កម្ពុជាទទទួលជំនួយឧបត្ថម ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីអភិរក្សប្រាសាទ

0
8

ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានចុះហត្ថលេខាផ្តល់នូវជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិរក្សប្រាសាទដ៏មានតម្លៃរបស់កម្ពុជាគឺ ប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង។

យោងតាម ក្រសួង ព័ត៌មាន បាន ឲ្យ ដឹង ថា ជំនួយទាំងនេះ ទទួលបានមកពី មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ជាកម្មវិធីជំនួយមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានថ្លែងថា ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានអនុម័តលើជំនួយជាថវិកាចំនួន ១២ម៉ឺនដុល្លារ ជូនដល់អាជ្ញាធរជាតិព្រះវិហារ ដើម្បីអភិរក្សជណ្តើរខាងជើង នៃប្រាសាទព្រះវិហារ ដែលត្រូវបានសាងសង់នៅសតវត្សទី១១។ លោកបន្តថា    ជំនួយនេះ នឹងត្រូវប្រើប្រាស់ផងដែរសម្រាប់ជួសជុលឡើងវិញ នូវប្រព័ន្ធបង្ហូរទឹកសម័យបុរាណ នៅសងខាងនៃជណ្តើរនោះ។

សម្រាប់ទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារ ទៀត ត្រូវផ្តល់ជូនមូលនិធិប្រាសាទពិភពលោក (WMF) សម្រាប់បន្តការងារអភិរក្សក្នុងដំណាក់កាលទី៥ នៃគម្រោងនៅប្រាសាទភ្នំបាខែង ក្នុងក្រុងសៀមរាប សម្រាប់រយៈពេល ២៤ខែ រហូតដល់ឆ្នាំ២០២២។ គម្រោងនេះនឹងដំណើរការទៅក្នុងបរិបទនៃទំនាក់ទំនងរយៈពេលយូររបស់អង្គការ WMF ជាមួយអាជ្ញាធរជាតិអប្សរា។

លោកបន្ថែមថា ទីតាំងប្រវត្តិសាស្រ្តទាំងនេះ គឺជាចំណែកដែលនៅស្ថិតស្ថេរយូរអង្វែង នៃបេតិកភណ្ឌវប្បធម៌យ៉ាងពិសេសរបស់ប្រទេសកម្ពុជា ដែលត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃនៅទូទាំងពិភពលោក។ សម្រាប់ការប្រកាសផ្តល់ជំនួយជាថវិកានៅនេះ ក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធនៅកម្ពុជាថវិកានេះនឹងជួយអភិរក្សប្រាសាទទាំងនេះសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

លោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការចុះហត្ថលេខានៅថ្ងៃនេះ បានបញ្ជាក់ពីការគាំទ្រយូរអង្វែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ ក្នុងការការពារ អភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌នៅកម្ពុជា។ លោកស្រីបន្តថា ទាំងនេះក៏បានបង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលឈរលើគុណតម្លៃរួម រវាងប្រទេសកម្ពុជា និងរដ្ឋាភិបាល និងប្រជាជនអាមេរិក នឹងបន្តមានភាពរឹងមាំបន្ថែមទៀត។

លោកស្រីបន្ថែមថា ចាប់តាំងពីឆ្នាំ២០០១មក សហរដ្ឋអាមេរិកបានផ្តល់មូលនិធិជាច្រើនសម្រាប់ជួសជុលប្រាសាទនៅកម្ពុជា ទប់ស្កាត់ការនាំវត្ថុបុរាណចេញដោយខុសច្បាប់។ ម្យ៉ាងទៀតក៏ជា សក្ខីភាពរវាងប្រជាជន និងប្រជាជន និងការចូលរួមថែរក្សាបេតិកភណ្ឌរមរតកវប្បធម៌ ។ លោកស្រីបន្តទៀតថា កន្លងមកនេះ ខ្មែរយើងមានអ្នកបច្ចេកទេសគ្រប់គ្រាន់ និងសហការជាមួយបរទេស សម្រាប់ការងារអភិរក្ស ក្នុងនោះមានប្រាសាទភាគច្រើនត្រូវបានជួសជុលដោយអ្នកជំនាញខ្មែរ ហើយសម្រាប់ថវិកាមួយចំនួនជាថវិកាជាតិ និងខ្លះទៀតជាជំនួយរបស់មិត្តភក្កិបរទេស មានដូចជា បារាំង ឥណ្ឌា ចិន ជប៉ុន អាមេរិក និងបណ្តាប្រទេសមួយចំនួនទៀត។

គួរឲ្យដឹងផងដែរថា មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ត្រូវបានបង្កើតឡើង ដើម្បីជួយអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗ។ នៅក្រោមជំនួយជាថវិកាពីមូលនិធិនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៤លានដុល្លារ ហើយមកដល់ប្រទេសកម្ពុជា ដោយគិតពីឆ្នាំ២០០១មក។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ថែមទាំងបានផ្តល់ជំនួយជាថវិកាផងដែរ សម្រាប់អភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗដទៃទៀត នៅព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here