ភ្នំពេញ៖ ទីប្រឹក្សាសហគមន៍ទេសចរណ៍កម្ពុជា បានឲ្យដឹងថាភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តទៅតាមទីតាំងរមណីយដ្ឋានទាំងអស់ បានផ្លាស់ប្តូរឥរិយាបថជាច្រើន ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់ជាប្រចាំ ការប្រើអាល់កុលឬជែលលាងដៃ ជាពិសេសការរក្សាគម្លាតសង្គម ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា។
យោងតាមការក្រសួងព័ត៌មានបានឲ្យដឹងថា ភ្ញៀវទេសចរក្នុងស្រុកមានសន្ទុះងើបឡើងវិញបន្តិច បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងជំងឺកូវីដ-១៩ តាមវិធានការសុខាភិបាលបានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក។
លោក ហូរ វណ្ឌី ទីប្រឹក្សាសហគមន៍ទេសចរណ៍កម្ពុជា បានថ្លែងថា ដោយ មានការគ្រប់គ្រងយ៉ាងត្រឹមត្រូវ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងរយៈកាលកន្លងមក ឃើញថា កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុត សម្រាប់ដំណើរទស្សនាកម្សាន្ត នៅតំបន់ទេសចរណ៍នានា ក្នុងប្រទេសកម្ពុជា ទោះបីនៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក៏ដោយ។
លោកបន្ថែមថា កត្តាទាំងនេះហើយ បានធ្វើឱ្យសន្ទុះភ្ញៀវទេសចរក្នុងស្រុកកើនឡើងបន្តិច ដែលភាពច្រើនភ្ញៀវទេសចរ បានធ្វើដំណើរកម្សាន្តនៅតំបន់ភូមិភាគឦសាន្ត ដោយសារមានទេសភាពអំណោយផលបែបធម្មជាតិ ខ្យល់អាកាសល្អបរិសុទ្ធ មានទីតាំងកម្សាន្តបែបធម្មជាតិច្រើន ជាពិសេសហេដ្ឋារចនាសម្ពន្ធ័តភ្ជាប់ខ្វាត់ខ្វែង។
លោកបន្តថា ភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តទៅតាមទីតាំងរមណីយដ្ឋានទាំងអស់ បានផ្លាស់ប្តូរឥរិយាបថជាច្រើន ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់ជាប្រចាំ ការប្រើអាល់កុលឬជែលលាងដៃ ជាពិសេសការរក្សាគម្លាតសង្គម ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា។
លោក ហូរ វណ្ឌី ក៏បានឲ្យដឹងថា យើងឃើញថាឥរិយាបថមួយចំនួនរបស់ភ្ញៀវទេសចរ គឺធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសារ ហើយប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល រក្សានូវការពាក់ម៉ាស់ជាប្រចាំ ប្រើប្រាស់អាល់កុល ការលាងដៃជាមួយសាប៊ូ ជាពិសេសការរក្សាគម្លាតសង្គម ។ ហើយអ្វីដែលសំខាន់ទៀតនោះគឺ នៅតាមតំបន់ក៏ដូចជាកន្លែងដែលផ្គត់ផ្គង់សេវាកម្ម គឺអនុវត្តបានត្រឹមត្រូវតាមគោលការណ៍ ដោយមានការដាក់អាល់កុល ឧបករណ៍វាស់កម្ដៅជាហូរហែ ដែលនេះគឺជាការចូលរួមទប់ស្កាត់ដើម្បីប្រែក្លាយទៅជាឱកាសមាសវិញ សម្រាប់ម្ចាស់ទីតាំងទេសចរណ៍ទាំងអស់។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់ បានចុះផ្សាយរបាយការណ៍របស់ខ្លួនថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងចំណោម១៦៦ប្រទេសជុំវិញពិភពលោក៕