ភ្នំពេញ៖ តបតាមការអញ្ជើញលោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេដារ៉ូសាឡឹម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងរៀបចំឡើង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ឋវីដេអូ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២០ មករានេះ បានឲ្យដឹងថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិនិត្យមើលការអនុវត្តផែនការ ការងារនានាដែលសម្រេច ដោយថ្នាក់ដឹកនាំនៅក្នុង កិច្ចប្រជុំកំពូលអាស៊ានលើទី៣៧ ស្ដីពីការពិនិត្យមើលឡើងវិញ នូវផែនការលំអិតរបស់អាស៊ាន វិធីនិងមធ្យោបាយនានា ដើម្បីសម្រេចបាននូវការ កសាងសហគមន៍អាស៊ាន ដោយផ្អែកលើបរិបទសកលលោក នាពេលបច្ចុប្បន្ន និងជំងឺរាតត្បាតជាសកលកូវីដ-១៩ និងកំណត់ទិសដៅចក្ខុវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។
រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងពិភាក្សាផងដែរ អំពីផែនការស្តារសេដ្ឋកិច្ចអាស៊ាន ក្រោយពីជំងឺកូវីដ-១៩ ព្រមទាំងការប្រាស្រ័យទាក់ទង ជាមួយនឹងសហគមន៍ពិភពលោក។
ប្រទេសប៊្រុយណេដារ៉ូសាឡឹម នឹងដឹកនាំដំណើរការអាស៊ាននាឆ្នាំនេះ ក្រោមមូលបទ«យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចំរើន» ជាមួយនឹងចំណុចអាទិភាពគន្លឹះចំនួនបី ដែលផ្តោតជាសំខាន់ទៅលើ ១) ប្រកាន់ខ្ជាប់នូវវប្បធម៌យកចិត្តទុកដាក់របស់អាស៊ាន ២) ត្រៀមលក្ខណៈ និងសម្របខ្លួនសម្រាប់ពេលអនាគត និង ៣) បង្កើតឱកាសសម្រាប់កាលានុវត្តភាព របស់ប្រជាជនអាស៊ាន៕