តផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here