សម្ដេច ស ខេង៖ បញ្ហាអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់ នៅតែជាក្ដីកង្វល់ ដែលទាមទារត្រូវដោះស្រាយជាចំបាច់

0
7

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបញ្ហាគ្រឿងញៀន នៅតែជាក្ដីកង្វល់ចំពោះមុខ ដែលទាមទារឲ្យភាគីពាក់ព័ន្ធ ត្រូវដោះស្រាយប្រកបដោយយុត្តិធម៌ និងត្រឹមត្រូវបំផុត។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងកម្មវិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

សម្ដេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបញ្ហាគ្រឿងញៀន នៅតែជាកង្វល់ចំពោះមុខរបស់យើងនៅឡើយ។ បញ្ហាទាំងអស់នេះ ទាមទារឱ្យយើងទាំងអស់គ្នាជាអ្នកពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងពុះពារជំនះ និងដោះស្រាយប្រកបដោយយុត្តិធម៌ និងកាន់តែមានប្រសិទ្ធភាពថែមទៀតដើម្បីឱ្យប្រជាជនយើង ជាពិសេសស្ត្រីកម្ពុជាដែលមានចំនួន រហូតដល់៥២ភាគរយ នៃប្រជាជនសរុបរស់នៅប្រកបដោយការគោរពសិទិ្ធ សេចក្តីសុខ និងសុវត្ថិភាពក្នុងជីវិត និងភាពសុខដុមរមនាក្នុងសង្គម»។

សម្ដចក្រឡាហោម បន្ដថា ដើម្បីសម្រេចបានគោលបំណងនេះ រាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី១ ទី២ ទី៣ និងទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ កម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គោលនយោបាយ និងកម្មវិធីតាមវិស័យ ជាពិសេស ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលលក្ខណៈសម្បតិ្តទី៣ចែងថា «គ្មានអំពើអនាចារ ការជួញដូរស្រ្តីនិងកុមារ និងអំពើហិង្សាក្នុងគ្រួសារ » ព្រមទាំង បានបង្កើតយន្តការ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងផែនការសកម្មភាពជាតិនានា ដើម្បីឆ្លើយតបចំពោះអំពើហិង្សាគ្រប់ទម្រង់លើស្រ្តី និងក្មេងស្រី និងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្តល់ សេវាជាពហុវិស័យជួយស្រ្តីរងគ្រោះ ដោយអំពើហិង្សាឱ្យបានទាន់ពេលវេលា។

សម្ដេចក្រឡាហោម បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក៏បាននឹងកំពុងបន្តបោះជំហានទៅមុខលើទិសដៅ ដ៏ត្រឹមត្រូវ និងប្រកបដោយយុទ្ធសាស្រ្តក្នុងការពង្រឹងស្ថាប័ន និងកិច្ចការពារដល់ប្រជាពលរដ្ឋ ជាពិសេសគឺផ្តោតការយកចិត្ត ទុកដាក់ខ្ពស់ទៅលើស្រ្តី និងកុមារនៅកម្រិតសហគមន៍ដើម្បីធានា នូវសិទ្ធិស្មើភាពគ្នារវាងស្រ្តីនិងបុរស។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា «យើងជឿជាក់ថា ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣នេះ នឹងក្លាយជាផែនទីតម្រង់ទិសដ៏ស័ក្តិសិទ្ធិមួយ ដែលនឹងជួយជំរុញបន្ថែមទៀតក្នុងការអនុវត្តការងារទប់ស្កាត់និងលុបបំបាត់អំពើហិង្សាលើស្រ្តីគ្រប់ទម្រង់ឱ្យកាន់តែសម្រេចបានឆាប់រហ័សតាមការរំពឹងទុក»៕

LEAVE A REPLY

Please enter your comment!
Please enter your name here