នាយកសាលាអំពាវនាវដល់អាណាព្យាបាល សិស្សានុសិស្សកុំមានការភ័យខ្លាច នឹងសាលាដែលធ្លាប់យកធ្វើជាមណ្ឌលចត្តាឡីស័ក

0
8

បាត់ដំបង៖ នាយកសាលាអំពាវនាវដល់ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស ទាំងអស់ ថា ទោះបីជាសាលាបានយកធ្វើជាមណ្ឌលចត្តាឡីស័កក៏ដោយប៉ុន្តែមុននឹងអនុញ្ញាតឲ្យសិស្សចូលរៀន ក្រុមការងារបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ហើយ និងបានបាញ់ទឹកលាងសម្អាតរួចរាល់ផងដែរ។

លោក អេង ភារុណ នាយកវិទ្យាល័យព្រះមុនីវង្សបានអំពាវនាវដល់ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស ទាំងថា ទោះបីជាសាលាបានយកធ្វើជាមណ្ឌលចត្តាឡីស័កក៏ដោយប៉ុន្តែមុននឹងអនុញ្ញាតឲ្យសិស្សចូលរៀន ក្រុមការងារបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ហើយ និងបានបាញ់ទឹកលាងសម្អាតរួចរាល់ផងដែរ ។
លោកបន្តថា ខាងក្រុមការងារក៏ខិតខំប្រឹងប្រែង រិះរកមធ្យោបាយយ៉ាងណាដើម្បីឲ្យ មាតាបិតា អាណាព្យាបាល ព្រមទាំងសិស្សទាំងអស់មានជំនឿទុកចិត្ដ។

លោកបញ្ជាក់ថា សម្រាប់សាលាដែលយកធ្វើមណ្ឌលចត្តាឡីមែនប៉ុន្តែ ពលករទាំងអស់ដែលស្មាក់ចិត្ដមកធ្វើចត្តាឡីនៅក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យព្រះមុន្នីវង្សនេះគឺមិនមានបងប្អូនពលករវិជ្ជមានជំងឺកូវីដ១៩ ឡើយ។

លោកក៏បានឲ្យដឹងថា រាល់ឆ្នាំវិទ្យាល័យព្រះមុនីវង្ស មានសិស្សចូលរៀនរង្វង់ ៤០០០នាក់ ហើយឆ្នាំសិក្សាថ្មីក្នុងវិបត្តិកូវីដ១៩នេះ មានសិស្សប្រមាណ ៣៩០០នាក់ បានចុះឈ្មោះចូលរៀន តែនៅបន្តមានសិស្សកំពុងផ្ទេរមករៀនថែមទៀត ហើយឆ្នាំនេះគិតថា សិស្សក៏មានចំនួនដូចរាល់ឆ្នាំដែរ ខណ:សាលាបានតម្រូវឲ្យពួកគេ អនុវត្តនូវវិធានការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

យោងតាមសម្ដីលោក យី ស៊ុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានថ្លែងថា ចាប់តាំងពីបើកបវេសនកាល កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ មានសាលាចំនួន១៨ មិនទាន់អនុញ្ញាតឲ្យចូលរៀនបាន ក្នុងនោះមានសិស្សចំនួនជាង១៩០០០នាក់ និងគ្រូបង្រៀន ៧០៦នាក់ ព្រោះជាប់ធ្វើជាមណ្ឌលចត្តាឡីស័ក សម្រាប់ពលករទើបមកពីប្រទេសថៃ។

លោកបន្ថែមថា ដោយសារពលករបានបញ្ចប់ការធ្វើចត្តាឡីស័កមានសាលាចំនួន២ ត្រូវបានអនុញ្ញាតឲ្យសិស្សចូលរៀនវិញ ក្នុងនោះមានសាលាវិទ្យាល័យព្រះមុនីវង្ស ស្ថិតក្នុងក្រុងបាត់ដំបង និងសាលាវិទ្យាល័យជ្រៃ ស្ថិតក្នុងស្រុកថ្មគោល ខណ:សាលាជាប់ធ្វើមណ្ឌលចត្តាឡីស័កមួយចំនួនទៀត នឹងត្រូវបើកឲ្យសិស្សចូលរៀនវិញដែរនោះ នៅបំណាច់ខែមករា ឆ្នាំ២០២១នេះ តែនៅមានសាលារៀនចំនួន ៧ទៀត ស្ថិតក្នុងស្រុកជាប់ព្រំដែន មានស្រុកកម្រៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន មិនទាន់អនុញ្ញាតនោះទេ ព្រោះនៅជាប់ធ្វើមណ្ឌលចត្តាឡីស័ក ចំពោះពលករនៅឡើយ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសាមុទសាខ ប្រទេសថៃ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ មានពលករចូលតាមច្រកព្រំដែនខេត្តបាត់ដំបងមានជាង ២ ៨០០នាក់ បញ្ចប់ចត្តាឡីស័ក និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះចំនួន ១ ៣៤៧នាក់ បានធ្វើសំណាក ២ ៨២២នាក់ លទ្ធផលអវិជ្ជាមាន ២៨០២នាក់ ខណ:បច្ចុប្បន្នមានអ្នកជំងឺកូវីដ១៩ កំពុងសម្រាក់ព្យាបាលក្នុងមន្ទីរពេទ្យខេត្តចំនួន ១១នាក់។ ហើយមានមណ្ឌលចត្តាឡីស័កសរុបចំនួន១១ ក្នុងនោះមណ្ឌលសម្រាប់ទទួលពលករចូលតាមច្រកព្រំដែនខេត្តបាត់ដំបង មាននៅស្រុកកម្រៀង សំពៅលូន ភ្នំព្រឹក បវេល សំឡូត ឯកភ្នំ បាណន់ មន្ទីរពេទ្យបង្អែកខេត្ត និងមោងឫស្សី។ ដោយឡែកមណ្ឌលចត្តាឡីស័កមួយទៀត សម្រាប់ទទួលពលករចូលតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ និងខេត្តឧត្តមានជ័យ នៅវិទ្យាល័យអន្លង់វិល ស្ថិតក្នុងស្រុកសង្កែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here