ភ្នំពេញ៖ ក្នុងចំណោមពលករជិត ៩០នាក់នៅមណ្ឌលចក្តាឡីស័កអតីតសាលាខេត្តចាស់ ក្នុងខេត្ដកោះកុង គឺមាន២០នាក់ប៉ុណ្ណោះដែលអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតវិញដោយពួកគាត់បានធ្វើចត្តាឡីស័កគ្រប់ចំនួន១៤ថ្ងៃ និងធ្វើតេស្ដមិនឃើញវត្តមានជំងឺកូវីដ១៩។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង អរគុណចំពោះកិច្ចចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩របស់ពលករជាមួយអាជ្ញាធរខេត្ត ក្រសួងសុខាភិបាល ពិសេសរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីបានឲ្យដឹងថា ពលករដែលអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះជួបជុំគ្រួសារនោះ មានខេត្តកំពត កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង ដោយពួកគាត់បានអនុវត្តការធ្វើចត្តាឡីស័កគ្រប់ចំនួន១៤ថ្ងៃ និងធ្វើតេស្ដសំណាករកពុំឃើញវីរុសកូវីដ១៩ឡើយ។
លោកស្រីអភិបាលខេត្ដ ក៏បានណែនាំពលករសូមបន្តធ្វើអនាម័យសុខភាពអំឡុងពេលទៅដល់លំនៅដ្ឋាន ករណីមានរោគសញ្ញាសង្ស័យណាមួយ គប្បីប្រញាប់ទៅមន្ទីរពេទ្យនៅក្បែរមូលដ្ឋានរស់នៅ។
ពលករម្នាក់តំណាងឲ្យពលករទាំង២០នាក់បង្ហាញភាពត្រេកអរ ពេលសុខភាពរបស់ពួកគេរឹងមាំ ជៀសផុតពីជំងឺកូវីដ ១៩ ដោយធ្វើចតា្តឡីស័ក ហើយតេស្តសំណាកចំនួន៣លើករកពុំឃើញជំងឺកូវីដ១៩ និងបានត្រលប់ទៅផ្ទះវិញដោយសុវត្ថិភាព។
គួរបញ្ជាក់ឲ្យដឹងថា អាជ្ញាធរ រដ្ឋបាល មន្រ្តីសុខាភិបាល និងកងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងមូលដ្ឋានខេត្តកោះកុង កំពុងបង្កើនការតាមដានពិនិត្យលំហូចំនួនពលករខ្មែរគ្រប់ច្រកចេញចូលនៃព្រំដែន ជាពិសេសច្រករបៀង ត្រៀមទទួលពលករមកធ្វើចត្តាឡីស័ក២៤ម៉ោងលើ២៤ម៉ោង៕