សម្ដេចតេជោ ឯកភាពឲ្យចាត់វិធានការចំពោះអ្នករំលោភដីធ្លី របស់រដ្ឋនៅខេត្តមណ្ឌលគិរី

0
7

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានឯកភាពជាគោលការណ៍ឲ្យ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលរំលោភដីធ្លីរបស់រដ្ឋនៅខេត្តមណ្ឌលគិរីដើម្បីសើរើ និងដកហូតមកវិញនូវការទន្ទ្រានយកទៅកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនលើដីមួយចំនួន ដែលជាដីត្រូវបានធ្វើសម្បទានសេដ្ឋកិច្ចសម្រាប់ដាំដើមស្រល់នៅក្នុងស្រុកអររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សម្តេចតេជោ ហ៊ុន សែន បានចារឯកភាពលើលិខិតស្នើសុំរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

យោងតាមលិខិតរបស់ក្រសួងកសិកម្មបានឲ្យដឹងថា ផ្ទៃដីដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន វូជីសាន និងក្រុមហ៊ុន ហួរ លីង វិនិយោគដាំដើមស្រល់ស្ថិតនៅក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនោះ ត្រូវបានរំលោភកាន់កាប់ខុសច្បាប់ជាហូរហែយ៉ាងអនាធិបតេយ្យអស់ជាច្រើនពាន់ហិកតា តាមរយៈការរំលោភទន្ទ្រានយកកាន់កាប់ពីជនមួយក្រុមតូចបំពានសិទ្ធិស្របច្បាប់ ដោយគ្មានខ្លាចរអែងច្បាប់ និងក្រុមហ៊ុនវិនិយោគ។ដីដែលគេរំលោភកាន់កាប់នេះ ទីតាំងខ្លះមានការបញ្ជាក់ទិញ-លក់ដីពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់របស់អាជ្ញាធរមូលដ្ឋានកន្លែងខ្លះទៀតមានទាំងបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុទៀតផង។ ជាមួយគ្នានេះ ផ្ទៃដីព្រៃធម្មជាតិដែលបានរក្សាទុកការពារតាមជ្រលងដងអូរក្នុងតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំងពីរនេះ ក៏ត្រូវទទួលរងការកាប់រានទន្ទ្រានយក ធ្វើជាកម្មសិទ្ធិខុសច្បាប់ផងដែរ។

ក្រៅពីព្រៃស្រល់ និងព្រៃធម្មជាតិនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងពីរខាងលើ ក៏មានការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធវាតយកធ្វើជាកម្មសិទ្ធិខុសច្បាប់នូវដីចម្ការឈើស្រល់របស់រដ្ឋ និងដីចម្ការឈើស្រល់ ដែលព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងដាំក្នុងពិធីរុក្ខទិវាជាតិឆ្នាំ២០០៥ផងដែរ។

លោក វេង សាខុន បានសង្កត់ធ្ងន់ថា ទីតាំងខ្លះដែលគេបានទន្ទ្រានយកនេះ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងលិខិតកាន់កាប់ទៀតផង។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពតាមសំណើរចំនួន៤ចំណុច របស់រដ្ឋមន្រ្តីក្រសួងកសិកម្មដូចខាងក្រោម៖

១៖ រដ្ឋបាលខេត្តត្រូវចេញលិខិតនិរាករណ៍លិខិតទាំងឡាយណា ដែលចេញដោយអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត មានភាពមិនស្របតាមនីតិវិធីពេញលេញកន្លងមក និងត្រូវចេញដីកាដកហូតដីទាំងនេះមកជាសម្បត្តិរដ្ឋវិញ។

២៖ រដ្ឋបាលខេត្តត្រូវសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យលើ៖ ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងការរៀបចំឯកសារក្លែងក្លាយ, ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលរឹងទទឹង ឬពុំព្រមអនុវត្តស្របគាមវិធាននានា ដែលអាជ្ញាធរដាក់ចេញកន្លងមក និងនៅជាធរមាន, ចំណាត់ការផ្លូវច្បាប់លើអ្នកចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមិនប្រក្រតីលើដីស្ថិតក្នុងដែនសមត្ថកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ចំណាត់ការផ្លូវច្បាប់លើរាល់ការបំប្លែងដីរដ្ឋ នៅក្នុងដែនសមត្ថកិច្ចក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកជាដីកម្មសិទ្ធិឯកជនមិនមានប្រក្រតីភាព ដោយមិនបានសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

៣៖ រដ្ឋបាលខេត្តត្រូវរៀបចំផែនការសកម្មភាព ដើម្បីបើកយុទ្ធនាការបោសសំអាតទ្រង់ទ្រាយធំ លើការរំលោភទន្ទ្រាន ហ៊ុមព័ទ្ធយកដីរដ្ឋខុសច្បាប់តាមគ្រប់រូបភាព ដោយមានកិច្ចសហការគាំទ្រចូលរួមពីកម្លាំងចម្រុះថ្នាក់ជាតិ។

៤៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពិនិត្យលទ្ធភាពអាចស្នើធ្វើនិយ័តកម្ម ឬប្តឹងទៅតុលាការមោឃភាពចំពោះវិញ្ញាបនបត្រសម្គាល់អចលនវត្ថុដែលមិនបានបំពេញនីតិវិធីពេញលេញនៅជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here