សហគមន៍ ទេសចរណ៍អំពាវនាវដល់ភ្ញៀវ ឱ្យចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

0
7

ភ្នំពេញ៖ យោងតាមក្រសួងព័ត៌មានបានឲ្យដឹងថាអង្គការកម្មវិធីផ្លាស់ប្តូរអនុផលព្រៃឈើ ជំរុញសហគមន៍ទេសចរណ៍កោះ៣០ ជួយណែនាំភ្ញៀវទេសចរឱ្យចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីថែរក្សាការពារបរិស្ថាននៅតំបន់ធនធានធម្មជាតិមួយនេះ ឱ្យនៅតែរក្សាបានភាពស្អាតជាប់ជាប្រចាំ។

លោក ស៊ឹម ប៊ុនធឿន ប្រធានអង្គការកម្មវិធីផ្លាស់ប្តូរអនុផលព្រៃឈើ បានថ្លែងថា បច្ចុប្បន្នប្រទេសកម្ពុជា មានកំណើនប្រជាជន និងមានការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ធ្វើឱ្យប្រជាជនកម្ពុជា ផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់ស្លឹកឈូក ឬស្លឹកចេកក្នុងការវេចខ្ចប់អាហារ ក៏ដូចជាសម្ភារផ្សេងៗ ហើយបែរមកប្រើថង់ប្លាស្ទិកជំនួសវិញ ដែលបង្កការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ជីវចម្រុះនិងសុខភាពមនុស្សសត្វ។

លោកបន្តថា អង្គការកម្មវិធីផ្លាស់ប្តូរអនុផលព្រៃឈើ បានសហការជាមួយប្រជាសហគមន៍ ក៏ដូចជាយុវជននៅក្នុងតំបន់កោះ៣០នេះ ណែនាំឱ្យក្រុមបម្រើសេវាកម្ម អ្នកបម្រើម្ហូបអាហារ និងអ្នកបម្រើសេវាកម្មផ្សេងៗ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃប្លាស្ទិកដល់អ្នកដំណើរដែលចង់មកលេងកម្សាន្តនៅ តំបន់អេកូទេសចរណ៍កោះ៣០នេះ គឺមិនអនុញ្ញាតឱ្យពួកគាត់នាំយកប្លាស្ទិចចូលមកតំបន់នេះទេ។

លោកបន្ថែមថា អ្វីដែលសំខាន់ គឺយើងផ្សព្វផ្សាយទៅដល់ក្រុមបម្រើសេវា មិនអនុញ្ញាតឱ្យភ្ញៀវយកប្លាស្ទិក ឬដបទឹកសុទ្ធចូលទៅទេ នេះជាផ្នែកមួយដែលអង្គការកម្មវិធីផ្លាស់ប្តូរអនុផលព្រៃឈើបានផ្តល់ចំណេះដឹង និងពង្រឹងផ្នែកអេកូទេសចរណ៍ពិសេសទាក់ទងទៅនឹងការកាត់បន្ថយប្រើប្រាស់ជាតិប្លាស្ទិក។ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក គឺជាជម្រើសដ៏ល្អមួយ ព្រោះថាប្លាស្ទិកមួយអាចស្ថិតនៅក្រោមដីរយៈពេល១០ទៅ២០ឆ្នាំ អ៊ីចឹងវាមានផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់ជីវចម្រុះ ទើបយើងទាមទារឱ្យមានការយល់ដឹងនិងការចូលរួមពីសំណាក់ពលរដ្ឋគ្រប់រូប។

អង្គការកម្មវិធីផ្លាស់ប្តូរអនុផលព្រៃឈើ បានផ្សព្វផ្សាយជាមួយសហគមន៍ហើយ ហើយសហគមន៍ក៏ព្យាយាមយកទៅអនុវត្តន៍បន្ត បើសិនជាជ្រុលយកទៅហើយ គឺត្រូវវេចខ្ចប់យកត្រឡប់ទៅវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here