ភ្នំពេញ៖ បច្ចុប្បន្ននេះមានភ្ញៀវទេសចរទៅលេងកម្សាន្តនៅរមណីយដ្ឋានជ្រោះផ្អោកជាហូរហែ មិនថាថ្ងៃឈប់ សម្រាកពីការងារ ឬក៏បុណ្យទានផ្សេងៗ ដោយសារតែរមណីដ្ឋានមួយនេះ ជាកន្លែងដែលមានធម្មជាតិស្រស់បំព្រង មានកន្លែងងូតទឹក ហើយមានស្ពានដែក សម្រាប់ឱ្យភ្ញៀវទេសចរ ឈរថតទេសភាព ឬ មើលទេសភាពនៅពីលើនោះ។ នេះបើយោងតាមការឲ្យដឹងពីក្រសួងព័ត៌មាន។
លោក ឆូក ប៊ុនថន អនុប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានថ្លែងថា បច្ចុប្បន្ននេះមានភ្ញៀវទេសចរ មកលេងកម្សាន្តជាហូរហែ មិនថាថ្ងៃឈប់ សម្រាកពីការងារ ឬក៏បុណ្យទានផ្សេងៗ ដោយសារតែរមណីដ្ឋានជ្រោះផ្អោកមួយនេះ ជាកន្លែងដែលមានធម្មជាតិស្រស់បំព្រង មានកន្លែងងូតទឹក ហើយមានស្ពានដែក សម្រាប់ឱ្យភ្ញៀវទេសចរ ឈរថតទេសភាព ឬ មើលទេសភាពនៅពីលើនោះ។
លោកបន្ថែមថា ទីនោះវាពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់ ហើយថែមទាំងមាន កន្លែងសម្រាប់ឱ្យក្មេងលេង ដូចជា ផ្ទះពោង កន្លែងជិះសេះ និងល្បែងលេងកម្សាន្ត ជាច្រើនទៀត ពិសេសក៏មានកន្លែងរក្សាយានជំនិះ របស់ភ្ញៀវទេសចរបានស្រួលផងដែរ។
លោកបានបន្តថា ភាគច្រើនភ្ញៀវទេសចរចូលចិត្តមកលេងកម្សាន្តនៅទីនេះ ចាប់ពីខែ សីហា ដល់ខែតុលា ព្រោះនៅខែនេះ មានទឹកច្រើនសម្រាប់បងប្អូនងូតលេងកម្សាន្ត។
លោក ឆូក ប៊ុនថន បានប្រាប់ឲ្យដឹងទៀតថា រមណីយដ្ឋានជ្រោះផ្អោកហ្នឹង បើសិនជាខែភ្លៀងខ្លាំងវាមានទឹកធ្លាក់ ទឹកជ្រោះ វាអាស្រ័យទៅលើភ្លៀង បើមានភ្លៀងច្រើនគឺវាធ្លាក់ខ្លាំង ហើយមួយទៀតគឺនៅ ទីនោះមានត្បូង ដែលបងប្អូនប្រជាពលរដ្ឋយើងយកមកច្នៃលក់ ហើយក៏មានកន្លែងលក់ ម្ហូបអាហារនៅទីនោះ ដូចជា បាញ់ឆែវ និង មានម្ហូបកម្មង់ផ្សេងៗជាច្រើនទៀត សម្រាប់បម្រើដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅទីនេះទៀតផង។
លោកបានបន្តថា រមណីយដ្ឋានជ្រោះផ្អោក ក្រៅពីមានសេវាកម្មលក់ម្ហូបអាហារ ផ្លែឈើ និង ភេស្ជ:ជាច្រើនហើយ គឺថែមទាំងមានលក់វត្ថុអនុស្សាវរីយ៍ ដូចជាត្បូងជាច្រើន ផងដែរ ដោយត្បូងនោះរកដោយប្រជាជនដែលរស់នៅទីនោះផ្ទាល់តែម្តង។
គួរឲ្យដឹងផងដែរថា រមណីយដ្ឋានទឹកជ្រោះផ្អោក គឺជារមណីយដ្ឋានធម្មជាតិបែបកែឆ្នៃ មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ចម្ងាយប្រមាណជា៤៧គីឡូម៉ែត្រពីទីរួមខេត្តតាកែវ៕