កោះតាឃួន មានទេសភាពជាច្រើនទាក់ទាញដល់ភ្ញៀវទេសចរ

0
5

ភ្នំពេញ៖ កោះតាឃួន ជាកោះមួយក្នុងចំណោមកោះជាច្រើនទៀតនៅក្នុងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ដែលស្ថិត នៅក្នុងភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា លើកោះនេះមានទេសភាព ជាច្រើនទាក់ទាញភ្ញៀវទេសចរ នៅពេលមកលេងដល់កន្លែងនេះ។

កោះតាឃួន មានចំងាយប្រហែល២២ គីឡូម៉ែតពីក្រុងស្ទឹងត្រែងតាមផ្លូវជាតិលេខ ៧ ឆ្លងកាត់តាមស្ពានសេកុង និងអាចទៅតាមផ្លូវជាតិលេខ ៩ ដោយឆ្លងកាត់តាមស្ពានមេគង្គ ប្រហែល ២៥ គីឡូម៉ែត ដោយប្រើមធ្យោបាយ ឡាន ម៉ូតូ និងកាណូត។ កោះតាឃួន មានទំហំទទឹងប្រហែល ៧០ម៉ែត និងបណ្តោយប្រហែល ១០០ ម៉ែត ហើយមានឆ្នេរខ្សាច់ស្រស់ស្អាតលាតសន្ធឹងល្វឹងល្វើយគួរជាទីគយគុន។ ឆ្នេរខ្សាច់នេះមានរាងជាថ្នាក់ៗ និងមានដើមជ្រៃតូចៗដុះជាគុម្ពដែលផ្តល់ជាម្លប់ និងជាជម្រក ហើយអាចបោះតង់ និងរៀបចំកម្មវិធីនានាបាន។ ចំណែកទឹកទន្លេវិញ មានពណ៌ខៀវស្រងាត់ មានទឹកហូររិចៗ និងមានជម្រៅរាក់ៗ ដែលអាចងូតទឹកលេងបានយ៉ាងសប្បាយ។
ពេលយើងមកលេងលើកោះ ក៏អាចមើលថ្ងៃលិចនៅពេលល្ងាច និងថ្ងៃរះនៅពេលព្រលឹមយ៉ាងស្រស់ស្អាត ហើយអាចមើលសត្វស្លាបទឹកជាច្រើនប្រភេទ និងមើលពីសកម្មភាពនេសាទរបស់ប្រជាសហគមន៍បានផងដែរ។ នៅលើកោះក៏មានការដាំដំណាំមួយចំនួនផងដែររបស់ប្រជាសហគមន៍ដូចជា ដំណាំឪឡឹក ដែលពួកគាត់ទុកសម្រាប់ហូប និងលក់នៅលើទីផ្សារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here