ពលករខ្មែរមកពីថៃម្នាក់ ដួលបោកក្បាលស្លាប់ពេលរៀបចំ បញ្ជូនទៅធ្វើចត្តាឡីស័ក

0
10

ភ្នំពេញ៖ តាមការឲ្យដឹងពីរដ្ឋបាលខេត្ដបន្ទាយមានជ័យ មានពលករម្នាក់បានឆ្លងដែនមកពីប្រទេសថៃតាមច្រកចំបក់ ស្ថិតក្នុងស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ក្រោយពីក្រុមការងាររៀបចំរថយន្ដកងទ័ពដឹកទៅកាន់មណ្ឌលចត្តាឡីស័កហើយក៏ដួលបោកក្បាលនឹងថ្មស្លាប់ពេល បញ្ជូន ទៅ កាន់ មន្ទីរពេទ្យ។

យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្ដបន្ទាយមានជ័យនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១បានឲ្យដឹងថា    នៅព្រឹកថ្ងៃទី១៨ ខែមករា មានករណីបុរសជាពលករខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅដ្ឋានភូមិដុងអារញ្ញ  ឃុំនិមិត្ត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ បានទទួលមរណភាព។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ពលករខាងលើបានចូលមកប្រទេសកម្ពុជា តាមច្រកព្រំដែនចំបក់ ស្ថិតក្នុងស្រុកម៉ាឡៃ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៧ ខែមករា។ ក្រោយពីក្រុមការងារសាកសួរព័ត៌មានរួច ក៏ឲ្យពលករទាំងអស់ទៅយកឥវ៉ាន់ដើម្បីឡើងរថយន្តកងទ័ពប្រចាំការនៅប៉ុស្ដិ៍ចំបក់ ដឹកទៅកាន់មណ្ឌលចត្តាឡីស័ក ស្រាប់តែបុរសខាងលើដើរទៅបត់ជើងតូច ជំពប់ជើងដួលលើថ្មបណ្ដាលឲ្យបែកក្បាល។

ភ្លាមនោះបុរសជាពលករដែលបានរួមដំណើរជាមួយគ្នា បានទៅជួយលើក បុរសដែលដួលឲ្យអង្គុយហើយសួនាំទើបបុរសនោះប្រាប់ថា ខ្លួនអស់កំលាំង ហើយបានហូបស្រាបៀរ២ដប ភ្លាមៗនោះ ក្រុមការងារក៏បានយកក្រមាចងទប់ឈាមត្រង់មុខរបួសហើយហៅរថន្ដយសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ ដើម្បី ដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ។ ក្រោយពីបញ្ជូនមកដល់មន្ទីរពេទ្យម៉ោងប្រហែល ១២:០០អាធ្រាត្រ ក្រុមគ្រូពេទ្យបានពិនិត្យ ដេរនិងលាងរបួសរួចរាល់តាមបច្ចេកទេសពេទ្យផងដែរ។

រហូតដល់ម៉ោង៥ទៀបភ្លឺអ្នករបួសក៏មានអាការៈវិលមុខ ឈឺក្បាល ក្អួត រួចក៏សន្លប់បាត់ស្មារតី ភ្លាមៗនោះក្រុមគ្រូពេទ្យក៏បានពិនិត្យ ដឹងថាស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរទើបរៀបចំបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ព្រោះទីនោះជាមន្ទីរពេទ្យកម្រិត២ ហើយមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃត្រឹមជាមន្ទីរពេទ្យកម្រិត១ប៉ុណ្ណោះ។ ពេលដឹកអ្នកជំងឺដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ក្រុមគ្រូពេទ្យបានពិនិត្យ ហើយប្រាប់ឲ្យដឹងថា អ្នកជំងឺបានបាត់បង់ជីវិតមុនពេលមកដល់មន្ទីរពេទ្យទៅហើយ។

រដ្ឋបាលខេត្ដបន្ទាយមានជ័យសូមបញ្ជាក់ថា ករណីពលករបាត់បង់ជីវិតខាងលើមិនពាក់ព័ន្ធនឹងមណ្ឌលចត្តាឡីស័កណាមួយឡើយ ហើយក៏មិនមែនជាករណីស្លាប់ដោយសារកូវីដ១៩ នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here