រដ្ឋមន្ត្រីមហាផ្ទៃ៖ រយៈពេល ១០ឆ្នាំកន្លងមក ការងារអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទទួលបានជោគជ័យធំណាស់

0
7

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងរយៈពេល១០កន្លងមក ចាប់ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០២០ ការងារគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទទួលបានជោគជ័យយ៉ាងធំធេង ហើយក៏មានបញ្ហាខ្លះ ដែលភាគីពាក់ព័ន្ធ ត្រូវរួបរួមគ្នាដោះស្រាយបន្ដទៀត ដើម្បីឲ្យកាន់តែទទួលជោគជ័យបន្ថែមទៀត។

ក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពីហិង្សាលើស្ត្រី ២០១៩-២០២៣ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា សម្ដេច ស ខេង បានឲ្យដឹងថា នាពេលកន្លងមក គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ភាគីពាក់ព័ន្ធបានរួមគ្នាដោះស្រាយទទួលបានជោគជ័យគួរឲ្យកត់សំគាល់ តាមរយៈការបូកសរុបលទ្ធការងារ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្ដេចបញ្ជាក់ថា «យើងឃើញថា ក្នុងរយៈពេល១០ឆ្នាំ ឆ្នាំ២០១០-២០២០ គឺលទ្ធផលនៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពនេះ គឺទទួលបានជោគជ័យធំណាស់។ប៉ុន្ដែទោះបីយ៉ាងណាយើង ឃើញថា នៅមានបញ្ហាខ្លះដែលនៅតែជាបញ្ហា ហើយអាចធំជាងពីមុនថែមទៀត»។

សម្ដេចក៏បានលើកជាឧទាហរណ៍ថា ដូចជា បញ្ហាគ្រឿងញៀន ក៏ស្ថិតនៅក្នុងកម្មវិធីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ក្នុងការអនុវត្តនាពេលកន្លងទៅ ទទួលបានលទ្ធផលច្រើន ហើយចំនួនចាប់ជនល្មើសជួញដូរគ្រឿងញៀន និងវត្ថុតាងគ្រឿងញៀនមកដាក់ទោសក៏បានកាន់តែច្រើនដែរ ប៉ុន្ដែមិនទាន់ធូរស្រាល។ សម្ដេចក្រឡាហោម បន្ដថា បញ្ហាខ្លះត្រូវដកចេញពីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីដាក់បញ្ចូលបញ្ហាបច្ចុប្បន្នភាពវិញ។

ជាមួយគ្នានោះដែរសម្ដេច ស ខេង ក៏បានកោតសរសើរ ចំពោះក្រុមការងារអន្តរក្រសួងឆ្លើយតបទៅ នឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលមានក្រសួងកិច្ចការនារីជាអ្នកសម្របសម្រួល ក្នុងការរៀបចំឡើងវិញនូវផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពីហិង្សាលើស្ត្រីដ៏មានសារៈប្រយោជន៍នេះ ដើម្បីជំរុញការអនុវត្តឱ្យសម្រេច បាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានចាត់ទុកការលុបបំបាត់អំពើហិង្សាលើស្ត្រជាការងារអទិភាព។

សម្ដចបន្ថែមថា គ្រប់ក្រសួងស្ថាប័នរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិល ត្រូវតែចូលរួមអនុវត្តឱ្យបាន ម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយដើម្បីទប់ស្កាត់ លុបបំបាត់គ្រប់ទម្រង់នៃអំពើហិង្សាលើស្រ្តី និងក្មេងស្រី និងការពារជនរងគ្រោះឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព សំដៅអភិវឌ្ឍធនធានមនុស្សដែលជាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេស និងធានាកិច្ចអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារសមធម៌ និងប្រសិទ្ធភាព ដែលមានចំណងជើង កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here