បញ្ជូនបុរសម្នាក់ ទៅសាលាដំបូងខេត្តព្រះវិហារ ពីបទកាប់គាស់រុករានដីព្រៃ និងប្រើប្រាស់អាវុធកែច្នៃដោយខុសច្បាប់

0
8

ភ្នំពេញ៖ ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ លើបុរសអាយុ៤៦ឆ្នាំ ដែលបច្ចុប្បន្នរស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ពីបទកាប់គាស់រុករានដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ និងប្រើប្រាស់អាវុធកែច្នៃដោយខុសច្បាប់ ដែលផ្ទុយពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ (មាត្រា៦២ ចំណុច១ និងមាត្រា៦១ ចំណុច៦) នៅត្រង់ចំណុចព្រៃត្រពាំងសង្កែឡាក់ ស្ថិតក្នុងភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ វត្ថុតាងរឹបអូស រួមមាន រណាយន្ត០១គ្រឿង អាវុធកែច្នៃ០១ដើម ថ្នាំសំលាប់ស្មៅ០១ធុង និងម៉ូតូ០១គ្រឿង មករក្សាទុកនៅទីចាត់ការតាកឹងជាបណ្តោះអាសន្ន។

នៅថ្ងៃដដែល មន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ និងតំបន់បេតិកភណ្ឌធម្មជាតិ-ភ្នំត្បែង បានចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយជាលទ្ធផល បានរុះបំផ្លាញចោលរោងស្នាក់កាប់ឈើ០២កន្លែង(មួយប្រក់តង់ និងមួយសង់ពីឈើ) របស់អញ្ញាត្តជន និងដកហូតរណាយន្ដ០២គ្រឿង ពីបុរសជាជនសង្ស័យ ហើយបានធ្វើកិច្ចសន្យា និងអប់រំណែនាំច្បាប់ស្តីពីតំបន់ការពារធម្មជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here